អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ឈឹម សុធារ៉ា នាយកអង្គការ TPO បានទទួល «ពានរង្វាន់ណូបែលអាស៊ីឆ្នាំ២០២២»

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិ​អង្គការ​ចិត្ត​សង្គម​អន្ដរវប្បធម៌ ហៅ​កាត់​ថា TPO បាន​ទទួល​ពាន​រង្វាន់ Raymon Magsaysay ឬ​ហៅម្យ៉ា​ង​ទៀត​ថា «​ពាន​រង្វាន់​ណូបែល​អាស៊ី»។ នេះ​គឺ​ជា​ការ​ប្រកាស​របស់​មូលនិធិ Raymon Magsaysay នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា​នេះ។ ក្រៅពី​លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា ពាន​រង្វាន់​ណូបែល​អាស៊ី​លើក​ទី​៦៤ ក៏​សម្រេច​ផ្ដល់​ពាន​រង្វាន់​ដល់​បុគ្គល​សំខាន់​៣​រូប​ផ្សេង​ទៀត​ដែរ ដែល​មាន​ម្នាក់​មក​ពី​ប្រទេសជប៉ុន ​ម្នាក់​មក​ពី​ប្រទេស​ហ្វីលីពីន និង​ម្នាក់​ទៀត​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី​។ រាប់​ទាំង​លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា មាន​ជនជាតិ​ខ្មែរ​ចំនួន​៨​រូប​ហើយ ដែលបាន​ទទួល​ពាន​រង្វាន់​ណូបែល​អាស៊ី​នេះ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិអង្គការចិត្តសង្គមអន្ដរវប្បធម៌ ហៅកាត់ថា TPO បានទទួលពានរង្វាន់ Raymon Magsaysay ឬហៅម្យ៉ាងទៀតថា «ពានរង្វាន់ណូបែលអាស៊ី»
លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិអង្គការចិត្តសង្គមអន្ដរវប្បធម៌ ហៅកាត់ថា TPO បានទទួលពានរង្វាន់ Raymon Magsaysay ឬហៅម្យ៉ាងទៀតថា «ពានរង្វាន់ណូបែលអាស៊ី» © FB
ផ្សាយពាណិជ្ជកម្ម

ភ្លាម​ៗ​ក្រោយ​ពី​បាន​ទទួល​ដំណឹង​ថា ខ្លួន​បាន​ទទួល​ពាន​រង្វាន់ Raymon Magsaysay ឬ​ «​ពាន​រង្វាន់​ណូបែល​អាស៊ី» លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា បាន​សម្ដែង​ក្ដី​រំភើប​រីករាយរក​អ្វី​ប្រៀប​ប្រដូច​មិន​បាន​។ បើ​តាម​លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិ​អង្គការ​ TPO លោក​មិន​បាន​ដឹង​ខ្លួន​ទាល់​តែ​សោះ​ថា មូលនិធិ Raymon Magsaysay បាន​តាម​ដាន​ការងារ​របស់​លោក អស់​រយៈពេល​ជាង​២​ឆ្នាំ ទើប​សម្រេច​ផ្ដល់​ពាន​រង្វាន់​ដ៏​មាន​តម្លៃ​នេះ​ជូន​រូប​លោក​។

សូម​ជម្រាប​ថា លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា មាន​វ័យ​៥៤​ឆ្នាំ បាន​បញ្ចប់ការ​សិក្សា​ថ្នាក់​បណ្ឌិត​ផ្នែកចិត្តសាស្ត្រ​នៅ​ឆ្នាំ​២០១៤​ និង​បាន​បម្រើ​ការងារ​ក្នុង​វិស័យ​ពិគ្រោះ​យោបល់​និង​ព្យាបាល​ជំងឺ​ចិត្តសាស្ត្រ​អស់​រយៈ​ពេល​៣០​កន្លង​មក​ហើយ​។

នៅ​ក្នុង​អំឡុង​ពេល​​នេះ ក្រៅ​តែ​ពី​ដឹក​នាំ​អង្គការ TPO និង​ព្យាបាល​អ្នក​ជំងឺ​ផ្លូវ​ចិត្ត លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា ក៏​បាន​ស្រាវជ្រាវ​បន្ថែម​អំពី​បញ្ហា​ជំងឺ​ផ្លូវ​ចិត្ត​ដទៃ​ទៀត ជា​ពិសេស​បញ្ហា​ជំងឺ​ផ្លូវ​ចិត្ត​របស់​ប្រជាជន​កម្ពុជា។ ជំងឺ​ផ្លូវ​ចិត្ត​របស់​ប្រជាជន​កម្ពុជា​ដែល​បាន​ហែល​ឆ្លង​ភ្លើង​សង្គ្រាម​អស់​រាប់​ទសវត្ស ដែល​ការណ៍​នេះ បើ​តាម​លោក​វេជ្ជបណ្ឌិត វា​មាន​លក្ខណៈ​ដាច់​ដោយ​ឡែក​ពី​ជំងឺ​ផ្លូវ​ចិត្ត​នៃ​ប្រជាជន​នៃ​ប្រទេស​ដទៃ​។

សូម​បញ្ជាក់​បន្តិច​ដែរ​អំពី​មូលនិធិ Raymon Magsaysay​។ មូលនិធិដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហ្វីលីពីន​នេះ បង្កើត​ឡើង​តាំង​ពី​១៩៥៧។ ពាន​រង្វាន់​ដែល​គេ​ប្រៀប​ប្រដូច​ទៅ​នឹង​ «​ពាន​រង្វាន់​ណូបែល​អាស៊ី» នេះ ផ្ដល់​ជូនដល់​បុគ្គល​ឬ​ស្ថាប័ន​ទាំង​ឡាយ​ណា ដែល​បាន​លះ​បង់​កម្លាំង​កាយ​ចិត្ត ដោយមិន​គិត​ពី​ខ្លួន​ឯង ដើម្បី​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា ទាំង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន នៅ​ក្នុង​តំបន់ និង​ពិភពលោក​។

រាប់​ទាំង​លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា មាន​ជនជាតិ​ខ្មែរ​ចំនួន​៨​រូប​ហើយ ដែលបាន​ទទួល​ពាន​រង្វាន់​ណូបែល​អាស៊ី​នេះ។ ជនជាតិ​ខ្មែរ​ទាំង​៧​រូប​ទៀត​ដែលធ្លាប់​បាន​ទទួល​ពាន​រង្វាន់​នេះ​ដែរ មាន​ជា​អាថិ៍ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា, យ៉ង សាំងកុមារ អតីតនាយកប្រតិបត្តិអង្គការសេដាក, លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៅ​អង្គការ ខុមហ្វ្រែល, លោក ឯក សុនចាន់ អតីតអគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ, លោកស្រី អ៊ុង ច័ន្ទថុល អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ, និង​លោក​ស្រី នួន ផល្លី អតីតនាយកគ្រប់គ្រងអង្គការពន្លឺអនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ