អានតួអត្ថបទ
កម្ពុជា-សង្គម

ពលរដ្ឋមួយចំនួនចាប់ផ្តើមចាកចេញពីកន្លែងប្រមូលផ្តុំរបស់ លោក ខឹម វាសនា

នៅព្រឹកថ្ងៃអង្គារនេះ ពលរដ្ឋមួយចំនួនបានចាប់ផ្តើម​រៀបចំបង្វិចខោអាវរបស់ខ្លួនចាកចេញជាបណ្តើរហើយ ពីកន្លែង​ប្រមូល​ផ្តុំ​របស់​លោក ខឹម វាសនា នៅជើងភ្នំគូលែន ខេត្តសៀមរាប។ ការ​ចាកចេញ​របស់​ក្រុមអ្នកជឿលើប្រមុខបក្សសម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យនេះ គឺស្របពេល​ដែលអាជ្ញាធរ​ខេត្ត​សៀមរាប បាន​ដាក់​កំហិតឲ្យពលរដ្ឋទាំងនោះ ចាកចេញនៅត្រឹមថ្ងៃទី៣០ខែសីហានេះ។

ពលរដ្ឋមួយចំនួនដែលប្រមូលផ្តុំ នៅជើងភ្នំគូលែន
ពលរដ្ឋមួយចំនួនដែលប្រមូលផ្តុំ នៅជើងភ្នំគូលែន © FB
ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋមួយចំនួនដែលរៀបចំបង្វិចខោអាវរបស់ខ្លួនព្រមចាកចេញដោយ​ស្ម័គ្រចិត្តពីកន្លែងប្រមូលផ្តុំរាប់ពាន់នាក់​របស់​លោក ខឹម វាសនា បានប្រាប់វិទ្យុបារាំងអន្តរជាតិRFI ថា មូលហេតុដែលពួកគេចាកចេញដោយសារតែដល់ពេល​ចូលការងារវិញ។ ប៉ុន្តែតាមរូបភាពនៃការប្រមូលផ្តុំគ្នានោះ គឺអាចមកពីការស្នាក់នៅរបស់ពួកគេមានការលំបាក។ លំបាកដោយសារតែ ខ្វះខាតការហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ ប្រឈមនឹងបញ្ហាសុខភាព ដោយសារតែការស្នាក់ក្រោមដំបូងតង់កៅស៊ូក្តៅ និងភ្លៀង នៅគ្រាដែលការបន្ទោបង់នៅតាមព្រៃ។

បើតាមរដ្ឋបាលខេត្តសៀមរាប ផលវិបាកនេះ គឺដោយសារតែ លោក ខឹម វាសនា បានឃោសនាប្រជាភិថុត​បែបអបិយជំនឿ និង​ប្រាស់ចាកពីការពិតនាំឲ្យពលរដ្ឋមួយចំនួនដែលជឿ បោះបង់ចោលផ្ទះសំបែង ការងារ និង​មុខ​របរ​ទៅ​ប្រមុខ​ផ្តុំ​គ្នានៅ​ដីចំការរបស់ប្រមុខបក្សLDP នៅជើងភ្នំគូលែន។ ការប្រមូលផ្តុំគ្នានេះដែល​បើតាម​អាជ្ញាធរខេត្តសៀមរាប គឺ​បានធ្វើ​ឲ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព និងសុខភាពពលរដ្ឋ ហើយក្មេងៗ មិនត្រឹមតែមិនបានទៅសាលារៀនទេ តែក៏មានបញ្ហាប្រឈមច្រើនដូចមនុស្សដែលមានវ័យចំណាស់ដែរ។

នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ អាជ្ញាធរខេត្តទេសចរណ៍មួយនេះ បានដាក់​កំហិត​ឲ្យលោក ខឹម វាសនា បំបែកការប្រមូលផ្តុំមនុស្សនៅត្រឹមបំណាច់ថ្ងៃទី៣០ខែសីហានេះ ដោយពុំមានការព្រមានពីចំណាត់​ការ​ផ្លូវច្បាប់ឡើយ។

ការដាក់ឱសានវាទឲ្យបំបែកការប្រមូល​ផ្តុំ​នេះ គឺធ្វើឡើង​ដូចអ្វី​ដែលជាការ​​លើកឡើង​របស់លោក ខឹម វាសនា ដែលបាននិយាយនៅចំពោះមុខក្រុមមន្ត្រីអាជ្ញាធរ​ដែលចុះទៅកាលពីថ្ងៃសៅរ៍ថា ​លោក​ជួបជុំគ្នា​តែរយៈពេល៣ថ្ងៃប៉ុណ្ណោះ ដើម្បបញ្ចៀសគ្រោះថ្នាក់នូវអ្វីដែលជឿថា នឹងមានទឹកជំនន់លិចផែនដីនោះ។

ទោះជាយ៉ាងណា ដោយសារតែការ​ប្រមូល​ផ្តុំនេះ ប៉ះពាល់សណ្តាប់សាធារណៈ និងសុខភាពពលរដ្ឋនោះ គណបក្ស​ឯកភាពជាតិ​ខ្មែរ​ដែលគេមិនសូវស្គាល់ឈ្មោះ បានចេញមុខអំពាវនាវឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការច្បាប់លើ​ករណី​នេះដើម្បី​ជៀសវាង​បញ្ហាដដែលនេះកើតមានម្តងទៀតទៅថ្ងៃមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ