អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សុន ឆ័យថា គ្មានបំណងនិយាយបរិហាកេរ្តិ៍ជាសាធារណៈចំពោះគជប និងបក្សនយោបាយណាមួយឡើយ

លោក សុន ឆ័យ​ អនុប្រធាន​គណបក្ស​ភ្លើងទៀន​បន្តបដិសេធ​ថា ​លោកមិន​បានបំភ្លៃ​ខុសពីការពិត ​និងមិន​មាន​បំណង​ក្នុងការនិយាយ​បរិហាកេរ្តិ៍ជាសាធារណៈ​ទៅកាន់​គជប​ ឬចំពោះគណបក្ស​នយោបាយ​ណាមួយនោះទេ។ នេះជាការលើកឡើងបន្ថែមរបស់លោក សុន ឆ័យទៅលើពាក្យបណ្តឹងរបស់គជប។ អនុប្រធានគណបក្សភ្លើងទៀនរូបនេះបន្តថា រាល់ចម្លើយដែលលោកបានឆ្លើយជាមួយអ្នកកាសែតនាពេលកន្លងមក គឺធ្វើឡើងដោយឥតព្រាងទុក និងជាការឆ្លើយបែបតស៊ូមតិនៅពេលគជបមិនទាន់ប្រកាសលទ្ធផលផ្លូវការ។

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន © FB
ផ្សាយពាណិជ្ជកម្ម

ក្នុងលិខិតឆ្លើយបំភ្លឺបន្ថែមលើពាក្យបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ក្នុងសំណុំរឿងព្រហ្មទណ្ឌ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានលើកឡើងថា ក្នុងបទសម្ភាសន៍ជាមួយកាសែត The Cambodia Daily គឺលោកមិនបានបំភ្លៃការពិត ផ្តល់ព័ត៌មានក្លែងក្លាយ ក្នុងចេតនាទម្លាក់កំហុស និងមូលបង្កាត់ដែលប៉ះពាល់ដល់កិតិ្តយស គជប ឬគណបក្សកាន់អំណាចនោះឡើយ។

ដោយរាល់ពាក្យពេចជ៍ក្នុងបទសម្ភាសន៍​ លោក ស៊ុន ឆ័យថា អត្ថាធិប្បាយឡើងដោយឥតព្រាងទុក និងយោងទៅលើសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដែលខ្លឹមសារថា «ការបោះឆ្នោតកន្លងទៅមិនមានបរិយាកាសស្មើភាព ពលរដ្ឋមិនមានសេរីភាព ក្នុងការចូលរួមកិច្ចការនយោបាយ និងបញ្ចេញមតិបានត្រឹមត្រូវនៅឡើយ»។

ចំណែកត្រង់ឃ្លាថា គជប គ្រប់គ្រងដោយគណបក្សមួយទាំងស្រុងនោះ អនុប្រធានគណបក្សភ្លើងទៀនរូបនេះបញ្ជាក់ឡើងដោយយោងទៅលើសេចក្តីដែលមានចែងក្នុងមាតា១៥១-ថ្មី(ពីរ) នៃរដ្ឋធម្មនុញ្ញ ចែងពីសមាសភាព គជប គឺចេញពីគណបក្សដែលមានអាសន្នៈក្នុងរដ្ឋសភា។ ហើយចាប់តាំងពីឆ្នាំ២០១៨មក លោក ស៊ុន ឆ័យថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលមានអាសន្នៈក្នុងរដ្ឋសភា ព្រមទាំងមន្ត្រីរបស់គណៈកម្មាខេត្តរៀបចំការបោះឆ្នោត (PEC) និង គណៈកម្មា​ឃុំ​សង្កាត់រៀបចំ​ការបោះឆ្នោត​ (CEC) ក៏មានសេចក្តីរាយការណ៍ថា ភាគច្រើនលើសលប់ចេញមកពីមន្ត្រីគណបក្សប្រជាជនកម្ពុជាផងដែរ។

ដោយឡែក ការឆ្លើយថា មានការលួចបន្លំសន្លឹកឆ្នោត គឺដោយសារមានការតវ៉ា ពាក់ព័ន្ធនឹងការបិទទ្វាររបងមណ្ឌលបោះឆ្នោត និងវត្តមានអាជ្ញាធរមូលដ្ឋានក្នុងបរិវេណមណ្ឌលបោះឆ្នោត។ ម្ល៉ោះហើយ លោក​ ស៊ុន ឆ័យ ថា គជបគួរតែយល់អំពីបំណងរបស់លោក ហើយលោក ក៏មិនមានបំណងអ្វីបង្កឱ្យប៉ះពាល់ដល់កិត្តិយស និងស្ថាប័នជាតិនោះទេ។

ចំណែក លោក ជូ ជុងី មេធាវីការពារក្តីឱ្យលោក ស៊ុន ឆ័យបានថ្លែងមកវិទ្យុបារាំងអន្តរជាតិRFIថា ខាងតំណាងអយ្យការនៅមិនទាន់មានឆ្លើយតបអ្វីនោះទេ ប៉ុន្តែការដាក់ចម្លើយបន្ថែមនេះ ដើម្បីឱ្យតំណាងអយ្យការពិនិត្យ និងស្វែងរកយុត្តិធម៌ឱ្យលោក ស៊ុន ឆ័យ។

លោក ជូ​ ជុងី បានឱ្យដឹងថា ការប្តឹងរបស់គជប គឺមិនគួរឱ្យកើតមាននោះទេ ព្រោះជាស្ថាប័នកំពូលរបស់ជាតិដែលមានតួនាទីរៀបចំការបោះឆ្នោតឱ្យមានលក្ខណៈសេរី យុត្តិធម៌ និងតម្លាភាព។ មេធាវីរូបនេះ ក៏ស្នើឱ្យគជប ដកពាក្យបន្តឹងទៅលើលោក ស៊ុន ឆ័យ ដោយលោកលើកឡើងថា គជប ប្រៀបបានទៅនឹងអាជ្ញាកណ្តាល ដែលមានតួនាទីសម្របសម្រួលកីឡាករ ប៉ុន្តែប្រសិនបើអាជ្ញាកណ្តាលមកឈ្លោះជាមួយកីឡាករ នោះមិនមែនជារឿងល្អមើលនោះទេ។   

ជាការឆ្លើយតប លោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្លែងថា ការចោទប្រកាន់គជបថា ជាចោរមិនមែនជារូបភាពកែលម្អគជបនោះទេ ប៉ុន្តែការប្រមាថាស្ថាប័នកំពូលរបស់ជាតិ។ ហើយប្រសិនបើ លោក​ ស៊ុន ឆ័យចង់កែលម្អគជប គួរតែធ្វើលិខិតផ្លូវការទើបជាការប្រសើរ។ លោក​ សោម​ សូរីដា បន្តថា គជប ពិតជាអាជ្ញាកណ្តាលមែន ប៉ុន្តែសម្រាប់លោក ស៊ុន ឆ័យមិនមែនជាកីឡាករនោះទេ ពីព្រោះថា លោកបានមូលបង្កាច់កិតិ្តយសរបស់គជប។

សូមជម្រាបថា លោក ស៊ុន ឆ័យ រងពាក្យបណ្តឹងចំនួនពីរផ្សេងគ្នា ដោយបណ្តឹងទី១ គឺមកពីគណបក្សប្រជាជនកម្ពុជា និងបណ្តឹងទី២ ធ្វើឡើងពីខាងគជប ក្រោមបទចោទ បរិហាកេរ្តិ៍ជាសាធារណៈតាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ