អានតួអត្ថបទ
កម្ពុជា-សង្គម

ចាប់ពីខែតុលា សមាជិក ប.ស.ស នឹងត្រូវកាត់២%នៃប្រាក់ខែ សម្រាប់បង់ប្រាក់ចូលនិវត្តន៍

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាវៈ​ បាន​ប្រកាស​ពីការ​ទុកពេល​៩០​ថ្ងៃ សម្រាប់​ការផ្សព្វផ្សាយ​នូវការ​អនុវត្ត​ប្រាក់សោធន​ចូលនិវត្តន៍​ នៃ​បុគ្គលិក​ការងារ​នៅក្នុងវិស័យ​ឯកជន​។ បន្ទាប់ពី​៩០​ថ្ងៃ​នៃការ​ផ្សព្វផ្សាយ ​សមាជិក​បេឡាជាតិ​របបសន្តិសុខ​សង្គម ដែលចុះ​បញ្ជីប្រាក់​សោធន​ នឹងត្រូវ​កាត់​២%នៃប្រាក់ប្រចាំខែ សម្រាប់​ការបង់​ប្រាក់​ចូលនិវត្តន៍។ 

កម្មកររោងចក្រមួយកន្លែង​ចេញពីធ្វើការ(រូបតំណាង)
កម្មកររោងចក្រមួយកន្លែង​ចេញពីធ្វើការ(រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ចាប់ពីខែតុលាឆ្នាំ២០២២ ប្រាក់សោធននិវត្តន៍ នឹងត្រូវចាប់ផ្តើមអនុវត្ត។ ប្រាក់សោធននិវត្តន៍ ក្នុងពេល៥ឆ្នាំដំបូង គឺ​ ភាគីកម្មករត្រូវបង់ជាប្រចាំខែចំនួន២%នៃប្រាក់ខែខ្ពស់បំផុត៣០០ដុល្លារអាមេរិក ខណៈដែលភាគីថៅកែក្រុមហ៊ុន ក៏តម្រូវឲ្យបង់ភាគទាន២%ជាប្រចាំខែដែរ។

តាមគោលការណ៍ដែលតម្រូវ បុគ្គលិកក្រុមហ៊ុនឯកជន ដែលអាចចូលទទួលបានប្រាក់ចូលនិវត្តន៍ លុះត្រាតែមានអាយុយ៉ាងតិច៦០ឆ្នាំ និងតម្រូវឲ្យបង់ភាគទានយ៉ាងហោចណាស់១២ខែ។ ប្រសិនបើករណីបង់ មិនបាន១២ខែ នោះរបបសន្តិសុខសង្គម នឹងទូទាត់ជូនវិញតែម្តងប៉ុណ្ណោះ។

រីឯបុគ្គលិកក្រុមហ៊ុនឯកជន ដែលអនុវត្តតាមលក្ខខណ្ឌតម្រូវត្រឹមត្រូវ នោះពួកគេនឹងអាចទទួលបានប្រាក់ចូលនិវត្តន៍ក្នុងមួយខែចំនួន២ដង ពេលពួកគាត់ចូលនិវត្តន៍។ ហើយទន្ទឹមនេះអ្នកទាំងនោះ ក៏អាចទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តនៅមន្ទីរពេទ្យ ដែលជាដៃគូរបស់បេឡាជាតិរបបសន្តិសុខសង្គម។

យ៉ាងណាមិញ លក្ខខណ្ឌចម្បងដែលអាចទទួលបានប្រាក់ចូលនិវត្តន៍ ក្រោយអស់សមត្ថភាពបំពេញការងារនៅអាយុ៦០ឆ្នាំ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម បានថ្លែងនៅក្នុងវេទិកាស្តីពី ច្បាប់សន្តិសុខសង្គម ដោយផ្តោតលើផ្នែកប្រាក់សោធន នៅថ្ងៃអាទិត្យនេះថា បុគ្គលដែលទទួលប្រាក់ចូលនិវត្តន៍ គឺត្រូវមានឯកសារច្បាស់លាស់អំពីអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួន ហើយម្យ៉ាងវិញ បុគ្គលិកក្រុមហ៊ុនទាំងអស់ មិនគួរប្តូរលេខទូរស័ព្ទ ដែលអាចឲ្យពិបាកទំនាក់ទំនង។

គួរជម្រាបថា ប្រព័ន្ធសន្តិសុខសង្គមផ្នែកប្រាក់សោធន ត្រូវបានភាគីសហជីពអះអាង ពីកិច្ចខិតខំទាមទារអស់ពេលជាង៥ឆ្នាំ ដើម្បីធ្វើយ៉ាងណាធានាផលប្រយោជន៍ក្រោយការបំពេញការងាររបស់កម្មករ។ នេះបើតាមលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដោយបញ្ជាក់បន្ថែមថា នេះជាជោគជ័យដោយការតស៊ូមតិអស់ពេលជាយូរ។

សូមជម្រាបដែរថា ប្រព័ន្ធសន្តិសុខសង្គមផ្នែកប្រាក់សោធន គឺជាជំហានទី៣ បន្ទាប់ពីកម្ពុជា បានអនុវត្តប្រព័ន្ធសន្តិសុខសង្គម លើផ្នែកថែទាំសុខភាព និងហានិភ័យការងារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ