អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងមហាផ្ទៃរំលឹកឡើងវិញឱ្យមានការទទួលស្គាល់បណ្ណស្នាក់នៅជនអន្តោប្រវេសន្តនៅកម្ពុជា

ក្រសួងមហាផ្ទៃ​នៅថ្ងៃ​ទី​២៩សីហាម្សិលមិញនេះ បានណែនាំ​ជាថ្មី​​អោយមន្ត្រីក្រោមឱវាទ​​​ អនុវត្ត​និងទទួលស្គាល់បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​សម្រាប់ជនបរទេស​អន្តោប្រវេសន្ត​​​​នៅកម្ពុជា ឱ្យស្របទៅតាមច្បាប់​ដែលមានចែង​កាលពីឆ្នាំ​១៩៩៤មក។ ជាច្បាប់ស្តី​​ពីអន្តោប្រវេសន៍ ដែលក្រសួងមហាផ្ទៃ​ដាក់ចេញ​ ក្នុងការផ្តល់​ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍​ឱ្យ​ជនបរទេស ​យកមក​ប្រើប្រាស់សម្រាប់​បម្រើជីវភាពប្រចាំថ្ងៃរបស់ពួកគេនៅក្នុងទឹកដីកម្ពុជា។ គិតត្រឹមពេលនេះ ជនបរទេសអន្តោប្រវេសន្ត​យ៉ាងតិច​ ៦ម៉ឺននាក់​ ត្រូវបានកម្ពុជាផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ជូន។

ជនអន្តោប្រវេសន្តនៅកម្ពុជា
ជនអន្តោប្រវេសន្តនៅកម្ពុជា © FB/GDI
ផ្សាយពាណិជ្ជកម្ម

ក្រសួងមហាផ្ទៃ សង្កេតឃើញថា នៅតែមាន​ក្រសួងស្ថាប័ន​ រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យ​ឯកជនមួយចំនួន ​នៅពុំទាន់បានជ្រួតជ្រាប​និងឱ្យ​តម្លៃ​ ការ​ប្រើប្រាស់​បណ្ណស្នាក់នៅ​អចិន្ត្រៃយ៍​របស់ជនបរទេសអន្តោប្រវេសន្ត​​​នៅឡើយទេ បើ​ទោះបីជា​ក្រសួង​បានធ្វើការផ្សព្វផ្សាយ​ជាច្រើនលើកច្រើនសារក៏ដោយ​។

តាមក្រសួងមហាផ្ទៃ​ ក្នុង​សេចក្តីជូនដំ​ណឹ​ងរំលឹកឱ្យមានការទទួលស្គាល់ បណ្ណស្នាក់នៅជនអន្តោប្រវេសន្ត​នៅកម្ពុជានៅថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២២ ​ការមិនទទួលស្គាល់ពីតម្លៃ​ប្រើប្រាស់​ប័ណ្ណស្នាក់នៅ​អចិន្ត្រៃយ៍​ជនបរទេសនេះ គឺជា​អ្វីដែលផ្ទុយពីច្បាប់ ​ស្តីពីអន្តោប្រវេសន៍​នៅកម្ពុជា ​​​ឆ្នាំ​១៩៩៤​​។ តាម​ច្បាប់អន្តោប្រវេសន៍​ ​​ឆ្នាំ១៩៩៤ ក្រសួងមហាផ្ទៃអាចចេញប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេសអន្តោប្រវេសន្ត​ ​សម្រាប់ប្រើប្រាស់បម្រើជីវភាពប្រចាំថ្ងៃនៅក្នុងទឹកដីកម្ពុជាដូចជា ការស្នើសុំសេវារដ្ឋបាល សេវាសាធារណៈ សេវាសុខភាព សេវាធនាគារ ការទិញលក់ចលនវត្ថុ-អចលនវត្ថុ ការធ្វើអាជីវកម្ម ការស្នើសុំធ្វើការងារតាមរោងចក្រ-សហគ្រាស និងសកម្មភាពមួយចំនួនទៀត។

សម្រាប់មន្ត្រីគណបក្សប្រឆាំងវិញ ការចេញសេចក្តីជូនដំណឹង​រំព្ញកអោយមន្ត្រីក្រោមឱវាទ​ អនុវត្តនិងទទួលស្គាល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ជនបរទេសនៅកម្ពុជា​នេះ ធ្វើឡើងបន្ទាប់ពី​លោក ហ៊ុន ម៉ាណែត ទើបត្រឡប់​មកពីមាន​ជំនួបជាមួយមេដឹកនាំកុម្មុយនីស្តវៀតណាម និងជាការដោះដូរ​​ជាមួយ​វៀតណាម​ទៅនឹងការទទួលស្គាល់ ​លោក​ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តពីឪពុក។ ​​​​

គួរជម្រាបជូនថា គិតត្រឹមពេលនេះ​ ជនបរទេសអន្តោប្រវេសន្ត​យ៉ាងតិច ៦ម៉ឺននាក់ ដែលមានអាយុ​១៨ឆ្នាំឡើង​ ត្រូវបានរដ្ឋាភិបាល​កម្ពុជាផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ជូន។ តាមការឲ្យដឹងពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចំនួនជនបរទេស ដែលកំពុងស្នាក់នៅអចិន្ត្រៃយ៍ចំនួន ៧ពាន់នាក់ ក្នុងចំណោម៩ពាន់នាក់ បានចូលទៅសុំពន្យាបណ្ណស្នាក់នៅអចិន្ត្រៃយ៍របស់ពួកគេ ដែលមានរយៈពេល២ឆ្នាំម្តង។

តែយ៉ាងណា​​ ​បច្ចុប្បន្នប្រទេស​កម្ពុជា មានជនបរទេស​អន្តោប្រវេសន្ត​ជិត​ ១ម៉ឺននាក់ដែល​បន្តស្នាក់នៅ​​ខុសច្បាប់​ ដោយ​មិនបាន​មកសុំ​បណ្ណ​ស្នាក់នៅ​ថ្មី ឬ​សុំ​បន្ត​រយៈពេល​ប្រើប្រាស់ ដែលជា​​បញ្ហា​ប្រឈមពាក់ព័ន្ធ​ការគ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍។ នេះ បើតាមការឱ្យដឹង​ពីក្រសួងមហាផ្ទៃក្នុង​​ពិធី​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ​២០២២ កាលពី​​ខែកុម្ភៈកន្លងទៅ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ