អានតួអត្ថបទ
កម្ពុជា-សង្គម

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រំលឹកខួប៦ឆ្នាំ មរណភាពលោកបណ្ឌិត កែម ឡី ពេញ១ខែកក្កដា

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាឲ្យដឹងថា មជ្ឈមណ្ឌលនេះ បានរៀបចំការរំលឹកខួបមរណភាពលោកបណ្ឌិត កែម ឡី រយៈពេលពេញមួយខែកក្កដា ឆ្នាំ២០២២នេះ ដោយមានកម្មវិធីជាបន្តបន្ទាប់ជាច្រើន។ ការប្រកាសរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅថ្ងៃនេះ ស្របពេលដែលលោក កែម ឡី អ្នកវិភាគនយោបាយ និងសង្គមដ៏មានថ្វីមាត់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងម៉ាតនៃស្ថានីយ៍ប្រេងឥន្ធនៈបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ 

លោកបណ្ឌិត កែម ឡី គឺជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយ
លោកបណ្ឌិត កែម ឡី គឺជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយ © FB
ផ្សាយពាណិជ្ជកម្ម

តាមពិតទៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចាប់ផ្តើមការងារប្រារព្ធខួប៦ ឆ្នាំនៃមរណភាពលោកបណ្ឌិត កែម ឡី ចាប់តាំងពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២មកម្ល៉េះ ដោយចាប់ពីថ្ងៃទី២៧ ខែមិថុនារហូតដល់ថ្ងៃទី០៤ ខែកក្កដា គឺជាកម្មវិធីដែលសាធារណជនអាចចូលរួមប្រកួតតែងកំណាព្យរំលឹកដល់ការចងចាំដល់លោកបណ្ឌិត កែម ឡី។

ក៏ប៉ុន្តែចាប់ពីថ្ងៃទី០១ ខែកក្កដា នេះទៅ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានកម្មវិធីលម្អិតជាច្រើនទៀត ក្នុងនោះមានការប្តូរគម្រប ឬប្រូហ្វាលហ្វេសប៊ុករបស់មជ្ឈមណ្ឌលដោយដាក់រូបលោកកែម ឡី ពេញមួយខែ។ ការបង្ហោះសម្រង់សម្តីលោកបណ្ឌិត កែម ឡី នៅលើទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌល ពិធីសូត្រមន្ត និងរាប់បាតដើម្បីឧទ្ទិសរំលឹកខួប៦ឆ្នាំ នៃមរណភាព។ ការចាក់ផ្សាយឡើងវិញនូវវីដេអូ ដែលមានចំណងជើងថា«កែម ឡី៖ ដំណើរជីវិតរបស់គាត់» នៅលើទំព័រហ្វេសប៊ុកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រួមនឹងការបង្ហោះជាសារសម្លេងចងចាំពីសាធារណជនជាដើម។

សូមរំលឹកថាលោកបណ្ឌិត កែម ឡី គឺជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏មានឥទ្ធិពលនៅក្នុងចំណោមសាធារណជន ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅក្នុងម៉ាតលក់ទំនិញនៃស្ថានីយ៍ប្រេងឥន្ធនៈបូកគោក្រុងភ្នំពេញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

ភ្លាមៗ អាជ្ញាធរមានសមត្ថកិច្ច បានដេញប្រផាប់ចាប់ប្រភីងបុរសម្នាក់ ដែលក្រោយមកមានឈ្មោះថា អឿត អាង ហៅ ជួប សម្លាប់។ តាមរយៈសវនាការ ជួប សម្លាប់ បានបញ្ជាក់ថារូបគេមានគំនុំជាមួយលោក កែម ឡី ដោយសារលោកកែម ឡី ជំពាក់លុយខ្លួន។ ក៏ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិល និងមហាជននានាសម្តែងការហួសចិត្ត និងគិតថា ជួប សម្លាប់ ជាឃាតករសិប្បនិម្មិត ព្រមទាំងអំពាវនាវឲ្យអាជ្ញាធរស្វែងរកឃាតករពិតយកមកដាក់ទោស។

ក៏ប៉ុន្តែតុលាការក្រុងភ្នំពេញ កាលពីខែមីនា ឆ្នាំ២០១៧ បានផ្តន្ទាទោស អឿត អាង ហៅ ជួប សម្លាប់ នេះដាក់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មគិត​ទុកជា​មុ​នទៅលើលោក កែម ឡី និង​បទ​កាន់កាប់​ ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​​អនុញ្ញាត ដោយយោង​តាមមាត្រា​២០០​ និង​មាត្រា​​៤៩០​នៃ​​​ក្រមព្រហ្មទណ្ឌកម្ពុជា។

ទោះយ៉ាងណា សំណុំរឿងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នេះ នៅតែមានភាពចម្រូងចម្រាស់ ដោយមហាជនមួយចំនួន និងអង្គការសង្គមស៊ីវិលយល់ថារឿងនេះពាក់ព័ន្ធទៅនឹងរបៀបវារៈនយោបាយដ៏ក្តៅគគុក ទោះជាកន្លងផុត៦ឆ្នាំទៅហើយក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ