អានតួអត្ថបទ
កម្ពុជា-សង្គម

តំណាងប្រទេសផ្តល់ជំនួយសន្យាគាំទ្រការបិទបញ្ចប់សាលាក្តីខ្មែរក្រហមនៅចុងឆ្នាំ២០២២នេះ

តំណាងប្រទេសផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហមបានបញ្ជាក់ជំហររបស់ខ្លួនថា ពួកគេនឹងបន្តគាំទ្រកិច្ចសហការដល់ដំណើរការរបស់សាលាក្តីខ្មែរក្រហមដែលនៅសេសសល់ចុងក្រោយ ដែលគ្រោងនឹងបញ្ចប់នៅសប្តាហ៍ទី៤ ឆ្នាំ២០២២នេះ។ ការបញ្ជាក់ជំហររបស់តំណាងប្រទេសផ្តល់ជំនួយដូច្នេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាមួយរវាងតំណាងប្រទេសផ្តល់ជំនួយសំខាន់ៗដល់សាលាក្តីខ្មែរក្រហម និងលោក ប៊ិន ឈិន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃពុធម្សិលមិញ។ 

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា © ECCC
ផ្សាយពាណិជ្ជកម្ម

ដើម្បីបិទបញ្ចប់កិច្ចការដែលនៅសេសសល់ចុងក្រោយនៃសាលាក្តីខ្មែរក្រហមនៅចុងឆ្នាំ២០២២នេះ លោកស្រី Alexandra Hutchison តំណាងប្រទេសផ្តល់ជំនួយសម្រាប់សម្របសម្រួលដឹកនាំកិច្ចប្រជុំបានបញ្ជាក់ជំហរច្បាស់លាស់ថា បណ្តាប្រទេសផ្តល់ជំនួយប្តេជ្ញាបន្តគាំទ្រកិច្ចសហការក្នុងដំណើរការរបស់តុលាការ ក្នុងនោះមានការគ្រប់គ្រងបណ្ណាសារ ការផ្សព្វផ្សាយរួមទាំងការរក្សាកេរតំណែលរបស់តុលាការ ធ្វើយ៉ាងណាឲ្យសាលាក្តីខ្មែរក្រហមសម្រេចបានជោគជ័យប្រកបដោយកិត្តិយស។

ការបញ្ជាក់របស់តំណាងប្រទេសផ្តល់ជំនួយសាលាក្តីខ្មែរក្រហមដូច្នេះ គឺជាការឆ្លើយតបទៅនឹងការស្នើសុំពីលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ដែលជាប្រធានក្រុមការងាររបស់រដ្ឋាភិបាលសម្រាប់ទ្រទ្រង់ដំណើរការកាត់សេចក្តីរបស់សាលាក្តីខ្មែរក្រហម ដែលបានជួបជជែកគ្នាជាមួយតំណាងប្រទេសផ្តល់ជំនួយសំខាន់ៗដល់សាលាក្តីខ្មែរក្រហមប្រមាណជា១០ប្រទេស។

ដោយមានការគាំទ្រហិរញ្ញវត្ថុពីប្រទេសផ្តល់ជំនួយតរៀងមក លោក ប៊ិន ឈិន បានហៅកិច្ចដំណើរការសាលាក្តីខ្មែរក្រហម ដែលគ្រោងនឹងបិទបញ្ចប់នៅត្រីមាសទី៤ឆ្នាំ២០២២នេះ ថាជាសមិទ្ធផលរួមមួយប្រកបដោយជោគជ័យ ហើយជាជោគជ័យសម្រាប់ទាំងរដ្ឋាភិបាលកម្ពុជា ទាំងអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ និងចាត់ទុកថាសាលាក្តីខ្មែរក្រហមជាតុលាការគំរូមួយសម្រាក់ការវិនិច្ឆ័យទោសចំពោះឧក្រិដ្ឋកម្មធ្ងន់ៗ និងការសម្លាប់រង្គាលនាពេលអនាគតលើឆាកអន្តរជាតិ។

សូមរំលឹកថាតាមការគ្រោងទុក សាលាក្តីខ្មែរក្រហម ដែលចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០០៦ មកនោះ បានគ្រោងថវិកាចំនួន៥៦,៥លានដុល្លារប៉ុណ្ណោះ សម្រាប់ដំណើរការប្រព្រឹត្តទៅរបស់អង្គជំនុំជម្រះនេះ រយៈពេល៣ឆ្នាំ។ ក៏ប៉ុន្តែជាក់ស្តែងការងារសាលាក្តីនេះ បានអូសបន្លាយដល់ជាង១០ឆ្នាំ ហើយមកដល់ពេលនេះមិនទាន់ចប់នៅឡើយ ដោយគិតមកត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ សាលាក្តីខ្មែរក្រហមបានចាយថវិកាសរុបអស់ជាង ៣៣០លានដុល្លារ ក្នុងនោះភាគីអន្តរជាតិបានស្រូបអស់ជាង ២៣៥លានដុល្លារទៅហើយ។

សូមបញ្ជាក់ដែរថា ក្នុងចំណោមប្រទេសផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហមសំខាន់ៗ ជប៉ុន គឺជាប្រទេស ផ្តល់ជំនួយធំជាងគេទី១ ដែលមានទឹកប្រាក់ ៨៨លានដុល្លារ ហើយទី២គឺរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកា ៤២លានដុល្លារ ក្រៅពីនេះ មានប្រទេសអូស្ត្រាលី អាមេរិក សហភាពអឺរ៉ុប អាឡឺម៉ង់ ស៊ុយអែដ អង់គ្លេស បារាំង និងន័រវែស ដែលប្រទេសទាំងនេះបានជួយដល់សាលាក្តីមកដល់ពេលនេះ ចាប់ពី១០លានដុល្លារ រហូតដល់ជាង ៣០លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ