អានតួអត្ថបទ
កម្ពុជា-នយោបាយ

ពលរដ្ឋខ្មែរនៅក្រៅប្រទេសទាមទារឲ្យដោះលែងអ្នកទោសមនសិកា

ដូច​រាល់​ដង​ដែរ ពល​រដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​បាន​ធ្វើ​បាតុកម្ម​ជា​ថ្មី​ទៀត​នៅថ្ងៃ​ទី​២៣​កញ្ញា​ ប្រឆាំង​វត្ត​មាន​ប្រ​មុខ​រដ្ឋាភិបាល​កម្ពុជា​ដែល​ទៅ​ចូល​រួម​មហា​សន្និបាត​អង្គ​ការ​សហ​ប្រជា​ជាតិ​ ដោយ​ទាម​ទារ​ឲ្យ​ដោះ​លែង​អ្នក​ទោស​មន​សិកា​នៅ​កម្ពុជា​។ ​ក៏ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណ​បក្ស​កាន់​អំណាច ​ចាត់​ទុក​ថា ​បាតុកម្ម​នេះ​​មិន​មាន​ឥទ្ធិពល​អ្វី​មក​លើ​រដ្ឋាភិ​បាល​កម្ពុជា​នោះ​ឡើយ ហើយ​គ្មាន​ប្រយោជន៍​អ្វី​ដល់​ប្រទេស​ជាតិ​នោះ​ដែរ​ តែ​ធ្វើ​ឲ្យ​ខូច​មុខ​មាត់​ខ្មែរ​នៅ​លើ​ឆាក​អន្តរ​ជាតិ​ទៅ​វិញ​ទេ​។

ពលរដ្ឋខ្មែរនៅក្រៅប្រទេសទាមទារឲ្យដោះលែងអ្នកទោសមនសិកា នៅថ្ងៃទី​២៣​ ខែកញ្ញា ឆ្នាំ​២០២២
ពលរដ្ឋខ្មែរនៅក្រៅប្រទេសទាមទារឲ្យដោះលែងអ្នកទោសមនសិកា នៅថ្ងៃទី​២៣​ ខែកញ្ញា ឆ្នាំ​២០២២ © Internet
ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋខ្មែរ​នៅក្រៅប្រទេសរាប់រយនាក់បានធ្វើបាតុកម្មរួមគ្នាជាមួយនឹងជនជាតិភូមា នៅថ្ងៃទី២៣កញ្ញា នៅក្បែរទីស្នាក់​ការ​អង្គការ​សហប្រជាជាតិ ក្នុងបុរីញូវយ៉ក ជាទីដែលមេដឹកនាំរដ្ឋាភិបាល​នៃប្រទេសនានាឡើង​ថ្លែង​ការណ៍ សម្រាប់​មហាសន្និបាត​អង្គការសហប្រជាជាតិ លើកទី៧៧។

ដូចរាល់ដងដែរ ពលរដ្ឋខ្មែរដែលតាំងខ្លួនជាអ្នកប្រឡាញ់ប្រជាធិបតេយ្យ​បាននាំគ្នាធ្វើបាតុកម្មនៅក្រៅ​របង​អង្គការសហប្រជាជាតិ ដើម្បីទាមទារ​ឲ្យការស្តារលិទ្ធិប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស​ គោរព​នីតិរដ្ឋ​ និងដោះលែងអ្នកទោសមនសិកាទាំងអស់ដោយឥតលក្ខណ្ឌ។ តែបាតុកម្មរបស់ពលរដ្ឋខ្មែរ​ប្រឆាំង​វត្តមានលោក​នាយក​រដ្ឋមន្ត្រី​លើកនេះ ​គឺមានចំនួនតិចជាងលើកមុនៗ ខណៈលោកប្រមុខរដ្ឋាភិបាល​ខ្មែរ​ក៏មិនបាន​ប្រមូលផ្តុំអ្នកគាំទ្រដូចរាល់ដង។

លោក សម រង្ស៊ី ប្រមុខបក្សប្រឆាំងដែលស្ថិតនៅលើទឹកដីសហរដ្ឋអាមេរិក​តាំងពីមុនពេល លោក ហ៊ុន សែន ទៅដល់ គឺ​មិនបានបង្ហាញវត្តមាន​ជាមួយពលរដ្ឋ​ដែលធ្វើ​បាតុកម្មនោះឡើយ ខណៈដែល​មនុស្សស្និទនឹងលោកដូចជា លោក ម៉ែន សុថាវរិន្ទ លោក ឡុង រី លោក នុត រំដួល ជាដើម បាន​ទៅចូលរួមបាតុកម្មជាមួយពលរដ្ឋខ្មែរដែរ។

លោក មាជ សុវណ្ណរ៉ា ជាតំណាងពលរដ្ឋខ្មែរ​ម្នាក់​ដែលបានឡើងរាយការណ៍ពីស្ថានភាពប្រទេស​កម្ពុជា​​នៅចំពោះ​មុខ​សន្និបាត​អង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន បានប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIថា បាតុកម្ម​របស់​ពលរដ្ឋខ្មែរ​នេះគឺជាការសំដែង​មតិ​ដែលច្បាប់​សហរដ្ឋអាមេរិកអនុញ្ញាត។

ពលរដ្ឋខ្មែរ​សញ្ជាតិអាមេរិកាំងរូបនេះ​​ថ្លែងថា ការ​ដែលពលរដ្ឋខ្មែរ​ធ្វើបាតុកម្ម​នេះ​គឺ​ដោយសារតែពួកគេចង់ឃើញប្រទេស​កម្ពុជាមានការគោរពសិទ្ធិមនុស្ស អ្នកនយោបាយ​មានសេរីភាពស្មើគ្នា​ចូលចូលរួមប្រកួតប្រជែង ហើយមិនត្រូវបានគំរាមកំហែង ឬចាប់ដាក់ពន្ធនាគារ។

ក៏ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា ចាត់ទុកថា បាតុកម្មនេះ ​មិនមានឥទ្ធិពលអ្វីមកលើ​រដ្ឋាភិបាល​កម្ពុជានោះឡើយ ហើយគ្មានប្រយោជន៍អ្វី​ដល់​ប្រទេសជាតិទេ តែ​ធ្វើ​ឲ្យខូច​មុខមាត់ខ្មែរ​នៅលើ​ឆាកអន្តរជាតិទៅវិញទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ