អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី៖លោក ហ៊ុន សែន និងភរិយា ប្រថុយ ប្តឹងទស្សនាវដ្ដីបារាំង Paris Match

លោក សម រង្ស៊ី បានអះអាងថា តាមព័ត៌មានដែលលោកទទួលបាននៅថ្ងៃទី៣១សីហាម្សិលមិញ លោក ហ៊ុន សែន និងភរិយាគាត់ លោកស្រី ប៊ុន រ៉ានី បានសម្រេចចិត្ត ប្រថុយ ប្តឹងទស្សនាវដ្ដីបារាំង Paris Match នៅចំពោះមុខតុលាការប្រទេសបារាំង ពីបទបរិហារកេរ្តិ៍។ នេះជាបណ្តឹងថ្មីមួយទៀត ខណៈ​ដែល​តុលាការ​បារាំង​បើក​សវនាការ​ប្រឆាំងលោក សម រង្ស៊ី នៅថ្ងៃនេះ ទៅតាម​បណ្តឹងរបស់​ប្រមុខ​រដ្ឋាភិបាលកម្ពុជា និងកូនប្រសារ ក្នុង​សំណុំរឿងបរិហារកេរ្តិ៍នេះដែរ។

ទស្សនាវដ្ដីបារាំង Paris Match
ទស្សនាវដ្ដីបារាំង Paris Match © Internet
ផ្សាយពាណិជ្ជកម្ម

យោងតាមការចុះផ្សាយរបស់ហ្វេសប៊ុក លោក សម រង្ស៊ី នៅថ្ងៃទី៣១សីហា លោកអះអាងថា លោក ហ៊ុន សែន និងភរិយាគាត់ លោកស្រី ប៊ុន រ៉ានី បានសម្រេចចិត្ត ប្រថុយ ប្តឹងទស្សនាវដ្ដីបារាំង Paris Match នៅចំពោះមុខតុលាការប្រទេសបារាំង ពីបទបរិហារកេរ្តិ៍។ គឺជាបណ្តឹងប្រឆាំងនឹងការចុះផ្សាយរបស់ទស្សនាវដ្តីល្បីឈ្មោះមួយនេះ កាលពីថ្ងៃ ១៦ មិថុនា ២០២២ ដែលបានសរសេរថា លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន បានបញ្ជាឲ្យគេសម្លាប់សិល្បការិនី ពិសិដ្ឋ ពីលិកា ក្នុងឆ្នាំ ១៩៩៩ ដោយសារតែគាត់ប្រចណ្ឌប្តីគាត់ នាពេលនោះ។

ជាការកត់សំគាល់ សំណុំរឿងឃាតកម្មដ៍រស៊ើប កាលពីជាង២០ឆ្នាំមុននេះ គឺមិនមែន​មានការចុះផ្សាយ​តែទស្សនាវដ្តី Paris Match មួយប៉ុណ្ណោះទេ ក៏មានដែរ ទស្សនាវដ្តី ល្បីឈ្មោះមួយទៀត ​របស់បារាំង​L’Expres។

គួរឲ្យដឹងថា នៅថ្ងៃទី១កញ្ញានេះ តុលាការ​បារាំង​ ធ្វើការបើក​សវនាការប្រឆាំង លោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ ដែលប្តឹងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ។ ឪពុក និងកូនប្រសារ បានដាក់បណ្តឹងពីរផ្សេងគ្នា ក្នុងពេលតែមួយ ទៅកាន់តុលាការបារាំង ដើម្បីប្តឹងលោក សម រង្ស៊ី បន្ទាប់ពីប្រមុខ​បក្សប្រឆាំងរូបនេះ ចោទ លោក ហ៊ុន សែន ថានៅពីក្រោយនៃការដាក់គ្រាប់បែកបំផ្ទុះឧទ្ធម្ភាគចក្រ សម្លាប់ លោក ហុក ឡុងឌី កាលពីឆ្នាំ២០០៨ នៅខេត្តស្វាយរៀង។

លោក សម រង្ស៊ី ចោទប្រកាន់ទៀតថា លោក ឌី វិជ្ជា មានគម្រោងសងសឹកឲ្យឪពុករបស់ខ្លួន ដោយមានការគាំទ្រពី លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចំពោះការស្លាប់របស់លោក ហុក ឡង់ឌី។ ប៉ុន្តែការចោទប្រកាន់នេះបានញាំងឲ្យលោក ហ៊ុន សែន និង លោក ឌី វិជ្ជា ដាក់ពាក្យប្តឹង លោក សម រង្ស៊ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ»ទៅតុលាការបារាំង ដោយសារតែ លោក សម រង្ស៊ី មានសញ្ជាតិបារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ