អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ADB រក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ និងបន្ទាបការព្យាករនៅឆ្នាំក្រោយ

ធនាគារ​អភិវឌ្ឍន៍​អាស៊ី(ADB) នៅថ្ងៃទី ២១​ ខែកញ្ញានេះ​ បានរក្សា​ការព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅកម្រិត​ ៥,៣%​ ក្នុងឆ្នាំ ​២០២២​ ប៉ុន្តែ​បាន​បន្ទាប​ការព្យាករ​ឆ្នាំ ២០២៣ ​ពី ៦,៥% ​មកនៅត្រឹម ៦,២%។ ​ ការបន្ទាប​ការព្យាករ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ ២០២៣​ គឺដោយសារ​តែការ​ចុះខ្សោយ​ នៃកំណើន​សេដ្ឋកិច្ច​ពិភពលោក។​

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)
ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) © Internet
ផ្សាយពាណិជ្ជកម្ម

នៅក្នុងរបាយការណ៍ចំនួន២ទំព័រ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នៅតែដាក់ក្តីរំពឹងខ្ពស់មកលើកំណើនសេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០២២ ក្នុងរង្វង់ ៥,៣% ដដែល ដោយសាការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើងរបស់កម្ពុជានៅតែរឹងមាំ វិស័យកម្មន្តសាលមិនមែនកាត់ដេរក៏បន្តសន្ទុះរឹងមាំ គួបផ្សំនិងការងើបឡើងវិញជាបណ្តើរៗនៃវិស័យសំណង់។ ក៏ប៉ុន្ដែ ADB បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២៣ ពី ៦,៥% មកនៅត្រឹម ៦,២% ពីព្រោះកម្ពុជាប្រឈមនឹងបញ្ហាអតិផរណាខ្ពស់ជាងការរំពឹងទុក ដែលបណ្ដាលមកពីការឡើងថ្លៃនៃប្រេងឥន្ធនៈដោយសារសង្គ្រាមនៅអ៊ុយក្រែន។

លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជា បានអះអាងថា ការកើនឡើង នៃការនាំចេញផលិតផលកម្មន្តសាលរបស់កម្ពុជា និង ការងើបឡើងវិញបន្តិចម្តងៗក្នុងវិស័យសំណង់ និង សេវាកម្មបានជួយដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២២ ទោះបីជាមានការថយចុះ នៃកំណើនវិស័យកសិកម្ម ដែលបណ្តាលមកពីការកើនឡើង នៃថ្លៃប្រេងឥន្ធនៈ និង ជី និងភ្លៀងធ្លាក់ខ្លាំងក៏ដោយ។

នាយិកា ADB ប្រចាំកម្ពុជារូបនេះបន្ដថា អន្តរាគមន៍សេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល ដូចជាការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ បាននិងកំពុងមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងថ្លៃទំនិញលើពិភព លោក សម្រាប់ពលរដ្ឋក្រីក្រ។

គួរជម​រាបជូនថា បច្ចុប្បន្ន ADB កំពុងអនុវត្តគម្រោងវិនិយោគដែលមានទឹកប្រាក់ ២,៤៣ពាន់លានដុល្លារនៅកម្ពុជា។ ចំណែកប្រាក់កម្ចីត្រៀមរបស់ ADB សម្រាប់កម្ពុជាឆ្នាំ ២០២២-២០២៥ រួមមាន ការផ្តល់កម្ចីសម្បទានចំនួន១,១៧ពាន់លានដុល្លារអាមេរិក និង ជំនួយចំនួន ៤៣,៩ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា និងស្តារឡើងវិញពី ជំងឺរាតត្បាតកូវីដ-១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ