អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន គ្មានគម្រោងជួបអ្នកគាំទ្រ ខណៈក្រុមប្រឆាំងក៏គ្មានគម្រោងធ្វើបាតុកម្ម

ប្រមុខរដ្ឋាភិបាល​កម្ពុជា ប្រកាសថា លោកមិនមានគម្រោង​ជួបសំណេះសំណាល​ជាមួយក្រុមអ្នក​គាំទ្រ​នៅសហរដ្ឋអាមេរិក និងកាណាដា ដូចរាល់ដងទេ នៅពេល​ដែល​លោកទៅទស្សនកិច្ចនៅទីក្រុងញូយ៉កនៅសប្តាហ៍នេះ។ ការដែលលោក ហ៊ុន សែន គ្មានគម្រោង​ប្រមូល​ផ្តុំអ្នកគាំទ្រ​នៅក្រៅប្រទេសនេះ គឺនៅខណៈដែលគម្រោង​បាតុកម្ម​របស់​ក្រុមប្រឆាំងនៅក្រៅប្រទេសក៏មិនទាន់​ឃើញលេចឭនៅឡើយ បើទោះបីជា លោក សម រង្ស៊ី បានទៅដល់សហរដ្ឋអាមេរិកច្រើនថ្ងៃហើយនោះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © FB
ផ្សាយពាណិជ្ជកម្ម

ជារឿងចម្លែកមួយដែរ ដែលនាយក​រដ្ឋមន្ត្រីកម្ពុជា សូមការអធ្យាស្រ័យ​ពីសំណាក់​ពលរដ្ឋ​ខ្មែរ​នៅសហរដ្ឋអាមេរិក និងកាណាដា ដោយសារតែលោកមិនអាចរៀបចំការជួបជុំជាមួយក្រុមអ្នកគាំទ្រ ដូចរាល់ដង​ នៅពេល​ដែល ​លោក ហ៊ុន សែន បានទៅទស្សនកិច្ចនៅក្រៅប្រទេស ពិសេសនៅអាមេរិក និងនៅអឺរ៉ុប។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវចេញដំណើរទៅកាន់ទឹកដីសហរដ្ឋអមេរិកជាលើកទី២​នៅឆ្នាំនេះ ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នាទីក្រុងញូយ៉ក ចាប់ពីថ្ងៃ២១ដល់២៣កញ្ញា។ បន្ទាប់ពីនោះ លោក នឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការនៅប្រទេសគុយបា ព្រមទាំងបន្តដំណើរ​ទៅ​ទីក្រុងតូត្យូប្រទេសជប៉ុនដើម្បីចូលរួមបុណ្យសព លោក ស៊ិនហ្សូ អាបេអតីតនាយករដ្ឋមន្ត្រីជប៉ុន ដែល​ត្រូវគេបាញ់​សម្លាប់។ នៅគុយបា លោក ហ៊ុន សែន មានគម្រោងជួបនិស្សិតខ្មែរនៅទីនោះ។ នេះបើតាមក្រសួងការបរទេសកម្ពុជា។

ប៉ុន្តែលោក​ប្រមុខ​រដ្ឋាភិបាល បានគូសបញ្ជាក់តាមហ្វេសប៊ុកថា មូលហេតុ​ដែលលោក​មិនអាចរៀបចំការ​ជួបពលរដ្ឋខ្មែរ​នៅសហរដ្ឋអាមេរិក និងកាណាដា ដោយការស្នាក់នៅទីក្រុងញូយ៉កមានរយៈពេលខ្លី និងមានកម្មវិធីច្រើន។ ម្យ៉ាងទៀតលោកក៏ទើបតែជួបគ្នាកាលពីខែឧសភា២០២២កន្លងទៅនៅទីក្រុងវ៉ាស៊ីនតោនហើយដែរ។

ជំនួបជាមួយពលរដ្ឋខ្មែរ​នៅទីក្រុងវ៉ាស៊ីនតោនកាលពីជាង៤ខែមុន ដែលអ្វីគេនៅចាំបានគឺមានរឿងហេតុ​គប់​ស្បែក​ជើងមួយបាន​កើត​ឡើង​ពីសំណាក់​ពលរដ្ឋខ្មែរម្នាក់​ដែលទៅគាំទ្រលោក ហ៊ុន សែន។ កាលណោះ លោក ហ៊ុន សែន បានប្រតិកម្មខ្លាំងៗ​ និងរុញឲ្យសហរដ្ឋអាមេរិក​ទទួលខុសត្រូវ​ចំពោះ​ករណីនេះ។

ដោយឡែក​សម្រាប់​ក្រុមប្រឆាំងវិញក៏ចម្លែកដែរ ដែល​មិនទាន់ឃើញមានការប្រកាសពីគម្រោង​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន ដូចរាល់ដង ខណៈ​ដែល ​លោក សម រង្ស៊ី បានទៅដល់​ទឹកដី​សហរដ្ឋអាមេរិក​ច្រើនថ្ងៃ​មកនេះ។ តែនៅ​សហរដ្ឋអាមេរិក​ ប្រមុខបក្សប្រឆាំងកម្ពុជា បានធ្វើ​ការ​បរិហារ​ជាបន្តបន្ទាប់​មកលើ​ក្រុម​គ្រួសារ​ លោក ហ៊ុន សែន ពិសេស​ប្រឆាំង​​ផែន​ការ​ផ្ទេរ​អំណាច​ពី​ឳពុក​ទៅ​កូន និង​ប្រកាស​ពី​ផែន​ការ​រំដោះ​ប្រទេស​កម្ពុជា​ចេញ​ពី​គ្រួសារ​ត្រកូល​ហ៊ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ