អានតួអត្ថបទ
កម្ពុជា-សង្គម

អ្នកនាំពាក្យសិទ្ធិមនុស្ស ឆ្ងល់ថា ហេតុអ្វីអង្គការមួយចំនួនដាក់ពិន្ទុសិទ្ធិមនុស្សកម្ពុជា ខណៈUN មិនដែលធ្វើសោះ

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្ស លោក ជិន ម៉ាលីន បានដាក់ជាចម្ងល់ជុំវិញការធ្វើចំណាត់ថ្នាក់ ដាក់ពិន្ទុលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ពីសំណាក់អង្គការសង្គមស៊ីវិលមួយចំនួន។ ការដាក់ជាចម្ងល់របស់អ្នកនាំពាក្យសិទ្ធមនុស្សកម្ពុជា ធ្វើឡើងបន្ទាប់ពីអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិមួយចំនួន បានវាយតម្លៃដាក់ពិន្ទុបញ្ហាសិទ្ធិមនុស្សកម្ពុជា ជាចំណាត់ថ្នាក់មួយទាប ខណៈដែលលោក ជិន ម៉ាលីន បានបញ្ជាក់ថា អង្គការសហប្រជាជាតិមិនដែលទាំងធ្វើបែបនេះសោះ។ 

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងវប្បធម៌ និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងវប្បធម៌ និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា © ក្រសួងយុត្តិធម៌
ផ្សាយពាណិជ្ជកម្ម

នៅក្នុងវេទិកាពិភាក្សា ស្ដីពី “វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុតិ្តធម៌នៅកម្ពុជា” នាព្រឹកថ្ងៃពុធនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសរំលេចថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបច្ចុប្បន្ន នៅមិនទាន់ភាពល្អឥតខ្ចោះនោះទេ។ ក៏ប៉ុន្តែអ្វីដែលលោកកត់សម្គាល់ គឺ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានវិវត្តន៍ដោយមានភាពវិជ្ជមាន។ ភាពវិជ្ជមាន ដែលលោក ជិន ម៉ាលីន លើកឡើងពីសិទ្ធិរបស់ពលរដ្ឋ និងសិទ្ធិរបស់អង្គការសង្គមស៊ីវិល ដែលកម្ពុជា អង្គការសង្គមស៊ីវិលរហូតដល់ជាង ៦ ០០០។

ក៏ប៉ុន្តែអ្វីដែលអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ ដាក់ជាចម្ងល់គឺត្រង់ថា ហេតុអ្វីអង្គការមួយចំនួន តែងតែធ្វើចំណាត់ថ្នាក់ដាក់ពិន្ទុសិទ្ធិមនុស្សកម្ពុជា ក្នុងចំណាត់ថ្នាក់មួយទាប ខណៈដែលអង្គការសហប្រជាជាតិមិនដែលទាំងមានយន្តការបែបនេះ។ លោកថា អ្វីដែលជាចម្ងល់ជាបន្តបន្ទាប់របស់លោកនេះ គឺមិនទាន់មានចម្លើយនៅឡើយ។ បើតាមលោក ជិន ម៉ាលីន វិស័យសិទ្ធិមនុស្សត្រូវដោះស្រាយតាមយន្តការរបស់អង្គការសហប្រជាជាតិ តាមរយៈការលើកទឹកចិត្ត។

ទាក់ទងទៅនឹងការធ្វើចំណាត់ថ្នាក់ផ្នែកសិទ្ធិមនុស្សនេះ លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនៃអង្គការសិទ្ធិមនុស្សលីកាដូ បានបញ្ជាក់វិញថា អង្គការលីកាដូមិនដែលធ្វើចំណាត់ថ្នាក់លើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានោះទេ។ អ្វីដែលលីកាដូ ធ្វើ គឺការត្រួតពិនិត្យលើវឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្សនៅក​ម្ពុជា ថា មានការវិវត្តន៍ទៅមុខ ឬក៏ដើរថយក្រោយប៉ុណ្ណោះ។ បើតាម លោក អំ សំអាត បេសកកម្មរបស់អង្គការលីកាដូ គឺចង់ឃើញកម្ពុជា មានការគោរពគ្នាទៅវិញទៅមកលើវិស័យសិទ្ធិម​នុស្ស និងយុត្តិធម៌។

ជាការកត់សម្គាល់ បញ្ហាសិទ្ធិមនុស្ស យុត្តិធម៌ និងនីតិរដ្ឋ កម្ពុជា តែងតែត្រូវបានលើកឡើងថា ជាចំណុចរសើប ខណៈដែលអង្គការសង្គមស៊ីវិល និងអង្គការអន្តរជាតិ បានសម្តែងកង្វល់ថា សិទ្ធិមនុស្សកម្ពជា នៅជាចំណោទគួរឲ្យកត់សម្គាល់។ ជាក់ស្តែងគម្រោងអន្តរជាតិ ដែលហៅថា World Justice Project កាលពីឆ្នាំ២០២១ បានដាក់ចំណាត់ថ្នាក់ កម្ពុជា ជាប្រទេសដែលមានពិន្ទុនីតិរដ្ឋទាបជាងគេ។

ត្រង់ចំណុចនេះ លោក ជិន ម៉ាលីន ធ្លាប់បានបញ្ចេញប្រតិកម្មថា វាជារឿងចម្លែក ដែលពិន្ទុនីតិរដ្ឋរបស់កម្ពុជា បែរជាទៅនៅក្រោមប្រទេសមួយចំនួនដែលប្រកាន់របបកុម្មុយនីស្ត ប្រទេសខ្លះដឹកនាំដោយរបបយោធា និងប្រទេសខ្លះទៀតកំពុងតែច្បាំងគ្នា។ ហើយនៅព្រឹកថ្ងៃពុធនេះ លោក ជិន ម៉ាលីន ក៏គូសបញ្ជាក់ជាថ្មីថា រឿងសិទ្ធិមនុស្សនេះ គ្មានប្រទេ​សណាមួយ ដែលមានភាពល្អឥតខ្ចោះនោះទេ ដោយមានបញ្ហាទៅតាមបរិបទនៃប្រទេសនីមួយៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ