អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន ជំទាស់ចំណាត់ការគយ ដែលតម្រូវឲ្យរថយន្តចង្កូតស្តាំអត់ពន្ធកែចង្កូតពីស្តាំទៅឆ្វេង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នៅព្រឹកថ្ងៃទី៦ ខែកក្កដានេះ បានប្រកាសថាលោកអនុញ្ញាតឲ្យម្ចាស់រថយន្តចង្កូតស្តាំដែលគ្មានពន្ធ អាចចូលទៅបង់ត្រឹមតែពន្ធនាំចូលប៉ុណ្ណោះ ដោយមិនចាំបាច់កែចង្កូតតាមការតម្រូវរបស់ច្បាប់នោះទេ។ ការលើកឡើងរបស់លោក ហ៊ុន សែន ដូច្នេះ ខណៈដែលមានការតវ៉ាពីម្ចាស់រថយន្តចង្កូតស្តាំ ដែលកំពុងប្រឈមនឹងចំណាត់ការបង្ក្រាបរបស់គយ ចាប់តាំងពីថ្ងៃទី១ ខែកក្កដាឆ្នាំ ២០២២នេះមក។

រថយន្តចង្កូតស្តាំ (រូបតំណាង)
រថយន្តចង្កូតស្តាំ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

រថយន្តចង្កូតស្តាំដែលអត់ពន្ធ នឹងត្រូវអនុញ្ញាតចាប់ពីពេលនេះតទៅឲ្យបង់ពន្ធ ដោយមិនចាំបាច់កែចង្កូតពីស្តាំមកឆ្វេងទេ។ នេះបើតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាការឆ្លើយតបទៅនឹងសំណូមពររបស់ម្ចាស់រថយន្តចង្កូតស្តាំ។ នេះគឺសម្រាប់តែរថយន្តដែលកំពុងមានវត្តមាននៅកម្ពុជា ត្រឹមថ្ងៃទី០៦ ខែកក្កដានេះ តែរថយន្តដែលនាំចូលថ្មី មិនអនុញ្ញាតឲ្យបង់ពន្ធនោះទេ គឺចាប់យកតែម្តង។

កាលពីថ្ងៃអង្គារម្សិលមិញ ម្ចាស់រថយន្តដឹកដីប្រភេទចង្កូតស្តាំប្រមាណជាង២០០នាក់ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ាដោយចតរថយន្តបិទផ្លូវជាតិលេខ២រយៈពេលខ្លី ក្នុងភូមិសាស្ត្រខណ្ឌដង្កោរ រាជធានីភ្នំពេញ ដោយពួកគាត់បានយល់ព្រមបង់ពន្ធ តែសុំការអនុគ្រោះការកែចង្កូតពីស្តាំទៅឆ្វេង ដែលធ្វើឲ្យខាតបង់ថវិកាច្រើន។ ការទាមទាររបស់ម្ចាស់រថយន្តចង្កូតស្តាំទាំងនោះ បានធ្វើឡើងដោយលើកបដា ហើយសំដៅសុំការអនុគ្រោះពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តង។

ជាមួយគ្នានេះ លោក ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ម្ចាស់រថយន្ត ដែលមិនទាន់បានដូរចង្កូត ត្រូវចូលទៅបង់ពន្ធ ហើយក្រសួងសាធារណការត្រូវចេញផ្លាកលេខឲ្យគេ។ រីឯម្ចាស់រថយន្តចង្កូតស្តាំមួយចំនួន បានចូលទៅកក់ប្រាក់នៅគយរួច ហើយត្រូវទៅកែចង្កូតតែមិនទាន់បានដូរ លោកថាមិនចាំបាច់ដូរទេ តែត្រូវវិលមកបន្ថែមលុយបង់ពន្ធឲ្យដាច់រួចទទួលលិខិតពីគយ សម្រាប់បញ្ជូនទៅទទួលផ្លាកលេខ។

សូមរំលឹកថា អង្គភាពគយបានទុកឱសានវាទត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ម្ចាស់រថយន្តអត់ពន្ធទាំងចង្កូតស្តាំ និងចង្កូរឆ្វេងចូលទៅបង់ពន្ធនាំចូល ហើយម្ចាស់រថយន្តចង្កូតស្តាំត្រូវតម្កល់ប្រាក់ និងត្រូវយករថយន្តទៅកែចង្កូត។ ក្រោយថ្ងៃឱសានវាទអង្គភាពគយបានបញ្ជាក់ថាមានរថយន្តចង្កូតស្តាំប្រមាណ៧ពាន់គ្រឿង បានចូលទៅតម្កល់ប្រាក់ ហើយជិត ៤ ៥០០គ្រឿង បានស្ថិតនៅក្នុងដំណាក់កាលកែចង្កូតពីស្តាំទៅឆ្វេង ក្នុងនោះ ២ ៥០០គ្រឿង កំពុងស្ថិតនៅយានដ្ឋាន។

សូមបញ្ជាក់ដែរថាប្រទេសកម្ពុជាមានរថយន្តអត់ពន្ធទាំងចង្កូតស្តាំ និងចង្កូតឆ្វេងជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជាកងទ័ព នគរបាល និងរាជការជាដើម ប្រមាណជា ១ម៉ឺនគ្រឿង។ ការអនុញ្ញាតឲ្យមានការនាំចូលរថយន្តគ្មានពន្ធកន្លងមក ត្រូវសង្គមស៊ីវិលមើលឃើញថាជាការប្រព្រឹត្តអំពើពុករលួយរបស់សមត្ថកិច្ចពាក់ព័ន្ធមួយចំនួន ចាប់តាំងពីច្រកព្រំដែនមកដល់ក្នុងផ្ទៃប្រទេស ដែលធ្វើឲ្យរដ្ឋបាត់បង់ថវិកាពន្ធជាច្រើនលានដុល្លារ។ ចាប់តាំងពីមានការប្រកាសឲ្យរថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗចូលទៅបង់ពន្ធ ស្ថាប័នគយបានប្រមូលថវិកាប្រមាណជាង ៧៦លានដុល្លារ ដែលជាពន្ធប្រមូលបានពីរថយន្តអត់ពន្ធចំនួនជាង ៩ ៧០០គ្រឿង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ