អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្សប្រជាធបិតេយ្យមូលដ្ឋានស្នើចងសម្ព័ន្ធភាពជាមួយបក្សផ្សេងទៀតសម្រាប់ការបោះឆ្នោត២០២៣

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៅថ្ងៃអង្គារ​នេះ ​បាន​ប្រកាស​ជាផ្លូវការ​ដោយស្នើចង​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​នយោបាយ​ផ្សេងទៀត ​ដែលមាន​និន្នាការដូចគ្នា​សម្រាប់ការ​បោះឆ្នោតថ្នាក់​ជាតិ​នៅឆ្នាំក្រោយ​ឬហៅកាត់​ថា«សម្ព័ន្ធភាព២០២៣»។​ មាន​គណបក្ស​នយោបាយ​យ៉ាងតិច៥​ដែល​បានបង្ហាញ​ពីបំណង​រួបរួម​គ្នានេះ​ គឺបន្ទាប់​ពីលទ្ធផល​នៃការបោះឆ្នោត​ឃុំ សង្កាត់ ​បង្ហាញថា ​គណបក្ស​ទាំងនោះ​ទទួល​បាន​សំឡេង​គាំទ្រតិច​តួច លើកលែង​តែគណបក្ស​ភ្លើងទៀន​ដែលឈរ​លំដាប់ទី២​ តាម​ពីក្រោយ​បក្ស​កាន់អំណាច។​

គណបក្សប្រជាធបិតេយ្យមូលដ្ឋាន
គណបក្សប្រជាធបិតេយ្យមូលដ្ឋាន © FB
ផ្សាយពាណិជ្ជកម្ម

គណបក្សនយោបាយចំនួន៥​ដែលអះអាងថា មាននិន្នាការប្រជាធិបតេយ្យដូចគ្នា ហើយ​បង្ហាញពីបំណង​ចង«សម្ព័ន្ធភាព២០២៣» គឺមានគណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្ពុជានិយម។ នេះបើតាម លោក សាម អ៊ីន ថ្លែងនៅក្នុង​សន្និសិទនៅព្រឹកថ្ងៃទី២៦កក្កដានេះ។

បើតាមអគ្គលេខាធិការ​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ការ​ចងសម្ព័ន្ធភាពនេះ​ គឺឈរ​លើ​គោលការណ៍​រដ្ឋ​ធម្មនុញ្ញ និង​ផ្អែកលើ​សរសរស្តមចំនួន៤ ឬគ៤ ដែលមានសេចក្តីពេញថា គោលបំណង គុណតម្លៃ គោលការណ៍ និងគោលនយោបាយ។ ការ​ចង​សម្ព័ន្ធភាពនេះត្រូវបាន លោក សាម អ៊ីន ពន្យល់ថា ដើម្បី​ឲ្យ​រដ្ឋសភា​អាចមានតំណាងរាស្ត្រមកពីគណបក្សផ្សេងៗតំណាងឲ្យឆន្ទៈ​ម្ចាស់​ឆ្នោត ជៀសវាង​មានតែ​មួយគណបក្សដូចអាណត្តិនេះ។

បើតាម លោក សាម អ៊ីន ការដែលរដ្ឋសភា​មានតំណាងរាស្ត្រ​មកពីគណបក្សផ្សេងគ្នា​គឺអាចជួយទប់ស្កាត់​ការ​កែប្រែ​ច្បាប់​ ឬ​បង្កើតច្បាប់​ថ្មី​ៗថ្មី​ដើម្បី​ផលប្រយោជន៍ក្រុមណាមួយដោយជិះសេះលែងដៃដូចជាការ​ធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញនៅពេលនេះ។

មានជម្រើសរើស៣ សម្រាប់សំណើរចងសម្ព័ន្ធភាព២០២៣ គឺទី១ការចែកមណ្ឌលគ្នាឈរ​ឈ្មោះ​បោះ​ឆ្នោត ទី២ ការរួមគ្នាក្រោមឈ្មោះ​គណបក្សណាមួយ និងជម្រើសទី៣ ការរួមគ្នា​បង្កើតគណបក្សថ្មី។ តែគណបក្សប្រជាធិបតេយ្យមូលដ្ឋានយល់ថា ជម្រើសទី១ គឺការចែកមណ្ឌលគ្នាឈរ​ឈ្មោះ​បោះ​ឆ្នោតគឺសម​ស្រប​បំផុត​សម្រាប់​បរិបទនយោបាយ​បច្ចុប្បន្ន ដោយហេតុថា អាចរក្សាគណបក្សនីមួយៗ​ឲ្យ​នៅដដែល ហើយអាចសម្រាលបន្ទុក​ក្នុងការ​ចាយវាយថវិកា។ ប៉ុន្តែរូបមន្តនេះក៏មានគុណវិបត្តិដែរ គឺត្រូវការពន្យល់ដល់អ្នកគាំទ្រ ត្រូវការការសម្របសម្រួលច្រើន​ ក្នុងរៀបបេក្ខជន និងការតាក់តែងគោល​នយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ