អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ កម្ពុជាមិនប្រឈមខ្វះប្រេងដូចប្រទេសជិតខាងមួយចំនួនទេ

ខណៈប្រទេសជិតខាងមួយចំនួន ប្រឈមនឹងកង្វះប្រេងឥន្ធនៈ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាកម្ពុជា មិនខ្វះខាតប្រេងប្រើប្រាស់នោះឡើយ។ ការមិនប្រឈមនឹងកង្វះប្រេងរបស់កម្ពុជា គឺដោយការសហការជាមួយវិស័យឯកជន ក្នុងការអនុវត្តយុទ្ធសាស្រ្តស្តុកប្រេងទុកសម្រាប់ការប្រើប្រាស់យ៉ាងហោចណាស់២០ថ្ងៃទៅ១ខែ។ យ៉ាងណា បញ្ហាកង្វល់សម្រាប់កម្ពុជា​ គឺការបន្តកើនឡើងថ្លៃប្រេងលើទីផ្សារពិភពលោក។ 

ប្រេងឥន្ធនៈ (រូបតំណាង)
ប្រេងឥន្ធនៈ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជា មិនប្រឈមនឹងហានិភ័យនៃកង្វះប្រេងឥន្ធនៈប្រើប្រាស់ដូចប្រទេសជិតខាងមួយចំនួនឡើយ។ ប្រទេសជិតខាងមួយចំនួនដូចជាតួយ៉ាងថៃ ដែលប្រឈមនឹងហានិភ័យនៃកង្វះខាតប្រេងឥន្ធនៈ ព្រោះតែការបញ្ឈប់ការនាំចូលឧស្ម័នធម្មជាតិរាវ ដោយសារតម្លៃកើនខ្ពស់ និងបរិមាណមានកម្រិត។ ការប្រឈមនឹងហានិភ័យនៃកង្វះខាតប្រេងឥន្ធនៈក្នុងប្រទេសថៃ គឺដោយស្ទើរតែ២ភាគ៣នៃអគ្គីសនីប្រទេសថៃក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ ពឹងផ្អែកលើឧស្ម័នធម្មជាតិនេះ។

ដោយឡែកសម្រាប់កម្ពុជាវិញ តាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កម្ពុជាអនុវត្តយុទ្ធសាស្រ្តស្តុកប្រេងទុកសម្រាប់ការប្រើប្រាស់យ៉ាងហោចណាស់ពី២០ថ្ងៃទៅ១ខែ ហើយការស្តុកទុកប្រេងនេះ នឹងមិនបណ្ដាលឲ្យកម្ពុជា ជួបប្រទះការខ្វះខាតប្រេងនោះឡើយ។

យ៉ាងណា កង្វល់គឺការបន្តកើនឡើងថ្លៃសាំង ទៅតាមទីផ្សារពិភពលោក។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មនេះបន្ថែមថា បើបញ្ហាកើនឡើងថ្លៃសាំងនេះ នៅតែបន្តអូសបន្លាយ រដ្ឋាភិបាលមានតែឧបត្ថម្ភធុនបន្ថែម ខណៈបច្ចុប្បន្ននេះ រដ្ឋាភិបាលសហការជាមួយក្រុមហ៊ុននាំចូលប្រេងសាំង បញ្ចុះថ្លៃប្រេងសាំងកើនឡើងដល់ 6.5 សេនដុល្លារ​ក្នុងមួយលីត្រ។ ដោយឡែក ដំណោះស្រាយល្អបំផុតក្នុងកាលៈទេសៈនេះ លោកលើកឡើងថា គឺជារួមគ្នាសន្សំសំចៃនៃការប្រើប្រាស់ប្រេងឥន្ធនៈនេះ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃ៣០ខែមិថុនា តម្លៃសាំងធម្មតាក្នុងប្រទេសកម្ពុជា ក្នុងមួយលីត្រគឺ៥៨០០រៀល ខណៈប្រេងម៉ាស៊ូតកើនថ្លៃ២០០រៀលទៀត ដល់៦៣០០រៀលក្នុងមួយលីត្រ។ ចំណែកនៅក្នុងប្រទេសថៃ តម្លៃប្រេងសាំងក្នុងមួយលីត្រប្រមាណ៣៤បាត ឬជិត៤០០០រៀល។ រីឯក្នុងប្រទេសវៀតណាម តម្លៃសាំងជាមធ្យមកើនឡើងដល់ប្រមាណ១.៥ដុល្លារ ឬប្រមាណ៦០០០រៀលក្នុងមួយលីត្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ