អានតួអត្ថបទ
កម្ពុជា-នយោបាយ

អាជ្ញាធរច្រានចោលការចោទប្រកាន់របស់លោក ខឹម វាសនា ថាយកលុយថ្លៃដឹកពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ៨ ខែកញ្ញា ច្រានចោលការចោទប្រកាន់របស់លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ដែលថា អាជ្ញាធរបានយកលុយពីពលរដ្ឋក្នុងការដឹកជញ្ជូនពួកគេដែលស្ម័គ្រចិត្តចេញពីចម្ការក្បែរភ្នំគូលែន។ បើតាមរដ្ឋបាលខេត្តសៀមរាប លោក ខឹម វាសនា សរសេរចោទប្រកាន់អាជ្ញាធរបែបនេះ នៅលើគណនីហ្វេសបុករបស់លោក កាលពីថ្ងៃទី ៧ ខែកញ្ញា។

ទីតាំងប្រមូលផ្តុំរបស់លោក ខឹម វាសនា នៅក្បែរជើងភ្នំគូលែន
ទីតាំងប្រមូលផ្តុំរបស់លោក ខឹម វាសនា នៅក្បែរជើងភ្នំគូលែន © FB
ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរច្រានចោលការចោទប្រកាន់របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលថា មានការយកប្រាក់ពី ១០ម៉ឺនទៅ២០ម៉ឺនរៀល សម្រាប់ការដឹកជញ្ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីទីតាំងប្រមូលផ្តុំរបស់លោក ខឹម វាសនា នៅក្បែរជើងភ្នំគូលែន និងបានចោទទៀតថា អាជ្ញាធរមិនបានផ្តល់អាហារដល់ពលរដ្ឋទាំងនោះទេ។

ប៉ុន្តែ រដ្ឋបាលខេត្តសៀមរាប បានជំរុញឲ្យ លោក ខឹម វាសនា និងពលរដ្ឋ ដែលបានរងគ្រោះ ដូចការចោទប្រកាន់ បង្ហាញនូវភស្តុតាងដល់ ក្រុមការងាររដ្ឋបាលខេត្តសៀមរាប ដែលមានស្នាក់ការបណ្តោះអាសន្នមុខចម្ការម្រេច នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ឬ សាលាខេត្តសៀមរាប។

ទោះជាយ៉ាងណា អាជ្ញាធរខេត្តសៀមរាប បានចាត់ទុកការផ្សព្វផ្សាយ របស់ លោក ខឹម វាសនា កន្លងមក ជាការប្រឌិតព័ត៌មាន គ្មានមូលដ្ឋានវិទ្យាសាស្ត្រ ការផ្សព្វផ្សាយ ជំនឿអរូបិយប្រឌិត ដូចជាករណីហេតុការណ៍ទឹកលិច ឬអវសាន្តពិភពលោកក្នុងអំឡុងពេលមួយសប្តាហ៍ជាដើម។ ការប្រឌិតបែបនេះដែលនាំផលវិបាកជាច្រើនកើតមកពីការប្រមូលផ្តុំនេះ រួមមាន បញ្ហាទំនាក់ទំនងក្នុងគ្រួសារ បញ្ហាជីវភាព ការបាត់បង់ការងារ ការលះបង់ទ្រព្យសម្បត្តិ ការខាតពេលវេលា ការអាក់ខានការសិក្សារបស់សិស្សានុសិស្ស បញ្ហាសុខភាព ការប្រឈមនឹងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗ។

គួរជម្រាបថា លោក ខឹម វាសនា ដែលតាំងខ្លួនឯងជាព្រហ្មរក្សាលោក បានអំពាវនាវឱ្យអ្នកគាំទ្រ LDP និងពលរដ្ឋខ្មែរទៅប្រមូលផ្តុំគ្នានៅចំការម្រេចរបស់លោក នៅជើងភ្នំគូលែន នាំឱ្យមានមនុស្សរាប់ពាន់នាក់ជឿ ហើយសម្រុកទៅទីនោះ កាលពីចុងខែសីហា។ អាជ្ញាធរចាត់ទុកការប្រមូលផ្តុំនេះថាជាការខុសច្បាប់ ប៉ុន្តែមិនមានការបំបែកនោះទេ ទោះជាឱសានវាទត្រូវបានកំណត់ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យអភិបាលខេត្តសៀមរាប រៀបចំរថយន្តជួយដឹកប្រជាពលរដ្ឋ ត្រឡប់ទៅផ្ទះវិញ ដល់អ្នកដែលគ្មានមធ្យោបាយ និងរៀបចំណីអាហារជូនពលរដ្ឋទាំងនោះដោយឥតគិតថ្លៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ