អានតួអត្ថបទ
កម្ពុជា-នយោបាយ

CPP លើក​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​របស់​ខ្លួន​មក​ជជែក មុន​ឆ្ពោះទៅ​រក​ការ​បោះឆ្នោត​២០២៣

គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ បាន​បើក​សន្និបាត​វិសាមញ្ញគណៈកម្មាធិការ​កណ្តាលរបស់​ខ្លួន ២ថ្ងៃ ដើម្បី​ពិភាក្សា​ពី​ការងារ​របស់​គណបក្ស បន្ទាប់ពី​ការ​ឈ្នះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ កន្លង​ទៅ​នេះ។ អស់​ពេល​មួយ​ព្រឹក គណបក្ស​កាន់​អំណាច​ចាស់​វស្សា​មួយ​នេះ បាន​លើក​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ ដែល​ត្រូវ​ពង្រឹង​បន្ត​ទៀត សម្រាប់​ការបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ឆ្នាំ​២០២៣ខាង​មុខ។ 

CPPនៅថ្ងៃសៅរ៍ទី១៦កក្កដាឆ្នាំ២០២២បើកសន្និបាតវិសាមញ្ញគណៈកម្មាធិការកណ្តាល
CPPនៅថ្ងៃសៅរ៍ទី១៦កក្កដាឆ្នាំ២០២២បើកសន្និបាតវិសាមញ្ញគណៈកម្មាធិការកណ្តាល © FN
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​គូស​បញ្ជាក់​ថា សន្និបាត​មួយ​ព្រឹក​នេះ គណ​បក្ស​ប្រជាជន​កម្ពុជា បាន​វាយ​តម្លៃ​អំពី​ចំណុច​ខ្លាំង​របស់​ខ្លួន ដែល​ឈាន​ទៅ​រក​បាន​នូវ​ជ័យ​ជំនះ​នៃការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី៥។ ចំណុច​ខ្លាំង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រង់ជំនឿ​ទុក​ចិត្ត​របស់​ប្រជាពលរដ្ឋ។ នេះ​បើតាម​លោក សុខ ឥសាន។

ជាមួយគ្នា ឥស្សរជន​គណបក្ស​កាន់​អំណាច​រូប​នេះ ថា បក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ជជែក​ពី​ចំណុចខ្សោយ​របស់​គូ​ប្រជែង​របស់​ខ្លួន ទាំង​៩​គណបក្ស​ដែល​ទទួល​បាន​អាសនៈ​ពី​ការ​បោះឆ្នោត​កន្លង​ទៅ។ តាម​លោក សុខ ឥសាន គណបក្ស​ទាំង​៩​នោះ មិនមែន​ជា​ឧបសគ្គ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។ មិនមែន​ជា​ឧបសគ្គ ដែល​លោក សុខ ឥសាន បញ្ជាក់​បន្ថែម​ថា គណបក្ស​ទាំង​៩ សុទ្ធ​តែ​កើត​ចេញ​ពីគណបក្ស​ដែល​ចាញ់​រួច​ទៅ​ហើយ ម្ល៉ោះ​ហើយ​ទើប​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ។

ទោជាយ៉ាងណា គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​ទទួល​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន ដែល​ត្រូវ​ពង្រឹង​បន្ថែមទៀត សម្រាប់​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣។ ចំណុច​ខ្សោយ​ត្រង់​បញ្ហា​មួយចំនួន​នៅ​ថ្នាក់​មូលដ្ឋាន ដែល មន្ត្រី​គណបក្ស​មិនទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ។ លោក សុខ ឥសាន លើកឡើងថា សន្និបាត​ពេល​នេះ ក៏​ជា​ពេល​វេលាដាស់​តឿន​មន្ត្រី​គណបក្ស ឲ្យពង្រឹង​សមត្ថភាព​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​នៅ​មូលដ្ឋាន​បន្ថែម​ទៀត ដោយ​កុំ​រង់ចាំ​តែ​ក្រុម​ការងារ​ថ្នាក់ជាតិ ចុះ​ទៅ​ដោះ​ស្រាយ។

ឆ្លង​តាមរយៈ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ជា​លទ្ធផល​ផ្លូវការ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ចំនួន ៩៣៧៦អាសនៈ ខណៈជាង ២ពាន់អាសនៈ បាន​របូត​ទៅ​គណបក្ស​ចំនួន​៩​ដែល​ជា​គូ​ប្រជែង។ ក្នុង​នោះ​គណបក្ស​ភ្លើង​ទៀន ទទួល២១៩៨ អាសនៈ និង​ត្រូវ​កត់​សម្គាល់​ថា ​ជាដៃ​គូ​ប្រជែង​របស់គណបក្ស​ប្រជាជកម្ពុជា សម្រាប់​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣។

ទោះ​ជា​របូត​អស់​ជាង​២ពាន់​អាសនៈ តែ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ថា នេះ​ជា​គ្រាន់​តែ​ដំណើរ​ការប្រជាធិបតេយ្យ​តាម​បែប​ពហុ​បក្ស​ហើយ​ក៏​មិនមែន​ជា​ជោគជ័យ​អ្វី​សម្រាប់​គណបក្ស​ភ្លើង​ទៀន​ដែរ។ នេះបើ​តាម​លោក សុខ ឥសាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ