អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងការទូត

វៀតណាមទទួលស្គាល់ថាកម្ពុជា-វៀតណាមធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមក

មួយថ្ងៃក្រោយការប្រារព្ធខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានបើកកិច្ចពិភាក្សាជុំវិញសំណើររបស់វៀតណាម ដែលបានស្នើឲ្យកម្ពុជាពិចារណាអត្ថន័យខ្លឹមសារផ្ទាំងសិលាចារឹកថ្មីលើស្តូបមិត្តភាពកម្ពុជា-វៀតណាម។ ការលើកយកខ្លឹមសារនៃផ្ទាំងសិលាចារឹកស្តូបមិត្តភាពនេះ បានរំលេចពីការទទួលស្គាល់របស់រដ្ឋាភិបាលវៀតណាមជាលើកដំបូង ដល់ប្រទេសកម្ពុជា ដែលធ្លាប់បានជួយបង្រួបបង្រួមវៀតណាមពីអតីតកាល។

ស្តូបមិត្តភាពកម្ពុជា-វៀតណាម
ស្តូបមិត្តភាពកម្ពុជា-វៀតណាម © សហការី
ផ្សាយពាណិជ្ជកម្ម

ការស្នើរបស់ភាគីវៀតណាមឲ្យកម្ពុជាមានការពិចារណាអត្ថន័យខ្លឹមសារលើផ្ទាំងសិលាចារឹកថ្មីលើស្តូបមិត្តភាពកម្ពុជា-វៀតណាម បង្ហាញថារដ្ឋាភិបាលវៀតណាម ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ផាម មិញជីញ(Phạm Minh Chính) បានទទួលស្គាល់ជាលើកដំបូងថាកម្ពុជាធ្លាប់បានជួយបង្រួបបង្រួមទឹកដីវៀតណាមកាលពីទសវត្សរ៍៦០-៧០ ដែលកាលណោះដឹកនាំដោយព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រនៃកម្ពុជា។

ក្រសួងមហាផ្ទៃមិនបានបញ្ចេញលទ្ធផលនៃកិច្ចប្រជុំនេះ ថាមានការវិវត្តន៍យ៉ាងណាទេចំពោះការចារឹកខ្លឹមសារ ក៏ប៉ុន្តែកាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ រដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីណែនាំមួយស្តីពីការចារឹកនូវអត្ថន័យនៃសច្ចភាពប្រវត្តិសាស្ត្រលើស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលបានសាងសង់ឡើងនៅតាមបណ្តារាជធានី-ខេត្តនៃប្រទេសកម្ពុជា។

ខ្លឹមសារនៃសេចក្តីណែនាំដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន នោះគឺ«ស្តូបមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានសាងសង់ឡើងដើម្បីជាសក្ខីភាពនៃការដឹងគុណនឹងការចងចាំចំពោះពលិកម្មរបស់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុនៃការបង្រួបបង្រួម និងឯកភាពទឹកដីវៀតណាមក្នុងអំឡុងទសវត្សរ៍ ៦០-៧០ និងជាសក្ខីភាពនៃការដឹងគុណ និងចងចាំចំពោះពលិកម្មរបស់កងទ័ព និងប្រជាជនវៀតណាម ដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យនៅទសវត្សរ៍ ៧០-៨០»។

រដ្ឋាភិបាលកម្ពុជាតាមរយៈសេចក្តីណែនាំនេះ ក៏បានប្រាប់ទៅរាជធានី-ខេត្ត ឲ្យរៀបចំចារឹកនូវអត្ថន័យសច្ចភាពប្រវត្តិសាស្ត្រជាភាសាខ្មែរ វៀតណាម និងអង់គ្លេសនៅលើស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលបានសាងសង់នៅតាមខេត្ត-រាជធានី ដោយឆ្លាក់អក្សរឲ្យបានច្បាស់ៗនិងងាយអាន។ ផ្ទាំងចារឹកនេះ នឹងត្រូវធ្វើពិធីសម្ពោធ និងផ្សព្វផ្សាយអត្ថន័យរបស់វាផងដែរ។

សូមរំលឹកថាកាលពីខែមករា ឆ្នាំ២០២២ កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងឲ្យដឹងដែរថាគម្រោងអនាគត ស្តូបអនុស្សាវរីយ៍ទាំងអស់ ត្រូវសរសេរឲ្យមានគ្រប់លក្ខណៈ គឺការកសាងស្តូបនេះ សំដៅមើលឲ្យឃើញអំពីការដែលប្រជាជនកម្ពុជាជួយប្រជាជនវៀតណាម ក្នុងការរំដោះភាគខាងត្បូង និងឈានទៅឯកភាពជាតិ និងការអភិវឌ្ឍ ហើយស្តូបនេះ ក៏កសាងឡើងដើម្បីឲ្យឃើញអំពីការជួយរបស់វៀតណាម ឲ្យប្រជាជនកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពតដែរ។

សូមរំលឹកថា ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅលើទឹកដីកម្ពុជាដែលកសាងឡើងចាប់ពីទសវត្សរ៍ឆ្នាំ៨០មក បានរងនវការរិះគន់ពីសំណាក់អ្នកនយោបាយ និងពលរដ្ឋខ្មែរមួយចំនួនថា វៀតណាមចង់ឲ្យកម្ពុជាដឹងគុណខ្លួនមិនចេះចប់ ហើយការដឹងគុណនេះ គឺអាចធ្វើឡើងតាមរយៈការកាត់ទឹកដី និងការធ្វើឲ្យជនជាតិវៀតណាមរស់នៅបានស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែរដ្ឋាភិបាល និងគណបក្សកាន់អំណាច បានទាត់ចោលនូវការរិះគន់នេះ។

សម្រាប់ពេលនេះ គេមិនទាន់ដឹងទេថា ការចារឹកអក្សរដឹងគុណគ្នាទៅវិញទៅមកលើស្តូបមិត្តភាពរវាងកម្ពុជាវៀតណាម ដោយមានការទទួលស្គាល់ប្រវត្តិសាស្ត្រពីភាគីវៀតណាមដែរនោះ នឹងធ្វើឲ្យពលរដ្ឋខ្មែរ និងអ្នកនយោបាយ ដែលធ្លាប់រិះគន់ទទួលយកបានកំរិតណានោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ