អានតួអត្ថបទ
កម្ពុជា-សង្គម

ម្ចាស់កម្មវិធីប្រកួតកញ្ញាឯកឆ្នាំ ២០២២ សុំទោស និងសន្យាបង្កើនកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី ១ ខែកញ្ញានេះ បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ជាមួយក្រុមហ៊ុនដែលរៀបចំកម្មវិធីប្រកួតកញ្ញាឯក(Miss Grand Cambodia 2022) ពាក់ព័ន្ធនឹងការស្លៀកពាក់មិនសមរម្យ របស់បេក្ខនារីនៅក្នុងការប្រកួត ដោយភាគីក្រសួងបានណែនាំដល់អគ្គនាយកផលិតកម្ម ឱ្យស្វែងយល់ពី វប្បធម៌ ទំនៀមទំលាប់ខ្មែរបន្ថែម។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីមានមតិរិះគន់ជាច្រើនពីសាធារណៈជន និងប្រតិកម្មពីប្រមុខរដ្ឋាភិបាល។  

កម្មវិធីប្រកួតកញ្ញាឯក(Miss Grand Cambodia 2022)
កម្មវិធីប្រកួតកញ្ញាឯក(Miss Grand Cambodia 2022) © FB/Miss Grand Cambodia
ផ្សាយពាណិជ្ជកម្ម

ស្ថាប័នពាក់ព័ន្ធដែលមាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន នាព្រឹកថ្ងៃព្រហស្បតិ៏នេះ បានធ្វើការណែនាំ អគ្គនាយកផលិតកម្ម មហាហង្ស ដែលជាអ្នករៀបចំកម្មវិធី កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ ឱ្យស្វែងយល់បន្ថែមពី វប្បធម៌ ទំនៀមទំលាប់ ប្រពៃណី អត្តសញ្ញាណ ព្រមទាំងគុណតម្លៃនៃស្ត្រីខ្មែរ ហើយសហការ ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចៀសវាងនូវកំហុសឆ្គងណាមួយដែលប៉ះពាល់ នាំឱ្យអាប់ឱនវប្បធម៌ជាតិ និងគុណតម្លៃរបស់ស្ត្រីខ្មែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងវប្បធម៌។

ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងថា លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានសូមអភ័យទោសសាធារណជន នូវកំហុសឆ្គងដែលបានកើតឡើងក្នុងកម្មវិធីប្រកួត កញ្ញាឯកឆ្នាំ ២០២២នេះ និងបានសន្យាថា នឹងបង្កើនកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចៀសនូវកំហុសឆ្គង ក្នុងការរៀបចំព្រឹត្តិការណ៍វប្បធម៌នានា នៅពេលខាងមុខ ក្នុងស្មារតីលើកកម្ពស់កិត្យានុភាពជាតិ និងគុណតម្លៃស្ត្រីខ្មែរឱ្យបានខ្ពង់ខ្ពស់។

ជាមួយគ្នានេះ នៅលើទំព័រហ្វេសប៊ុករបស់ក្រសួងវប្បធម៌ ដែលចេញនូវសេចក្ដីប្រកាសព័ត៌មាននេះ មានសារធារណៈជនចូលទៅបញ្ចេញមតិជាច្រើន។ ក្នុងចំណោមនោះ មានគណនីហ្វេសប៊ុកមួយ បានស្នើឱ្យមានការបង្កើតគណៈកម្មការមួយដើម្បីត្រួតពិនិត្យលើរាល់​កម្មវិធីប្រកួតផ្សេងៗពីសិល្បៈ ឬក៏បង្កើតកម្មវិធីបណ្ដុះបណ្ដាលដល់អ្នកគ្រប់គ្រងកម្មវិធីទាំងនោះ ដើម្បីបញ្ចៀសនូវបញ្ហាប៉ះពាល់វប្បធ៌ជាតិ។

គួរជម្រាបជូនថា កាលពីពេលថ្មីៗកន្លងទៅនេះ ស្ត្រីខ្មែរមួយចំនួន ក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញាឆ្នាំ ២០២២ ស្លៀកឈុតសម្លៀកបំពាក់ មិនសមរម្យ។ ឈុតទាំងនោះមានភាពស៊ិចស៊ីជ្រុលហួសហេតុ ហើយត្រូវប្រជាពលរដ្ឋខ្មែរជាច្រើនរិះគន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ