អានតួអត្ថបទ
កម្ពុជា-ច្បាប់-នយោបាយ

បក្ស​ប្រឆាំង​រិះគន់​ដំណើរ​ការ​ចេញ​ឯកសារ​ស្រប​ច្បាប់​ជូន​ជនអន្តោ​ប្រវេសន្ត​នៅ​កម្ពុជា

ពី​ក្នុង​វេទិកា​ជួប​សំណេះសំណាល​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​ទើប​ជាប់​ឆ្នោត​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ លោក ថាច់ សេដ្ឋា ប្រធានស្ដីទី​គណបក្សភ្លើង​ទៀន​បាន​រិះគន់​ដំណើរ​ការ​ចេញ​ឯកសារ​ស្របច្បាប់​ជូន​ជន​អន្តោប្រវេសន្ត​នៅកម្ពុជា។ លោកថា  ទង្វើនេះ រដ្ឋាភិបាល​កំពុង​ប្រែក្លាយ​ជន​អន្តោប្រវេសន្ត​រស់​នៅខុសច្បាប់ ឲ្យ​មក​រស់​នៅ​ស្របច្បាប់​វិញ។ សម្រាប់ រដ្ឋាភិបាល​អះអាងថា គ្មាន​ជម្រើស​អ្វីក្រៅ​ពី​ដក​ហូត​ឯក​សារ​ខុស​ច្បាប់​ទាំង​នោះ​មក​វិញ ហើយ​ចេញ​ឯក​សារ​ស្រប​ច្បាប់​ជូន​ឡើយ​។

លោក ថាច់ សេដ្ឋា ប្រធានស្ដីទីគណបក្សភ្លើងទៀន
លោក ថាច់ សេដ្ឋា ប្រធានស្ដីទីគណបក្សភ្លើងទៀន © Internet
ផ្សាយពាណិជ្ជកម្ម

នៅចំពោះ​មុខ​អ្នកគាំទ្រ​របស់​ខ្លួន​រាប់​រយ​នាក់ លោក ថាច់ សេដ្ឋា ប្រធានស្ដី​ទី​គណបក្ស​ភ្លើងទៀន​បាន​សង្កត់ធ្ងន់​លើ​អន្តោប្រវេសន្ត​វៀតណាម​និង​ចិន​ដែល​កំពុង​រស់​នៅ​យ៉ាង​គគ្រឹក​គគ្រេង និងអនាធិបតេយ្យ នៅ​កម្ពុជា ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​កំពុង​ប្រែក្លាយ​ពួកគេ​ពី​ការ​កាន់​កាប់​ឯកសារ​ខុស​ច្បាប់​ទៅ​ឲ្យ​រស់​នៅ​តាម​ស្រប​ច្បាប់វិញ។ រូបភាព​គគ្រឹកគគ្រេង​របស់​ជនជាតិទាំងពីរ​នៅ​កម្ពុជា​ដែល​អ្នកនយោបាយបក្ស​ប្រឆាំង​រូបនេះ​សំដៅ​ដល់នោះគឺ​លំហូរ​សែន​ព្រេន​ដោយ​យក​ក្បួន​តម្រាល​តាម​ជនជាតិ​ចិន និង​វៀតណាម។ ចំណែក​រូបភាពអនាធិបតេយ្យ​វិញ​ស្ដែង​ចេញ​តាមរយៈ​ការបាញ់​បោះ បាញ់​សម្លាប់ ការ​ចាប់​ជម្រិត បង្ក​ដោយ​ជនជាតិចិន​ខ្លះស្នាក់​នៅ​កម្ពុជា។  នៅ​ក្នុង​ន័យ​នេះ លោក ថាច សេដ្ឋា បាន​ការពារ​ខ្លួន​នៅ​ចំពោះ​ការ​ចោទ​ថា រើស​ពូជសាសន៍ ព្រោះ​អ្វី​ដែល​លោក​លើក​មក​បង្ហាញ​នៅ​ពេល​នេះ​ប្រវត្តិសាស្ត្រ​កម្ពុជា​ធ្លាប់​ហែល​ឆ្លង​រួច​ហើយ។

​មិន​ចំពោះ​តែ លោក ថាច់ សេដ្ឋា​ទេ ដែល​រិះគន់​ដំណើរ​ការ​ចេញ​ឯកសារ​ស្របច្បាប់​ជូន​ជនអន្តោប្រវេសន្ត​នៅកម្ពុជា សូម្បីអ្នក​ឃ្លាំ​មើល​សង្គមក៏​បារម្ភដែរ​ថា​ ការ​ផ្តល់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍ឲ្យ​ជន​អន្តោ​ប្រវេសន្តពិសេស​ជន​ជាតិ​វៀត​ណាម​នៅ​កម្ពុជា​បែប​នេះ​គឺ​ជា​ហានិ​ភ័យទៅ​វិញ​ទេ​។

មិននៅស្ងៀម​ចំពោះ​ការ​កង្វល់​និង​ការចោទ​ប្រកាន់​ នេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួង មហាផ្ទៃចាត់ ទុក ការ ​យល់​ឃើញ​ទាំងអំបាល​មាណ​ជា​អារម្មណ៍​មួយ​ចង្អៀត​ចង្អុល។ លោកបន្តថា អ្វីដែល​រដ្ឋាភិបាលកំពុង​ធ្វើ​គឺ​ផ្អែក​ទៅ​លើ​ជំរឿន​ជន​អន្តោប្រវេសន្ត​វៀតណាម​កន្លង​មក​រក​ឃើញ​ថា  ជនអន្តោប្រវេសន្ត​នៅ​កម្ពុជាភាគ​ច្រើន​ជាជនជាតិ​វៀតណាម​កាន់​ឯកសារ​ស្នាក់​នៅ​មិន​ប្រក្រតី តួយ៉ាង​កាន់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិខ្មែរ​ដែល​គ្មាន​ព្រះរាជ្យក្រឹត្យ​ទទួល​ស្គាល់​ពី​ព្រះមហាក្ស​ត្រខ្មែរ។​ ដូច្នេះដើម្បី​ស្រាយ​បញ្ហា​នេះ​ រដ្ឋាភិបាល​អះអាងថា គ្មាន​ជម្រើស​អ្វីក្រៅ​ពី​ដក​ហូត​ឯក​សារ​ខុស​ច្បាប់​ទាំង​នោះ​មក​វិញ ហើយ​ចេញ​ឯក​សារ​ស្រប​ច្បាប់​ជូន​ឡើយ​។ ​

គិតត្រឹម​ពេល​នេះ​ ជនបរទេស​អន្តោប្រវេសន្ត​យ៉ាងតិច ៦ម៉ឺននាក់ ដែល​មាន​អាយុ​១៨ឆ្នាំឡើង​ ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​បណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍។ តាមការ​ឲ្យ​ដឹង​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចំនួន​ជនបរទេស ដែល​កំពុង​ស្នាក់​នៅ​អចិន្ត្រៃយ៍​ចំនួន ៧ពាន់នាក់ ក្នុង​ចំណោម​៩ពាន់​នាក់ បាន​ចូល​ទៅ​សុំ​ពន្យា​បណ្ណ​ស្នាក់​នៅអចិន្ត្រៃយ៍​របស់​ពួកគេ ដែលមានរយៈពេល២ឆ្នាំម្តង។ តែយ៉ាងណា​​ ​បច្ចុប្បន្នប្រទេស​កម្ពុជា មានជនបរទេស​អន្តោប្រវេសន្ត​ជិត​ ១ម៉ឺននាក់ដែល​បន្តស្នាក់នៅ​​ខុសច្បាប់​ ដោយ​មិនបាន​មកសុំ​បណ្ណ​ស្នាក់នៅ​ថ្មី ឬ​សុំ​បន្ត​រយៈពេល​ប្រើប្រាស់ ដែលជា​​បញ្ហា​ប្រឈមពាក់ព័ន្ធ​ការគ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍។ នេះបើតាមការឱ្យដឹង​ពីក្រសួងមហាផ្ទៃក្នុង​​ពិធី​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ​២០២២ កាលពី​​ខែកុម្ភៈកន្លងទៅ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ