អានតួអត្ថបទ
កម្ពុជា-សង្គម

ស្ថាប័នសិទ្ធិមនុស្សកម្ពុជាក៏តាមដានករណីប្រតិបត្តិការបង្ក្រាបបទល្មើស រហូតបណ្តាលឱ្យបុរសម្នាក់ស្លាប់)

គណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា ​កំពុងតាមដាន​ភាពមិនប្រក្រតីក្រោយ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស ​រហូត​បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​នៅ​ខេត្ត​កំពង់ធំ កាលពីបីថ្ងៃមុន។ លោក កត្តា អន អ្នក​នាំពាក្យ​ស្ថាប័ន​សិទ្ធិ​មនុស្សបាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​១០​សីហា​នេះដោយបាន​បន្ថែមថា មន្ត្រីស៊ើបអង្កេតរបស់គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នឹងអន្តរាគមន៍ទៅសមត្ថកិច្ចជំនាញ ឬតុលាការពិនិត្យសើរើ បើសិនជាករណីនេះពិតជាមានជាប់ពាក់ព័ន្ធ នឹងការរំលោភសិទ្ធិមនុស្ស ឬមិនបានផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។  

ជនរងគ្រោះសព លោក សួង ឌ័ន
ជនរងគ្រោះសព លោក សួង ឌ័ន © សហការី
ផ្សាយពាណិជ្ជកម្ម

ជំហររបស់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាយ៉ាងដូច្នេះ កើតមានឡើងបន្ទាប់ពីកូនស្រីក្រុមគ្រួសារជនរងគ្រោះសព លោក សួង ឌ័ន អង្វរសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  និងលោក កែវ រ៉េមី ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្វែងរកយុត្តិធម៌ដល់ លោក សួង ឌ័ន ស្លាប់នៅប្រតិបត្តិការបង្ក្រាបបទល្មើសមួយ កាលពីថ្ងៃទី៧សីហា នៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមរយៈទំព័រហ្វេសបុករបស់កញ្ញា នារតី ឌីន កូនស្រីសពលោក សួង ឌ័ន រៀបរាប់ថា ឪពុកបានស្លាប់ក្រោយរងនូវអំពើដ៏សាហាវព្រៃផ្សៃ និងអមនុស្សធម៌។ បើតាមកូនស្រីម្នាក់នេះ ឪពុកនិងប៉េអឹមបានជួបគ្នានៅគ្រាដែល លោក សួង ឌ័ន ចេញពីប្រជុំ​​ ចៃដន្យភ្លៀងក៏ចូលជ្រកភ្លៀង នៅតូបកាហ្វេ។ ជ្រកមិនបានប៉ុន្មានផង ប៉េអឹមក៏ចាប់លោកឪពុកនាងសង្កត់ត្រង់ចំណុចក ដកដង្ហើមមិនចេញ រហូតផុតដង្ហើមនៅលើឡាន​។ លោក សួង ឌ័ន មានតួនាទីជាអនុភូមិ នៃភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍។

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់ពីដំណើរដើមទងយ៉ាងដូច្នេះថា លោក សួង ឌ័ន ហ្នឹង! ជាជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យ៤នាក់មានជាប់ព័ន្ធនឹងល្បែងជល់មាន់តាមអនឡាញ មិនមែនសុខៗកម្លាំងប៉េអឹមចាប់ លោក សួង ឌ័ន សង្កត់កឡើយ​។ ចំពោះមរណៈដែលត្រូវបានទាញភ្ជាប់ករណីសង្កត់កលោក អេង ហ៊ី សុំចិត្តអ្នកទាញភ្ជាប់រងចាំលទ្ធផលស៊ើបអង្កេតសិនចាំវាយតម្លៃ។ លទ្ធផលស៊ើបអង្កេតនឹងចេញផ្សាយជាសាធារណៈក្នុងពេលឆាប់ៗព្រោះនៅថ្ងៃទី១០សីហានេះ គណៈកម្មការស៊ើបអង្កេតបានចុះទៅសួរនាំម្ចាស់ទីតាំងល្បែងជល់មាន់តាមអនឡាញជុំវិញហេតុការណ៍ដែលកើតឡើងនៅថ្ងៃទី៧សីហា។

ថ្លែងតាមរបាយការណ៍ពីថ្នាក់ក្រោម លោក អេង ហ៊ី បានគូសបញ្ជាក់ថា អំឡុងពេលឃាត់ខ្លួនបញ្ជូនឡើងឡានលោក សួង ​ឌ័ន មានអាការៈមិនស្រួលខ្លួនស្រាប់ទៅហើយ។  ទោះជាយ៉ាងណាសម្រាប់គ្រួសារជនរងគ្រោះបានបរិហាថា នេះអនុវត្ដច្បាប់តែគ្មានទំនួលខុសត្រូវ។ ដើម្បីភាពត្រឹមត្រូវនិងតម្លាភាព! បន្ថែមពីលើការស៊ើបអង្កេត នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបញ្ជាពីភ្នំពេញឃាត់​ខ្លួន​មន្រ្ដី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់ធំ​ចំនួន​១១​នាក់​ដែលមានជាប់ពាក់ព័ន្ធនៅក្នុងសំណុំរឿងនេះ។

នៅក្នុងសំណុំរឿងនេះ អ្នកធ្វើការផ្នែកសិទ្ធិមនុស្សទាំងរដ្ឋនិងសង្គមស៊ីវិល ក្រើនរំឮកដល់មន្ត្រីអនុវត្តច្បាប់មានភាពអត់ធ្មត់ និងអនុវត្តឲ្យត្រឹមត្រូវ ដើម្បីកុំឲ្យប្រែក្លាយពីអនុវត្តច្បាប់ទៅជាជនជាប់ចោទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ