អានតួអត្ថបទ
កម្ពុជា-នយោបាយ

នៅជាង២ខែទៀត មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិនឹងផុតបម្រាមធ្វើនយោបាយ

ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ អ្នកនយោបាយជាន់ខ្ពស់គណបក្សនេះចំនួន១១៨រូប ត្រូវបានតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ក៏ប៉ុន្តែអំឡុងពេល៥ឆ្នាំកន្លងទៅនេះ មានមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិមិនតិចជាង៣០នាក់ទេ ដែលបានដាក់ពាក្យជាបន្តបន្ទាប់ស្នើសុំសម្បទាធ្វើនយោបាយឡើងវិញ ខណៈការហាមប្រាមសិទ្ធិធ្វើនយោបាយនឹងអស់សុពលភាពនៅអំឡុងជាង២ខែខាងមុខ។ មួយចំនួនទៀតបន្តរស់នៅនិរទេសខ្លួនឯបរទេស ហើយមេដឹកនាំកំពូលៗរបស់គណបក្សនេះស្ទើរទាំងអស់កំពុងជាប់បណ្តឹងធំៗនៅឡើយ។

មន្រ្តីអតីតគណបក្សសង្គ្រោះជាតិ
មន្រ្តីអតីតគណបក្សសង្គ្រោះជាតិ © Internet
ផ្សាយពាណិជ្ជកម្ម

ក្រៅពីអ្នកសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដែលជាមន្ត្រីសំខាន់ៗរបស់អតីតគណបក្សសង្គ្រោះជាតិប្រមាណជា៣០នាក់ មិនមានការស្នើសុំថ្មីទៀតទេមួយរយៈចុងក្រោយនេះពីសំណាក់មន្ត្រីបក្សប្រឆាំងដែលរងបំរាមធ្វើនយោបាយ។ នេះបើតាមលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។

ជាមួយគ្នានេះ មន្ត្រីសំខាន់៣នាក់ផ្សេងទៀតរបស់គណបក្សប្រឆាំង ក្នុងនោះមានលោក អ៊ូ ច័ន្ទឬទ្ធិ លោក គង់ សភា លោក ហេង ដាណារ៉ូ កាលពីចុងខែកក្កដាកន្លងទៅ បានធ្វើលិខិតរួមគ្នាមួយស្នើសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំឲ្យពួកគេរួចផុតពីទោសទណ្ឌតុលាការ ហើយលិខិតនេះទើបតែមានការបែកធ្លាយកាលពីពេលថ្មីៗនេះ។ ក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បញ្ជាក់ថាអ្នកទាំង៣មិនមានលិខិតមកក្រសួង ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះទេ។

លោក អ៊ូ ច័ន្ទរ័ត្ន ត្រូវជាបងប្អូនបង្កើតរបស់លោក អ៊ូ ច័ន្ទឬទ្ធិ សុទ្ធសឹងជាតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិដូចគ្នា មិនរំពឹងថាជាលិខិតពិតទេ ដោយលោកមិនមានជំនឿថាជាការសម្រេចចិត្តរបស់លោក អ៊ូ ច័ន្ទឬទ្ធិ ខណៈលោកមានការសង្ស័យលើហត្ថលេខារបស់ប្អូនលោក ថែមទាំងមិនមានការបញ្ជាក់ពីសមីខ្លួនអ្វីឡើយ។ លោកថាដំណឹងនេះ បើដូច្នោះមែន គួរតែលោកទទួលបានមុនគេ។

សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបានប្រកាសសាលដីកាសម្រេចឲ្យ រំលាយគណបក្សសង្រ្គោះជាតិ ដោយសារប្រធានគណបក្សលោក កឹម សុខា បានរងការចោទថាឃុបឃិតជាមួយរដ្ឋបរទេស។ ភ្ជាប់ជាមួយសាលដីការនេះ តុលាការក៏បានហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំ។

បើគិតមកដល់ពេលនេះ បំរាមរបស់តុលាការកំពូលជិតផុតសុពលភាពហើយ គឺនៅសល់តែជាង២ខែទៀតប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី មន្ត្រីសំខាន់ៗរបស់គណបក្សប្រឆាំងមួយនេះ ទំនងជាមិនអាចវិលចូលធ្វើនយោបាយវិញបានទេ បើទោះណាជាផុតកំណត់បំរាមក៏ដោយ គិតចាប់ពីមេដឹកនាំកំពូលដូចជាលោក សម រង្ស៊ី លោក កឹម សុខា លោក អេង ឆៃអ៊ាង លោកស្រី មួរ សុខហួរ និងមន្ត្រីសំខាន់មួយចំនួនទៀត ដោយសារពួគគេនៅជាប់បណ្តឹងជាច្រើន បន្ថែមលើបំរាមធ្វើនយោបាយ៥ឆ្នាំ។

អ្នកវិភាគនយោបាយនានាមើលឃើញថា បើមិនមានដំណោះស្រាយនយោបាយដូចដែលកម្ពុជាធ្លាប់ឆ្លងកាត់កន្លងមកនោះទេ នោះមេដឹកនាំបក្សប្រឆាំងសំខាន់ៗ ក្នុងចំណោម១១៨នាក់ដែលជាប់បំរាម នឹងបាត់ឱកាសចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ ខាងមុខ។

ងាកទៅមើល គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចវិញ ត្រូវគេគិតថាទំនងជាមិនងាយនឹងប្រកាន់យកវប្បធម៌សន្ទនាមកអនុវត្តទេ ដោយសារការបង្កើនការវាយប្រហារពីសំណាក់មេដឹកនាំនិងសកម្មជនប្រឆាំងអាចជាលេសរបស់បក្សកាន់អំណាចរុញទូកបណ្តោយទឹកសម្លាប់វប្បធម៌សន្ទនាជានិរន្តរ៍តែម្តង។ មួយវិញទៀត សម្ពាធអន្តរជាតិមកលើបក្សកាន់អំណាចហាក់ដូចជាមិនមានឥទ្ធិពល រួមនឹងការទទួលស្គាល់កាន់តែច្រើនទៅៗដល់រដ្ឋាភិបាលក្រុងភ្នំពេញតាមរយៈសកម្មភាពជាអន្តរជាតិនានា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ