អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្សភ្លើងទៀនមិនទាន់ផ្តល់តួនាទីដល់លោក ស៊ុត ឌីណា នៅឡើយដោយរងចាំមើលជំហរសាមីុខ្លួន

គណបក្សភ្លើងទៀនបានប្រកាសស្វាគមន៍ លោក ស៊ុត ឌីណា ដែលបានចូលខ្លួនដល់ទីស្នាក់ការបក្សសុំចូលរួមជីវភាពនយោបាយ កាលថ្ងៃទី២៥សីហា។ ការបោះជំហ៊ានចូលសង្វៀននយោបាយជាថ្មីរបស់ លោក ស៊ុត ឌីណា នៅពេលនេះធ្វើឡើងពីរឆ្នាំ បន្ទាប់ពីលោកត្រូវបានព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់ឱ្យដោះលែងចេញពីពន្ធនាគារកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ក្រោយជាប់ឃុំអស់រយៈពេលជាង៤ឆ្នាំ ក្នុងសំណុំរឿងពុករលួយអំឡុងពេលកាន់តួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង។

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន © FB
ផ្សាយពាណិជ្ជកម្ម

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី២៩សីហាថា គណបក្សបានទទួលសំណើសុំរួមរស់ផ្នែកនយោបាយពីលោក ស៊ុត ឌីណា រួចហើយ។ តែសម្រាប់តួនាទីមុខតំណែងអ្វីដែលគណបក្សភ្លើងទៀននឹងប្រគល់ឲ្យលោកឌីណា ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ខាងមុខលោក សុន ឆ័យ ក៏មិនទាន់បានដឹងដែរ ពោលគឺអាស្រ័យលើជំហរនយោបាយរបស់សាម៉ីខ្លួន។ ប៉ុន្តែប្រសិនបើសាម៉ីខ្លួនត្រូវបានតែងតាំង ឬចង់ឈរឈ្មោះតាមមណ្ឌលណាមួយនោះ គណបក្សភ្លើងទៀនត្រូវស្រាវជ្រាវរកភាពស្អាតស្អំរបស់ លោក ស៊ុត ឌីណា ជាមុនសិនជុំវិញរឿងរ៉ាវពុករលួយដែលរដ្ឋាភិបាលកម្ពុជាបានចោទប្រកាន់អំឡុងពេលកាន់តួនាទីជា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង។

លោក ស៊ុត ឌីណា មិនទាន់បានធ្វើការពន្យល់ឲ្យបានលម្អិតជុំវិញសំណើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សនយោបាយនៅឡើយទេ លោកគ្រាន់តែសសេរដោយខ្លីលើបណ្ដាញសង្គមហ្វេសបុកផ្ទាល់ខ្លួនថា លោកបានទៅស្នាក់ការកណ្តាលគណបក្សភ្លើងទៀន ដើម្បីដាក់ពាក្យសុំចូលបំរើសកម្មភាពនយោបាយ។

បើតាមលោក សុន ឆ័យ គោលការណ៍រួមមួយដែលគណបក្សចង់បានពីអ្នកចូលរួមជីវភាពនយោបាយជាមួយនោះគឺស្មោះត្រង់ចំពោះជាតិ ស្រឡាញ់លិទ្ធិប្រជាធិបតេយ្យដែលមិនមែនជាបុណ្យសក្ដិ ស្អាតស្អំ មិនប្រព្រឹត្តអំពើពុករលួយ និងបំរើប្រជាពលរដ្ឋដោយភាពត្រឹមត្រូវ។

នៅក្នុងជីវភាពនយោបាយមុនប្រឈមបទចោទពុករលួយ លោក ស៊ុត ឌីណា ត្រូវបានតែងតាំងជាអគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គណបក្សនរោត្តម រណប្ញទ្ធិ សម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៤ នៅឆ្នាំ ២០០៨។ លោក ស៊ុត ឌីណា និងភរិយាកាលពីឆ្នាំ២០០៩ បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលលោកធ្លាប់បានរិះគន់ប្រឆាំងកន្លងមក។ លោកត្រូវបានរដ្ឋាភិបាល តែងតាំងជាអនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ស៊ុត ឌីណា ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៣។ ជាងពីរឆ្នាំក្នុងតួនាទីទូត លោកត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនពាកព័ន្ធនឹងទឹកប្រាក់ជាង ៧លានដុល្លារ  ក្នុងបទចោទកេង​យក​ប្រយោជន៍​ដោយ​ខុសច្បាប់ និងបទ​រំលោភ​អំណាច​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ