អានតួអត្ថបទ
កម្ពុជា-សង្គម

OHCHR បង្ហាញក្ដីព្រួយបារម្ភពីការកើនឡើងនៃការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា

ការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ហៅកាត់(OHCHR)នៅថ្ងៃទី៣សីហាម្សិលមិញ បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ស្ដីពីស្ថានភាពនៃសេរីភាពសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជាកម្រាស៣៩ទំព័រ។ នៅក្នុងរបាយការណ៍សង្ខេបដោយឡែក OHCHRបានបង្ហាញក្ដីព្រួយបារម្ភពី ការកើនឡើងនៃការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកម្ពុជា ដែលជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។

រូបតំណាង
រូបតំណាង © សហការី
ផ្សាយពាណិជ្ជកម្ម

ការវាយប្រហារដែលស្ដែងឡើង​តាមរយៈ អាជ្ញាធរនៅក្នុងប្រទេសកម្ពុជាបានអនុម័តយ៉ាងសកម្មនូវច្បាប់ដែលរឹតបន្តឹងលើលំហពលរដ្ឋទូទៅ ដែលផ្តល់អំណាចដល់អាជ្ញាធរ ក្នុងការរឹតត្បឹតដាក់អ្នកសារព័ត៌មាន​ដូចជា ច្បាប់ស្តីពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងអនុក្រឹត្យឆ្នាំ ២០២២ ស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ។ 

អ្នកសារព័ត៌មានចំនួន៦៥នាក់ត្រូវបានសម្ភាសន៍និងស្ទង់មតិ ដែលជាផ្នែកមួយនៃរបាយការណ៍ និយាយថា ពួកគេបានប្រឈមមុខនឹងការជ្រៀតជ្រែកមួយចំនួនក្នុងពេលបំពេញការងារ ខណៈជាង ៨០ភាគរយ នៃអ្នកដែលត្រូវបានស្ទង់មតិ បានលើកឡើងថា ពួកគេត្រូវបានឃ្លាំមើល និង រឹតបន្តឹងដែលមិនសមាមាត្រឬមិនចាំបាច់។ របាយការណ៍ក៏បានលើកឡើងពីឧបសគ្គជាក់លាក់ ដែលបុគ្គលិកសារព័ត៌មានជាស្ត្រីជួបប្រទះ រួមទាំងកង្វះតំណាងស្ត្រីនៅក្នុងតួនាទីជាអ្នកដឹកនាំក្នុងវិស័យសារព័ត៌មាន។

លោកស្រី មីស្យេល បាស្យេឡេត ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានលើកឡើងនៅក្នុងរបាយការណ៍សង្ខេបថា ស្ថានភាពអ្នកសារព័ត៌មានដែលការរកឃើញនៅក្នុងរបាយការណ៍នេះ គឺគួរឱ្យព្រួយបារម្ភខ្លាំងណាស់។  លោកស្រីជំរុញឱ្យអាជ្ញាធរ​ទទួលយកអនុសាសន៍របស់ការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ដើម្បីធានាថា ប្រព័ន្ធផ្សព្វផ្សាយ អាចអនុវត្តការងារសំខាន់ៗរបស់ពួកគេដោយយុត្តិធម៌ និងតម្លាភាព ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់​។ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាន ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រជាចាំបាច់ ដល់រដ្ឋាភិបាលដើម្បីអនុវត្តអនុសាសន៍ទាំងនេះ។

អនុសាសន៍ទាំងនោះ គឺរដ្ឋាភិបាលត្រូវចាត់វិធានការជាបន្ទាន់ រួមទាំងបញ្ចប់ការប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌប្រឆាំងលើអ្នកសារព័ត៌មាន។ បណ្ដុះបណ្ដាលមន្ត្រីនគរបាល ចៅក្រមស៊ើបសួរ ចៅក្រមជំនុំជម្រះ មេធាវី ក្នុងការអនុវត្តច្បាប់ស្ដីពីច្បាប់សារព័ត៌មាន រួមទាំងការបណ្ដុះបណ្ដាលអំពីការរើសអើងយេនឌ័រដែលមិនត្រឹមត្រូវលើស្ត្រីអ្នកសារព័ត៌មាន។

ចាប់តាំងពីខែមករាឆ្នាំ២០១៧មក អ្នកសារព័ត៌មានចំនួន២៣នាក់ បានប្រឈមនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌពីបទផ្សព្វផ្សាយព័ត៌មានមិនពិត បរិហារកេរ្តិ៍ ឬញុះញង់ ដោយសារលទ្ធផលការងាររបស់ពួកគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ