អានតួអត្ថបទ
កម្ពុជា-នយោបាយ

វៀតណាមស្នើកម្ពុជានិងឡាវចែករំលែកទស្សនៈយុទ្ធសាស្រ្តយោធាសម្រាប់កិច្ចសហប្រតិបត្តិក្នុងតំបន់

មន្ត្រីយោធាវៀតណាម បានស្នើសុំឲ្យភាគីកម្ពុជា និងឡាវ ចែករំលែកទស្សនវិស័យយុទ្ធសាស្ត្រយោធា ដើម្បីកិច្ចសហប្រតិបត្តិរវាងប្រទេសឥណ្ឌូចិន។ ការស្នើសុំនេះ ធ្វើឡើងនៅអំឡុងពេល កម្ពុជា វៀតណាម និងឡាវ បានបើកកិច្ចប្រជុំយោធាប្រចាំឆ្នាំ នៅប្រទេសឡាវ កាលពីថ្ងៃពុធ។

កងទ័ពកម្ពុជា
កងទ័ពកម្ពុជា © FB
ផ្សាយពាណិជ្ជកម្ម

ជាកិច្ចប្រជុំយោធាប្រចាំឆ្នាំ ប្រទេសឥណ្ឌូចិនទាំងបីបានបើកការប្រជុំនៅទីក្រុងវៀងចន្ទ ប្រទេសឡាវ ដោយមានលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក  Phan Van Giang រដ្ឋមន្ត្រីការពារជាតិវៀតណាម និងលោក Chansamone Chanyalath រដ្ឋមន្ត្រីការពារជាតិឡាវ ដែលជាម្ចាស់ផ្ទះ។ ប្រទេសឥណ្ឌូចិនទាំងបី បានជជែកគ្នាលើបញ្ហាជាច្រើនទាំងក្នុងតំបន់ និងអន្តរជាតិ។ ក្នុងនោះរួមមាន ការពិភាក្សាពីទិសដៅសហប្រតិបត្តិការ ការធ្វើសមប្រយុទ្ធ ការប្រយុទ្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការចែករំលែកព័ត៌មានពីកងកម្លាំងណាដែលមានចេតនាបំផ្លាញអធិបតេយ្យភាពប្រទេសណាមួយ។

ការជជែកគ្នារបស់ប្រមុខមេទ័ពទាំងបី គឺភាគីវៀតណាមបានស្នើជាយោបល់ឲ្យកម្ពុជា និងឡាវ ចែករំលែកនូវទស្សនវិស័យុទ្ធសាស្រ្តយោធាទៅវិញទៅមក។ ការធ្វើបែបនេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិរវាងគ្នា និងដោះស្រាយបញ្ហាប្រឈមផ្នែកសនិ្តសុខជាតិនៃប្រទេសនីមួយៗ។

រដ្ឋមន្ត្រីការពារជាតិវៀតណាម លោក Phan Van Giang ក៏បានជំរុញឲ្យភាគីទាំងបីប្រទេសយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការអប់រំកងទ័ព និងប្រជាពលរដ្ឋ ហើយជាពិសេសគឺយុវជន អំពីសារៈសំខាន់នៃសាមគ្គីភាពរវាង វៀតណាម-ឡាវ-កម្ពុជា។ សាមគ្គីភាពដែលទៅរកការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់ ជាពិសេសយន្តការនៅក្នុងអាស៊ាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Plus។

លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា អះអាងថា កម្ពុជា ឡាវ វៀតណាម បានផ្តល់អាទិភាពដល់សុខសន្តិភាពខ្ពស់ជាងអ្វីៗទាំងអស់ ដែលនេះជាយុទ្ធសាស្រ្តត្រៀមខ្លួនឲ្យបានល្អ ដើម្បីពង្រឹងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ ក្នុងនាមជាអ្នកជិតខាង។

ក្រោយកិច្ចប្រជុំមួយថ្ងៃ ប្រទេសឥណ្ឌូចិនទាំងបីក៏បានបើកសមយុទ្ធសង្គ្រោះ​រួមគ្នា​លើក​ដំបូង​ នៅថ្ងៃទី១៥កញ្ញាម្សិលមិញ។ ហោចណាស់មានទាហានប្រមាណ៥០០នាក់ បានចូលរួមហ្វឹកហ្វឺនផ្នែកសង្រ្គោះចេញពីគ្រោះមហន្តរាយ ដូចជាគ្រោះទឹកជំនន់ ការបាក់ដី ការដួលរលំអគារ និងការលេចធ្លាយសារធាតុគីមី។ សមប្រយុទ្ធសង្រ្គោះនេះ ត្រូវបានភាគីឡាវចាត់ទុកថា ទទួលបានជោគជ័យ និងជាសកម្មភាពជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការរវាង វៀតណាម ឡាវ និងកម្ពុជា។

សម្រាប់រដ្ឋមន្ត្រីការពារជាតិកម្ពុជា សមប្រយុទ្ធនេះ បានផ្តល់នូវឱកាសដល់កងទ័ពនៃប្រទេសទាំងបី ពង្រឹងមិត្តភាពគ្នាទៅវិញទៅមក ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ បើតាមលោក ទៀ បាញ់ កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងបី គឺឈរនៅលើស្មារតីឯករាជ្យ អធិបតេយ្យភាព រក្សាផលប្រយោជន៍ទៅវិញទៅមក ដោយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ