អានតួអត្ថបទ
កម្ពុជា-សង្គម

គ្រួសារ លោក គង់ សំអាន សុំ លោក ស ខេង អន្តរាគមន៍បញ្ជូនឱពុកចេញមកព្យាបាលនៅក្រៅជាបន្ទាន់

តាមគម្រោងនៅថ្ងៃទី៩សីហាស្អែក ក្រុមគ្រួសាររបស់ លោក គង់ សំអាន នឹងដាក់ញត្តិស្នើសុំរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកឧបនាយករដ្ឋមន្ត្រី ស ខេង អន្តរាគមន៍អនុញ្ញាត្តបញ្ជូន លោក គង់ សំអាន ចេញមកព្យាបាលជំងឺនៅមន្ទីរពេទ្យខាងក្រៅជាបន្ទាន់ព្រោះស្ថានភាពសុខភាពលោក គង់ សំអាន ទ្រុឌទ្រោមខ្លាំង។ លោក គង់ សំអាន ប្រធាន​ប្រតិបត្តិអតីត​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ស្រុក​មេមត់ ខេត្តត្បូងឃ្មុំ កំពុងជាប់ឃុំនៅក្នុងសំណុំរឿង«រួមគំនិតក្បត់»។

លោក គង់ សំអាន ប្រធានប្រតិបត្តិអតីតគណបក្សសង្គ្រោះជាតិប្រចាំស្រុកមេមត់ ខេត្តត្បូងឃ្មុំ
លោក គង់ សំអាន ប្រធានប្រតិបត្តិអតីតគណបក្សសង្គ្រោះជាតិប្រចាំស្រុកមេមត់ ខេត្តត្បូងឃ្មុំ © សហការី
ផ្សាយពាណិជ្ជកម្ម

មែនទែនទៅសំណើរអន្តរាគមន៍ដល់ថ្នាក់កំពូល បន្ទាប់ពីសំណើទៅកាន់ថ្នាក់ក្រោម ដែលជាអគ្គនាយកដ្ឋានពន្ធនាគារច្រើនលើកច្រើនសាមិនឆ្លើយតប ឬផ្ដល់ដំណោះស្រាយជូន លោក គង់ សំអាន​។ នេះជាខ្លឹមសារចារក្នុងញត្តិរបស់ក្រុមគ្រួសារលោក គង់ សំអាន ជម្រាបប្រាប់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ដែលមានស្នាមមេដៃឯកភាពពីយុវជន សកម្មជន អតីតអ្នកជាប់ឃុំ។ បើតាមក្រុមគ្រួសារ រូបរាងកាយលោក គង់ សំអាន មានសភាពស្គមស្គាំងខ្លាំង សុខភាពទ្រុឌទ្រោមពិសារអាហារមិនបានដោយសារមានជំងឺមាត់ធ្មេញធ្ងរ។

ក្រៅពីលោក គង់ សំអាន  ញត្តិដដែលនេះក៏ស្នើអគ្គនាយកដ្ឋានពន្ធនាគារយកចិត្តទុកដាក់លើសុខមាលភាពជនជាប់ចោទទាំងអស់ដូចមានចែងនៅមាត្រា៣៨នៃច្បាប់ស្ដីពីពន្ធនាគារ​។ ជុំវិញការលើកឡើងទាំងអំបាលមាណនេះនៅមិនទាន់មានការឆ្លើយតបពីអគ្គនាយកដ្ឋានពន្ធនាគារនៅឡើយទេគិតមកដល់ថ្ងៃទី៨សីហានេះ។

មានអាយុ៧០ឆ្នាំ លោក គង់ សំអាន កំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែ«ម»១។ គាត់ និងសកម្មជន៦នាក់ផ្សេងទៀតមានជាប់ព័ន្ធនឹងសំណុំរឿងរួមគំនិតក្បត់ដែលបានត្រូវសាលាដំបូង​ខេត្ត​ត្បូង​ឃ្មុំកាត់ទោស​ឲ្យជាប់ពន្ធនាគារ ក្នុងនោះមាន​ជន​​ជាប់ចោទ​២​នាក់ជាប់​ពន្ធនាគារ៥ឆ្នាំ និង​៥​នាក់​ទៀតជាប់​​ពន្ធនាគារ​៧​​ឆ្នាំ កាលពីខែ​កុម្ភៈ ឆ្នាំ​២០២០ កន្លងទៅ។ ក្នុងចំណោមជនជាប់​ចោទ​ទាំង​៧​រូប​នោះ គឺ​មាន​​តែ​​លោក គង់ សំអាន ម្នាក់​គត់​ដែលជាប់​ពន្ធនាគារ ក្រៅពីនោះ គឺ​តុលាការ​បាន​អនុញ្ញាត​ឱ្យ​ពួកគេ​​នៅក្រៅឃុំ​បណ្ដោះអាសន្ន​ និងខ្លះទៀតកំពុងរស់​នៅក្រៅ​ប្រទេស។​  ហើយកាលពី៣ខែមុន តុលាការកំពូល ​សម្រេច​តម្កល់​សំណុំរឿង​សកម្មជន​បក្ស​ប្រឆាំង​លោក គង់ សំអាន ទុក​ជា​បាន​ការ​ដដែល​នៅ​ថ្ងៃទី៤ ខែឧសភា បន្ទាប់ពីតុលាការ​កំពូល​បាន​បើក​សវនាការ ​លើបណ្ដឹង​សាទុក្ខ​សំណុំរឿង​លោក គង់ សំអាន ដែល​បាន​ប្ដឹង​ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ​ថ្នាក់ក្រោម ដែល​បាន​កាត់ទោ​សឲ្យ​លោក​ជាប់​ពន្ធនាគារ​៧​ឆ្នាំ​ កាល​ពី​ឆ្នាំ​២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ