អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរខេត្តសៀមរាបបញ្ជាឲ្យលោក ខឹម វាសនា បញ្ឈប់សកម្មភាពជាបន្ទាន់ តែលោក ខឹម វាសនា សុំពន្យាពេល

អាជ្ញាធរខេត្តសៀមរាប ដោយមានលោក ទៀ សីហា ជាអភិបាលខេត្ត បានបញ្ជាឲ្យ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បញ្ឈប់នូវសកម្មភាពជួបជុំជាបន្ទាន់។ ការបញ្ជារបស់លោក ទៀ សីហា ធ្វើឡើងបន្ទាប់ពីលោក និងលោក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ នាថ្ងៃសៅរ៍ បានទៅជួបលោក ខឹម វាសនា ដោយផ្ទាល់ ដើម្បីសួរនាំសកម្មភាពបំផុសពលរដ្ឋឲ្យទៅជួបជុំនៅដីចម្ការ។ ក៏ប៉ុន្តែការបញ្ជារបស់លោក ទៀ សីហា ត្រូវបានលោក ខឹម វាសនា បដិសេធ ដោយស្នើសុំពន្យាពេលដល់ថ្ងៃទី៣០សីហា។

លោក ខឹម វាសនា​ និងលោក ហ៊ុន ម៉ានិត(អង្គុយ)
លោក ខឹម វាសនា​ និងលោក ហ៊ុន ម៉ានិត(អង្គុយ) © សហការី
ផ្សាយពាណិជ្ជកម្ម

មិនទាន់មានការយល់ស្របពីអាជ្ញាធរខេត្តសៀមរាបនោះទេ ចំពោះការស្នើសុំពន្យាពេលរំសាយរហូតដល់ថ្ងៃទី៣០សីហា ទៅលើសកម្មភាពប្រមូលផ្តុំមនុស្សរាប់ពាន់នាក់នៅដីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ តែអ្វីដែលយល់ស្របនោះ គឺ ការថែទាំសុខភាព និងសុវត្ថិភាពប្រជាពលរដ្ឋ ដោយអាជ្ញាធរសុំដាក់កម្លាំងការពារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដែលប្រមូលផ្តុំគ្នានៅដីចម្ការនោះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា។

ក្នុងជំនួបដោយមាន លោក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និងដែលជាកូនប្រុសទី២របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងនោះ អាជ្ញាធរខេត្តសៀមរាបក៏បានបញ្ជាដោយផ្ទាល់ឲ្យលោក ខឹម វាសនា បញ្ឈប់នូវសកម្មភាពបំផុសបំផុលតទៅទៀត។ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានចាត់ទុកសកម្មភាពរបស់លោក ខឹម វាសនា ថាកំពុងធ្វើឲ្យប្រជាពលរដ្ឋចលាចល និងខាតបង់ប្រយោជន៍ផ្ទាល់ខ្លួន នៅទន្ទឹមដែលមានពលករខ្មែរនៅកូរ៉េរាប់ពាន់នាក់ បានសម្រុកមកជួបជុំ តាមការលើកឡើងរបស់លោក ខឹម វាសនា។

មិនទាន់មានចំណាត់ការផ្លូវច្បាប់ណាមួយ ទៅលើសកម្មភាពបំផុសបំផុលរបស់លោក ខឹម វាសនា នោះទេ ខណៈដែលអ្នកតាមដានសង្គមមួយចំនួន យល់ឃើញថា ទង្វើនេះកំពុងធ្វើឲ្យចលាចលក្នុងសង្គម ដែលគួរប្រឈមចំពោះមុខច្បាប់។ ជាមួយគ្នានេះ លិខិតរបស់មន្ទីរធម្មការនិងសាសនាខេត្តសៀមរាប កាលពីថ្ងៃទី២៦សីហា បានស្នើឲ្យអភិបាលខេត្តទប់ស្កាត់សកម្មភាពបំផុសបំផុលរបស់លោក ខឹម វាសនា ជាបន្ទាន់។

គួរបញ្ជាក់ថា នៅប៉ុន្មានថ្ងៃមកនេះ លោក ខឹម វាសនា ប្រមុខបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរ នៅលើ​ហ្វេសប៊ុករបស់ខ្លួនថា តាមការធ្វើវិបស្សនា លោកអះអាងថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ ហើយអំពាវនាវឲ្យអ្នកដែលគាំទ្រខ្លួនវិលមកជុំគ្នានៅលើដីចម្ការរបស់លោក​នៅក្នុងខេត្តសៀមរាប​ទើបអាចរួចផុតពីគ្រោះមហន្តរាយ។ សំណេរលោក ខឹម វាសនា បានញ៉ាំងឲ្យពលរដ្ឋយ៉ាងហោចណាស់ ១ម៉ឺន៥ពាន់នាក់ បានវេចមុង ភួយ ទៅទីនោះ ខណៈដែលពលករខ្មែរនៅកូរ៉េជាង១ពាន់នាក់ ដែលជាអ្នកគាំទ្រ ក៏ប្រញាប់ប្រញាល់ត្រលប់មកកម្ពុជា ដោយបោះបង់ការងាររបស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ