អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន ព្រមានបក្សនយោបាយកុំឲ្យយកអ្វីដែលបានដោះស្រាយធ្វើជាអាវុធរកសន្លឹកឆ្នោត

ប្រមុខគណបក្សកាន់អំណាចនៅថ្ងៃ​អង្គារនេះ បានព្រមានគណបក្សនយោបាយ​នានា​កុំឲ្យ​យកករណី​ពលរដ្ឋ​នៅតំបន់រមនីយដ្ឋាន​អង្គរដែល​ត្រូវជម្លៀសចេញនោះ មកធ្វើ​ជាអាវុធ​វាយប្រហាររដ្ឋាភិបាល ដើម្បី​រក​សន្លឹកឆ្នោត។ ការព្រមាននេះ ដែលបើតាមលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺដោយសារតែ​មាន​អ្នក​នយោបាយ​ខ្លះនៅពីក្រោយពលរដ្ឋមួយចំនួន ដែលនៅមិនទាន់​ព្រមចាកចេញពីតំបន់នោះ។ 

ពិធីសំណេះសំណាលជាមួយពលរដ្ឋដែលព្រមមកតាំងទីលំនៅថ្មីនៅតំបន់រុនតាឯក
ពិធីសំណេះសំណាលជាមួយពលរដ្ឋដែលព្រមមកតាំងទីលំនៅថ្មីនៅតំបន់រុនតាឯក © FB
ផ្សាយពាណិជ្ជកម្ម

ថ្លែងចេញពីតំបន់​រុនតាឯក ស្រុក​បន្ទាយស្រី​ ខេត្ត​សៀមរាប ប្រមុខរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការ​ដោះស្រាយជូនប្រជាជនដែលត្រូវជម្លៀសចេញពីតំបន់អង្គរឲ្យមករស់នៅតំបន់​រុនតាឯកគឺជាតម្រូវការ​របស់ជាតិ។ គ្រាន់តែដោះស្រាយមួយប្រិបនៅព្រឹកនេះ លោក ហ៊ុន សែន គណនាឃើញថា​ត្រូវប្រើប្រាស់ថវិកាអស់ជាង១០លានដុល្លារទៅហើយ ខណៈ​ដែលពលរដ្ឋដែលបានមករស់នៅតាមគោលនយោបាយរបស់​រដ្ឋ​សរុបកើនដល់៥៩៤គ្រួសារ ក្នុងចំណោមពលរដ្ឋ១១១៧គ្រួសារ ដែលកំពុងដំណើរការចាប់​ឆ្នោត។

បើតាមប្រមុខរដ្ឋាភិបាល​កម្ពុជា តំបន់រុនតាឯក​នឹងក្លាយជាទីក្រុងមួយទៅថ្ងៃខាងមុខ ដោយមាន​គម្រោង​កសាង​ផ្លូវកៅស៊ូសរុបជិត១៥០គីឡូម៉ែត្រ មានប្រព័ន្ធទឹក ភ្លើង បង្កើតសាលារៀនថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងមានផ្ទះស្នាក់នៅ​សម្រាប់គ្រូបង្រៀនផងដែរ។ ជាមួយគ្នានោះក៏ត្រូវបង្កើតមណ្ឌលសុខភាព និង​អាគារស្នាក់​នៅរបស់​គ្រូពេទ្យយ៉ាងហោច២០បន្ទប់ថែមទៀត ខណៈការសាងសង់ផ្សារក៏ត្រូវតែធ្វើដែរ​។

នៅក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋ​ដែលព្រមមកតាំងទីលំនៅថ្មីនៅតំបន់រុនតាឯក លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នេះ​វេទិកា​សម្រាប់​ដោះស្រាយ​បញ្ហាជូនប្រជាពលរដ្ឋ គឺមិនមែនជាវេទិកាឲ្យបណ្តាគណបក្សនយោបាយនានាយកមកធ្វើជាអាវុធ​សម្រាប់វាយប្រហារ លោក ហ៊ុន សែន ក្នុងការ​រកសន្លឹកឆ្នោតនាពេលខាងមុខទេ។ លោក ហ៊ុន សែន បានលើកឡើងចំៗ ចំពោះលោក ពេជ្រ ស្រស់ ប្រធាន​គណបក្សយុវជនកម្ពុជា ឲ្យដកខ្លួនចេញពីក្រោយពលរដ្ឋ១៨គ្រួសារ​ដែលទើប​យល់​ព្រមចាកចេញ​ពីតំបន់​ចាស់ដែលមិនស្របច្បាប់ ​មកតាំងទីនៅតំបន់​រុនតាឯកដែលស្របច្បាប់វិញ។

គួរឲ្យដឹងថា ការ​ដែល​រដ្ឋាភិបាលជម្លៀសប្រជាជនចេញពីតំបន់ជុំវិញរមណីយដ្ឋានអង្គរវត្ត​ គឺដោយសារតែ​មាន​ស្នើ​ពីអ្នកជំនាញផ្នែក​បេតិកភណ្ឌពិភពលោក ដែល​ព្រមានថា ប្រសិន​បើនៅបន្តទាញយកទឹកប្រើប្រាស់ពីក្រោម​ដី​នៅជិត​តំបន់​អង្គរបន្តទៀត នោះនឹងធ្វើឲ្យប៉ះពាល់ដល់គ្រឹះប្រាសាទ។ នេះទាមទារឲ្យ​រដ្ឋាភិបាលកម្ពុជា ត្រូវដោះស្រាយ​គោលនយោបាយ​ជូនប្រជាជន ដើម្បីចាកចេញពីតំបន់នោះទៅទីតាំងថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ