អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សុន ឆ័យ៖ បើគ្មានការប្តឹងខ្ញុំ ខ្ញុំនឹងប្រើវប្បធម៌ជូនពរដៃគូប្រកួតក្រោយការបោះឆ្នោត

ដូចការ​គ្រោងទុក​ អនុប្រធានគណបក្ស​ភ្លើង​ទៀន ​បាន​ចូល​ទៅបំភ្លឺ​នៅតុលាការ​ក្រុងភ្នំពេញ​នៅព្រឹក​ថ្ងៃ​អង្គារ​ទៅតាម​បណ្តឹង​របស់ គណៈកម្មាធិការជាតិ​រៀប​ចំការបោះឆ្នោត​(គ.ជ.ប)។​ ក្រោយ​ចេញ​ពីការ​បំភ្លឺ​លោក សុន ឆ័យ​ បាន​ថ្លែងថា ​លោកស្តាយ​ចំពោះការប្តឹង​រូប​លោកនេះ ​ដែល​ធ្វើទាំង​អាជ្ញា​កណ្តាល ​និង​ដៃគូប្រកួត​ គឺគណបក្ស​ប្រជាជនកម្ពុជា។​ សម្រាប់​អ្នក​នយោបាយ​ជើងចាស់​រូបនេះ​ ប្រសិន​បើគ្មាន​ការ​ប្តឹង​រូបលោក គឺលោកនឹងប្រើ​វប្បធម៌​ជូនពរ​ដៃគូប្រកួត​ក្រោយ​ការបោះឆ្នោត ទោះ​លទ្ធផល​យ៉ាងណាក៏ដោយ។​

អនុប្រធានគណបក្សភ្លើងទៀន បានចូលទៅបំភ្លឺនៅតុលាការក្រុងភ្នំពេញទៅតាមបណ្តឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)
អនុប្រធានគណបក្សភ្លើងទៀន បានចូលទៅបំភ្លឺនៅតុលាការក្រុងភ្នំពេញទៅតាមបណ្តឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) © សហការី
ផ្សាយពាណិជ្ជកម្ម

នៅមិនទាន់​មានការ​សម្រេច​យ៉ាងណាពីតំណាងអយ្យការ​នៅឡើយ​ ខណៈមានសកម្មជនរាប់សិបនាក់​​​មក​ចូល​រួម​គាំទ្រ​ លោក​ សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើង​ទៀននៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ។

បន្ទាប់ពី​ចូលបំភ្លឺ​​ជុំវិញបណ្តឹង​របស់ ​(គ.ជ.ប) លោក សុន ឆ័យ បានថ្លែងថា លោកស្តាយចំពោះការប្តឹងរូបលោកដែលធ្វើឡើងទាំងអាជ្ញាកណ្តាល និង​ដៃគូរប្រកួត គឺគណបក្សប្រជាជនកម្ពុជា។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬអាជ្ញាកណ្តាល កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានដាក់ពាក្យប្តឹង លោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងស្នើឲ្យធ្វើលិខិតសុំទោសជាសាធារណៈ។ នៅពេលសួរថាតើព្រមសុំទោស ​(គ.ជ.ប)ឬអត់ លោក សុន ឆ័យ អះអាងថា​ គាត់មិនមានកំហុសព្រោះ អ្វី​ដែល​គាត់​បាននិយាយ​គឺដូចគ្នានឹងគណបក្សនយោបាយផ្សេងទៀត និងអង្គការមួយចំនួន​ដែលបានធ្វើសេចក្តី​ថ្លែងការណ៍​ជុំ​វិញ​ការ​បោះឆ្នោតនោះដែរ។

សម្រាប់អ្នកនយោបាយជើងចាស់រូបនេះ ប្រសិន​បើគ្មានការ​ប្តឹង​រូបលោក គឺលោកនឹងប្រើ​វប្បធម៌ជូនពរ​ដៃគូប្រកួត​ក្រោយ​ការបោះឆ្នោត ទោះ​លទ្ធផល​យ៉ាងណាក៏ដោយ។

ឆ្លើយតបនឹងសំណួរដែលថាតើលោកមានលុយ១លានដុល្លារសងជំងឺចិត្តគណបក្សប្រជាជនកម្ពុជាដែរឬអត់?លោក សុន ឆ័យ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយ​ពេល​ចេញពីតុលាការថា លោក​បាន​ចោទសួរ​ទៅព្រះរាជអាជ្ញារងវិញថា ប្រសិនបើ​«តាស៊ីក្លូ»ជេរគាត់ជាតំណាងរាស្ត្រថាមិនបានជួយរាស្ត្រ តើគាត់គួរប្តឹង«តាស៊ីក្លូ​»ទារជំងឺចិត្ត១ម៉ឺនដុល្លារតែឬអត់?

សម្រាប់អ្នកនយោបាយនៃគណបក្សប្រឆាំងរូបនេះគឺលោកគ្មានលុយ១លានដុល្លារ​សងជំងឺចិត្ត គណ​បក្ស​កាន់​អំណាចនោះឡើយ ខណៈលោកត្រូវចូល​បំភ្លឺម្តងទៀតនៅថ្ងៃ១៥​កក្កដា ទៅ​នឹងបណ្តឹង​របស់​គណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជា ដែលប្តឹង លោក សុន ឆ័យ ឲ្យផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត៤ពាន់លានរៀល ឬស្មើនឹង ១លានដុល្លារអាមេរិក ចំពោះសំដីលោក សុន ឆ័យ ដែល​ថាការ​បោះ​ឆ្នោត​ឃុំ សង្កាត់ កន្លងមកនេះ មានភាព​មិន​ប្រក្រតី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ