អានតួអត្ថបទ
កម្ពុជា-នយោបាយ

២ក្នុង៤នៃបក្សដែលចេញពីសង្រ្គោះជាតិ ទទួលបានតែ៦អាសនៈពីការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥

គណបក្សចំនួន២ក្នុងចំណោ​ម៤ ដែលបែកចេញពីអតីតគណបក្សសង្រ្គោះជាតិ បានទទួលអាសនៈចំនួន៦ ពីការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃសុក្រ។ គណបក្សទាំង២ដែលទទួលបានអាសនៈឃុំ-សង្កាត់ ពេលនេះ គឺគណបក្សខ្មែរស្រលាញ់ជាតិ និងគណបក្សកម្ពុជានិយម។

គណបក្សខ្មែរស្រឡាញ់ជាតិ និងគណបក្សកម្ពុជានិយម
គណបក្សខ្មែរស្រឡាញ់ជាតិ និងគណបក្សកម្ពុជានិយម © សហការី
ផ្សាយពាណិជ្ជកម្ម

២ក្នុងចំណោម៤នៃគណបក្ស ដែលបែកចេញពីអតីតគណបក្សសង្រ្គោះជាតិ គឺ គណបក្សខ្មែរស្រលាញ់ជាតិ របស់លោកជីវ កត្តា ទទួលបានចំនួន៥អាសនៈ ខណៈដែលគណបក្សកម្ពុជានិយម របស់លោក យ៉ែម បុញ្ញឫទ្ធិ ដែលទើបនឹងបង្កើតកាលពីឆ្នាំ២០២១ ទទួលបាន១អាសនៈ។ ដោយឡែកគណបក្ស២ផ្សេងទៀត គឺ គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា ដែលចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ដែរនោះ ទទួលបាន ០អាសនៈ។ នេះបើតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃសុក្រទី២៤មិថុនា។

តាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប មានគណបក្សចំនួន៩ ទទួលបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងចំណោមគណបក្សចូលរួមទាំង១៧គណបក្ស។ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈលើសលប់ រហូតដល់ ៩ ៣៧៦ អាសនៈ។ តាមពីក្រោយដោយគណបក្សភ្លើងទៀន ដែលទទួលបានចំនួន ២ ១៩៨ អាសនៈ។ ដោយឡែកគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ១៩ អាសនៈ ខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ចំនួន ១៣ អាសនៈ ប្រជាធិបតេយ្យមូលដ្ឋានចំនួន ៦ អាសនៈ គណបក្សយុវជនកម្ពុជា ៣ អាសនៈ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់លោកម៉ម សូណង់ដូ  ១ អាសនៈ ដែលគិតជាអាសនៈឃុំ-សង្កាត់សរុប ចំនួន ១១ ៦២២ អាសនៈ។

គួររំលឹកថា កាលពីឆ្នាំ២០១៧ អតីតគណបក្សសង្រ្គោះជាតិ បានទទួលអាសនៈប្រដំប្រសងជាមួយគណបក្សប្រជាជនកម្ពុជា។ លទ្ធផលនៅពេលនោះ អតីតគណបក្សសង្រ្គោះជាតិទទួលចំនួន ៥ ០០៧ អាសនៈ ទទួលតំណែងជាមេឃុំ-ចៅសង្កាត់ចំនួន ៤៨៩ ខណៈដែលគណបក្សប្រជាជនកម្ពុជាទទួល ៦ ៥០៣ អាសនៈ បានតំណែងជាមេឃុំ-ចៅសង្កាត់ចំនួន ១ ១៥៦។

ក៏ប៉ុន្តែក្រោយអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកាឆ្នាំដដែរនោះ ក្រុមមន្ត្រីមួយចំនួនក៏បានសម្រេចចេញមកបង្កើតគណបក្សនយោបាយថ្មីរៀងខ្លួនៗ។ ទោះយ៉ាងណាសំឡេងគាំទ្រ និងអាសនៈដែលពួកគេទទួលបានពេលនេះ នៅមានចំនួនតិចតួចនៅឡើយ។

យ៉ាងណាមិញ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥នេះ សាធារណជនបានកត់សម្គាល់ ពីសំឡេងគាំទ្រទៅលើគណបក្សប្រឆាំងធំមួយគឺ គណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀន បានទទួលសំឡេងគាំទ្រតាមរយៈការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ចំនួនជាង ១.៦លានសំឡេង ដែលទទួលបានអាសនៈចំនួន ២ ១៩៨។ ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានចាត់ទុកការបាត់បង់អាសនៈជាង២ពាន់ ទៅដល់ដៃគណបក្សភ្លើងទៀននោះ ជារឿងធម្មតា ក្នុងសង្គមដែលប្រកាន់គោលការណ៍បោះឆ្នោតតាមបែបប្រជាធិបតេយ្យ។

ដោយឡែក លទ្ធផលជាផ្លូវការនៃការបោះឆ្នោតឃុំ-សង្កាត់ អាណត្តទី៥នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងប្រកាសនៅថ្ងៃអាទិត្យទី២៦ខែមិថុនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ