អានតួអត្ថបទ
នយោបាយ

កូនស្រី លោក កឹម សុខា ៖វិធានការពីសហគមន៍អន្តរជាតិនៅតែបន្តមានរហូតដល់កម្ពុជាបើកផ្លូវប្រជាធិបតេយ្យ

ម្សិលមិញ​គឺជា​ខួប​៥​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ប្រធានគណបក្សប្រឆាំង នៅក្រោម​ការចោទ​ប្រកាន់ថា ឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ កូនស្រី លោក កឹម សុខា និង​ក្រុម​អ្នកគាំទ្រ​បាន​ចេញ​សារ​រំឭក​ពី​ការឆ្មក់​ចាប់​ខ្លួន​ប្រធាន​អតីត​គណបក្ស​ប្រឆាំង និង​ជា​តំណាងរាស្ត្រ ទាំង​ពាក់​កណ្តាលយប់​នោះ ដោយ​ចាត់ទុកថា ជារឿង​បំពានច្បាប់ និងអយុត្តិធម៌។ នៅចំពោះមុខ​ ភាព​មិន​ច្បាស់​លាស់​នៃការបិទ​បញ្ចប់​សំណុំ​រឿង​លោក កឹម សុខា ដែល​កំពុងស្ថិត​ក្នុងក្រសែភ្នែកលោកខាងលិច កញ្ញា កឹម មនោវិទ្យា បានអះអាងថា វិធានការផ្សេងៗ​ពីសហគមន៍​អន្តរជាតិ​នឹងនៅតែ​បន្ត​មាន​រហូត​ទាល់​តែ​កម្ពុជា​បើក​ផ្លូវប្រជាធិបតេយ្យ​ឡើងវិញ។

លោក កឹម សុខា ប្រធានគណបក្សប្រឆាំង និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន
លោក កឹម សុខា ប្រធានគណបក្សប្រឆាំង និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន © សហការី
ផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍នានាពីក្រុមអ្នកគាំទ្រ លោក កឹម សុខា បានបន្តធ្លាក់មកបន្តគ្នា ចំខួប​៥ឆ្នាំ​នៃ​ព្រឹត្តិការណ៍​ឆ្មក់​ចាំខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង​ទាំង​ពាក់​កណ្តាលយប់​ថ្ងៃទី២កញ្ញា២០១៧។ ៥ឆ្នាំ បានកន្លង​ផុត ទោះ​ជាមិន​ទាន់​បាន​ដល់​គោលដៅ ប៉ុន្តែបានទទួលលទ្ធផល​ជា​វិជ្ជមាន​ខ្លះ ដូចជា​ការផ្លាស់ប្តូរ​លោក កឹម សុខា ចេញពីពន្ធនាគារជាដើម។ នេះជាការលើកឡើងរបស់ កញ្ញា កឹម មនោវិទ្យា។ កញ្ញាប្តេជ្ញាចិត្ត​ថា​គឺ​គ្មាន​ថ្ងៃ​ដែល​ពួកគេបោះបង់ដំណើរស្តារលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើយ ហើយ​វិធានការ​ផ្សេងៗ​ពី​សហគមន៍​អន្តរជាតិ​នឹងនៅតែមានជាបន្តបន្ទាប់រហូត​ទាល់​តែ​កម្ពុជា​បើកផ្លូវ​ប្រជាធិបតេយ្យ​ឡើង​វិញ។

បន្ថែមពីនេះលោក ផែង ហេង សហមេធាវីការពារក្តីលោក កឹម សុខា បានរំឭកឡើងវិញ​ពី​ព្រឹត្តិការណ៏​នោះ ថាគួរឲ្យភ័យខ្លាច ហើយថា ការចោទប្រកាន់លោក កឹម សុខា គឺជា​រឿង​នយោបាយ​សុទ្ធសាធ គ្មាន​បទ​ល្មើសដូចចោទទេ បើទោះការចោទនោះមានអង្គហេតុ​បង្ហាញ​ខ្លះៗ​ក៏ដោយ ហើយ​ក៏​ការ​នេះ នាំ​ឲ្យ​ប្រជារាស្ត្រ​មាន​អារម្មណ៍មកលើតុលាការឯករាជ្យ ពេល​ក្រុម​មនុស្ស​ក្នុង​អង្គនីតិ​ប្រតិបត្តិ​រំលោភ​បំពាន។

បើតាម លោក ផែង ហេង គឺមានផ្លូវតែមួយគត់ គឺតុលាការត្រូវហ៊ានច្រានចោលបណ្តឹងមានចរិក​នយោបាយ ដោយប្រាប់ទៅអ្នកនយោបាយថា នេះមិនស្ថិតក្រោមសមត្ថកិច្ចតុលាការទេ ស្នើឲ្យអ្នកនយោបាយ​ដោះស្រាយជាមួយគ្នា ក្រោមដំបូលរដ្ឋធម្មនុញ្ញ ដែលព្រះមហាក្សត្រ​មាន​ព្រះរាជ​តួនាទី​ជា​អ្នកផ្សះផ្សា​ជាតិ និងបង្រួបបង្រួមជាតិ ដោយសំអាងថា តុលាការកំពូល អាមេរិក ក៏​ធ្លាប់​ច្រានចោល​សំណុំ​រឿង​បែបនេះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ