អានតួអត្ថបទ
កម្ពុជា-សង្គម

ការចាប់ខ្លួនគ្រូបង្ហាត់ក្បាច់គុនខ្មែរ៖តុលាការអះអាងថាពាក់ព័ន្ធនឹងការបង្ខាំងមនុស្សខុសច្បាប់

តុលាការខេត្តព្រះសីហនុ អះអាងថា ការចាប់ខ្លួនកីឡាករ និងជាអ្នកបង្ហាត់ក្បាច់គុនខ្មែរម្នាក់ គឺដោយសារតែ​រារាំងជនរងគ្រោះមិនឲ្យរត់ចេញពីកន្លែងឃុំឃាំងខុសច្បាប់នៅសណ្ឋាគារមួយកន្លែងក្នុងខេត្តជាប់មាត់សមុទ្រនេះ​។ ការអះអាងថាបែបនេះ គឺបន្ទាប់ពីមានប្រតិកម្មរបស់​អ្នករួមអាជីពបង្ហាត់ក្បាច់គុនខ្មែរ​មួយចំនួន​ ដែលថា ការចាប់ខ្លួន​នេះ គឺជារឿងអយុត្តិធម៌ និងប៉ះពាល់ដល់ការបង្ហាត់ក្បាច់គុនខ្មែរ។

ជិន ភារៀង ហៅ ជិន រ៉ា ជាគ្រូបង្វិកក្បាច់គុនបុរាណខ្មែរ
ជិន ភារៀង ហៅ ជិន រ៉ា ជាគ្រូបង្វិកក្បាច់គុនបុរាណខ្មែរ © Internet
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តី​បំភ្លឺនៅថ្ងៃទី១០សីហា ២០២២ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ អះអាងថា ឈ្មោះជិន ភារៀង ហៅ ជិន រ៉ា ត្រូវបានសមត្ថកិច្ចចាប់​ខ្លួនពាក់ព័ន្ធ​នឹង​ហេតុ​ការ​ណ៍បង្ខាំងមនុស្ស​ខុស​ច្បាប់នៅ​សណ្ឋាគារជីងកាង ក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី២១ខែមេសាឆ្នាំ២០២២។ 

បើតាមតុលាការជាន់ទាបនេះ ការចាប់ខ្លួនកីឡាករគុនខ្មែររូបនេះ គឺពាក់ព័ន្ធ​នឹង​បទ​ចាប់​ឃុំឃាំង និង​បង្ខាំងមនុស្ស​ដោយ​ខុស​ច្បាប់ និង​កាន់​កាប់​អាវុធ​ដោយគ្មានការអនុញ្ញាត ដែលជាបទល្មើស​ព្រហ្មទណ្ឌ។ អ្នកនាំពាក្យ​សាលាដំបូងខេត្តព្រះសីហនុ អះអាងថា ការចាប់​ខ្លួនបុរស ជិន ភារៀង ហៅជិន រ៉ា មិនមែនពាក់​ព័ន្ធ​នឹង​ការ​បង្ហាត់​ក្បាច់​គុនខ្មែរនោះទេ។

ការអះអាងថារបស់បែបនេះរបស់តុលាការគឺបន្ទាប់ពីមានប្រតិកម្មរបស់​អ្នករួមអាជីពបង្ហាត់ក្បាច់គុនខ្មែរ​មួយចំនួន​ដែលថា ការចាប់ខ្លួន​នេះគឺជារឿងអយុត្តិធម៌ និងប៉ះពាល់ដល់ការបង្ហាត់ក្បាច់គុនខ្មែរ។

កញ្ញា ពេជ្រ ចរណៃ ដែលជាអ្នកបង្ហាត់​ក្បាច់គុនខ្មែរម្នាក់ និងជាតារាសំដែងផងនោះ បាន​រៀបរាប់ថា ការ​ចាប់​ខ្លួន​លោក ជិន រ៉ា គឺជារឿងអយុត្តិធម៌។ អយុត្តិធម៌ដោយ​កញ្ញាសំអាងថា​ គ្រូបង្ហាត់គុនខ្មែររូបនេះ​បានទៅ​ធ្វើ​ការ​នៅទីនោះតាមរយៈកិច្ច​សន្យាបង្ហាត់​ក្បាច់​គុនខ្មែរដល់ជនជាតិចិននៅពេល​ថ្ងៃ ហើយនៅពេល​យប់​ត្រូវបំពេញការងារជាសន្តិសុខយាមសណ្ឋាជីងកាង​ដើម្បី​បានប្រាក់​ចិញ្ចឹមគ្រួសារ។

បើតាម កញ្ញា ពេជ្រ ចរណៃ គ្រូបង្ហាត់ក្បាច់គុនខ្មែររូបនេះ ​ក៏ជាជនរងគ្រោះ​ម្នាក់ ​ក្នុង​ការ​ចាញ់​បោក​គេ​ទៅធ្វើ​ការ​នៅកន្លែង​ខុសច្បាប់ដែរ ដោយសារ ​លោក ជិន រ៉ា មិនបានដឹងជាមុនថា សណ្ឋាគារជីងកាងនោះជាកន្លែង​បង្ខាំងមនុស្សខុសច្បាប់នោះដែរ។

យ៉ាងណាក៏ដោយ បើតាមតុលាការ​ខេត្តព្រះសីហនុ បុរសឈ្មោះ ជិន រ៉ា កំពុងជាប់ឃុំ ពី​បទ​ចាប់​ឃុំឃាំង និង​បង្ខាំងមនុស្ស​ដោយ​ខុស​ច្បាប់ និង​កាន់​កាប់​អាវុធ​ដោយគ្មានការអនុញ្ញាត រួមទាំងជនសង្ស័យ៤នាក់ផ្សេងទៀត៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ