អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី ផ្តើមបរិហារកេរ្តិ៍លោក ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សកាន់អំណាច

មេដឹកនាំអតីតបក្សប្រឆាំងដែលកំពុងនៅក្រៅប្រទេស​បានចេញមុខ​បរិហារកេរ្តិ៍កូន​ប្រុស​ច្បង លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលត្រូវបានគណបក្សកាន់អំណាចចាត់តាំងជាបេក្ខជននាយក​រដ្ឋមន្ត្រី។ សម្រាប់ លោក សម រង្ស៊ី ផែនការបន្តវេន ក្នុងគ្រួសារតែមួយបែបនេះគឺមិនអាចទទួលយកបានឡើយ ដោយលោកយល់ថា លោក ហ៊ុន ម៉ាណែត គ្មានគំនិតអ្វីផ្ទាល់ខ្លួន ហើយគាត់ចេះតែសូត្រតាមឪពុករបស់គាត់។ ប៉ុន្តែ​អ្នកនាំពាក្យគណបក្សកាន់អំណាច ចាត់ទុក​ការបរិហារកេរ្តិ៍ បែបនេះទៅលើ លោក ហ៊ុន ម៉ាណែត ថាគ្រាន់តែធ្វើឲ្យគេចាប់អារម្មណ៍គាត់ឡើងវិញតែប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងលោកសម រង្ស៊ី​ អតីត​ប្រធាន​ស្តីទី​នៃអតីត​គណបក្ស​សង្រ្គោះជាតិ
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងលោកសម រង្ស៊ី​ អតីត​ប្រធាន​ស្តីទី​នៃអតីត​គណបក្ស​សង្រ្គោះជាតិ © សហការី
ផ្សាយពាណិជ្ជកម្ម

​តាមរយៈសំណេរយ៉ាងវែង ទាំងជា​ភាសាខ្មែរ និងជា​ភាសាអង់គ្លេស លោក សម រង្ស៊ី បានវាយតម្លៃ លោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយក​រដ្ឋមន្ត្រី​របស់បក្សកាន់អំណាចថា ជាមនុស្សដែលគ្មានគំនិតផ្ទាល់ខ្លួន ហើយមានទស្សនៈចង្អៀតចង្អល់ ចេះមើលតែថយក្រោយ មិនចេះមើលទៅមុខ គឺជាមនុស្សដែលគ្មានសមត្ថភាពដឹកនាំប្រទេសទៅថ្ងៃមុខ។

​លោក សម រង្ស៊ី ថែមទាំង រិះគន់ទៀតថា លោក ហ៊ុន ម៉ាណែត គ្មានស្នាដៃអ្វីទាល់តែសោះ ហើយរង់ចាំតែឪគាត់ លើកបន្តុបជានាយករដ្ឋមន្ត្រី ឲ្យត្រួតត្រា លើឥស្សរជនដទៃទៀត ក្នុងជួរគណបក្សប្រជាជនកម្ពុជា ដែលមានបទពិសោធន៍ និងមានស្នាដៃ លើសពីគាត់ ដោយមិនអាចប្រៀបធៀបបាន។

ការរិះគន់របស់លោក សម រង្ស៊ី គឺដោយយោងលើការ​ថ្លែង​របស់លោក ហ៊ុន ម៉ាណែត ដែលត្រូវបាន​ផ្សព្វផ្សាយ​នៅថ្ងៃទី២៩កក្កដា ដែលលោក ហ៊ុន ម៉ាណែត សរសេរចំណងជើងថា «យុវជនជំនាន់រាមច្បងគឺជាគំរូសម្រាប់យុវជនជំនាន់ក្រោយ ព្រោះជាជំនាន់មួយដែលពោរពេញទៅដោយក្តីសង្ឃឹម ចក្ខុវិស័យ និងការតស៊ូព្យាយាម»។

ក្នុងសុន្ទរកថានេះ លោក ហ៊ុន ម៉ាណែត បានលើកសរសើរពីភាពក្លាហាន​របស់​យុវជនជំនាន់មុន និង​ចក្ខុវិស័យ ក្នុងការកសាងកម្លាំង​ដើម្បី​ផ្តួលរំលំរបប​ខ្មែរ​ក្រហម។ ប៉ុន្តែលោក សម រង្ស៊ី បានចាត់​ទុក​ការ​ថ្លែងរបស់​ លោក ហ៊ុន ម៉ាណែត ថាជាការកែច្នៃ និងបំភ្លៃប្រវត្តិសាស្ត្រ លើច្រើនចំណុច ពី ស ទៅ ខ្មៅ និងពី ខ្មៅ មក ស គឺធ្វើតាមគម្រូឪគាត់ លោក ហ៊ុន សែន។

បើតាម លោក សម រង្ស៊ី គឺលោក ហ៊ុន ម៉ាណែត បានមើលរំលងការតស៊ូ របស់ចលនាខ្មែរអ្នកស្នេហាជាតិ ដូចជារណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដឹកនាំដោយសម្តេច សឺន សាន និងចលនាហ្វ៊ុនស៊ីនប៉ិច ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ។

សម្រាប់ លោក សម រង្ស៊ី ផែនការបន្តវេន ក្នុងគ្រួសារតែមួយបែបនេះ គឺមិនអាចទទួលយកបានឡើយ ដោយលោកយល់ថា លោក ហ៊ុន ម៉ាណែត គ្មានគំនិតអ្វីផ្ទាល់ខ្លួន ហើយគាត់ចេះតែសូត្រតាមឪពុករបស់គាត់។ ប៉ុន្តែលោក សុខ ឥសាន ​អ្នកនាំពាក្យគណបក្សកាន់អំណាច ចាត់ទុក​ការបរិហារកេរ្តិ៍របស់លោក សម រង្ស៊ី ទៅលើលោក ហ៊ុន ម៉ាណែត ថាគ្រាន់ធ្វើឲ្យគេចាប់អារម្មណ៍គាត់ឡើងវិញតែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ