អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី៖ ការកែរដ្ឋធម្មនុញ្ញគឺជាការបើកផ្លូវឲ្យ លោក ហ៊ុន ម៉ាណែត កាន់តំណែងនាយករដ្ឋមន្ត្រី

លោក សម រង្ស៊ី ជាអ្នកនយោបាយជើងចាស់ ​​ទើប​តែ​បញ្ចេញប្រតិកម្ម​ទៅនឹង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញជាលើកទី១០នៅពេលនេះ។ បើតាមមេដឹកនាំអតីតគណបក្សប្រឆាំង ការកែប្រែ​ច្បាប់កំពូលនេះ គឺជាការកាត់បន្ថយអំណាចរដ្ឋសភា ដើម្បី​ត្រួសត្រាយផ្លូវឲ្យ លោក ហ៊ុន ម៉ាណែត ចូល​កាន់​តំណែងជានាយករដ្ឋមន្ត្រីបន្តពីលោក ហ៊ុន សែន ​ដោយ​រលូន។

លោក សម រង្ស៊ី អតីតប្រធានស្តីទីគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី អតីតប្រធានស្តីទីគណបក្សសង្គ្រោះជាតិ © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន លោក សម រង្ស៊ី បរិហារ្ត៍ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅពេលនេះគឺធ្វើឲ្យប៉ះពាល់ដល់គោលការណ៍ប្រជាធិបតេយ្យ ពិសេសកាត់បន្ថយអំណាចរបស់រដ្ឋសភា ដែលមានតំណាងរាស្ត្រជាអ្នកតំណាងសំឡេងរបស់ពលរដ្ឋ។

ការកែប្រែច្បាប់កំពូលនេះ ត្រូវអ្នកនយោបាយជើងចាស់ ចាត់ទុកថា បានរុញច្រានការដឹកនាំរបស់ប្រទេសកម្ពុជាកាន់តែដើរឆ្ងាយពីគន្លងប្រជាធិបតេយ្យ ខណៈសភាបច្ចុប្បន្នមានតែតំណាងរាស្ត្រមួយគណបក្សគឺកាន់សភាផង និងកាន់រដ្ឋាភិបាលផង។

លោក សម រង្ស៊ី ចាត់ទុក ការ​កែប្រែរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺជាការត្រួសត្រាយផ្លូវឲ្យលោក ហ៊ុន ម៉ាណែត ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តពីលោក ហ៊ុន សែន បានរលូន ខណៈដែលលោកអះអាងថា​ក្នុងជួរគណបក្សកាន់​អំណាច​ចាស់វស្សានេះក៏មានអ្នកមិនពេញចិត្តនឹង​ការ​បន្តអំណាចពីឳពុកទៅកូននោះដែរ។

ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺកែប្រែចំនួន៦មាត្រា និងចែងបន្ថែមថ្មីពីរមាត្រាទៀត។ ប៉ុន្តែ​ការ​កែប្រែមាត្រា៨៩ ដែលសំដៅការកោះហៅឥស្សរជន មកបំភ្លឺនៅរដ្ឋសភា និងមាត្រា៩៨ថ្មី ដែលចែងថា រដ្ឋសភាអាចទម្លាក់សមាជិកកគណៈរដ្ឋមន្ត្រី ឬរដ្ឋាភិបាល តាមរយៈញត្តិបន្ទោស ដែលធ្វើឡើងដោយតំណាងរាស្រ្តចំនួន៣០រូប ហើយកែទៅបន្ថែមដល់៤២រូបនោះ ធ្វើឲ្យក្រុមគណបក្សនយោបាយនៅក្រៅរដ្ឋាភិបាលសំដែងការជំទាស់។ ក្រុមគណបក្សទាំងនេះ បានហៅការវិសោធនកម្មរដ្ឋធម្មនុញ្ញទ្រង់ទ្រាយធំនៅពេលនេះ ថាធ្វើឡើងមិនមានតម្លាភាព សំដៅទៅការពារតែប្រយោជន៍របស់បក្សកាន់អំណាច ជាងជាងដើម្បីប្រយោជន៍រួមរបស់ប្រជាជន។

ប៉ុន្តែ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបកស្រាយថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទាំង១០លើកនេះ គឺសំដៅទៅលើការបំពេញបន្ថែមចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងដើម្បីការពារឧត្តមប្រយោជន៍ជាតិ។ តាមលោករដ្ឋមន្ត្រីវ័យក្មេងរូបនេះ ការកែរដ្ឋធម្មនុញ្ញនៅពេលនេះ ដើម្បីធ្វើយ៉ាងណាឲ្យល្អជាងមុន មិនខុសពីប្រទេសផ្សេងៗនោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ