អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

CDC អនុម័តគម្រោងអភិវឌ្ឍន៍ចំនួន៨០គម្រោង និងមានទុនជិត៣ពាន់លានដុល្លារត្រឹមរយៈពេល ៥ខែ

គិតត្រឹមរយៈពេល៥ខែ ពាក់កណ្តាលឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តលើគម្រោងអភិវឌ្ឍន៍សរុបចំនួន៨០គម្រោង ដោយគិតជាទឹកប្រាក់មានចំនួនសរុប២.៨ពាន់លានដុល្លារ​។ បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC គម្រោងទាំង៨០ខាងលើ បានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋចំនួនជិត៦ម៉ឺនកន្លែងនៅទូទាំងប្រទេស។​ 

គម្រោងរោងចក្រកាត់ដេរ
គម្រោងរោងចក្រកាត់ដេរ © Internet
ផ្សាយពាណិជ្ជកម្ម

ដំណើរការចុះបញ្ជីគម្រោងអភិវឌ្ឍន៍ និងគម្រោងពង្រើកផលិតកម្មថ្មីដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តត្រឹមរយៈពេល៥ខែ ពាក់កណ្តាលឆ្នាំ២០២២នេះ ហាក់មិនសូវមានសញ្ញាណណាមួយខុសប្លែកគ្នាខ្លាំងនោះទេ បើធៀបនឹងគម្រោងវិនិយោគ កាលពីឆ្នាំ២០២១ ដោយមានសរុបចំនួន៥៧គម្រោង និងគិតជាទុនវិនិយោគសរុបមានចំនួនជាង២ពាន់លានដុល្លារ។

បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគភាគច្រើនដែលបានអនុម័តរួច គឺស្ថិតក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ផលិតផល​ធ្វើ​ដំណើរ និង​ស្បែកជើង​។ ក្រៅពីនោះ ក៏មានគម្រោងវិនិយោគនៅក្នុងវិស័យគ្រឿងបង្គុំអេឡិចត្រូវនិក សម្ភារអគ្គិសនី គ្រឿងបង្គុំយានជំនិះ សម្ភារៈប្រើប្រាស់ គ្រឿងសង្ហារឹម គម្រោងកែច្នៃផលិតផលកសិកម្ម និងគម្រោងមន្ទីរពេទ្យជាដើម។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ថា ស្ថិតក្នុងបរិយាកាសទីផ្សារវិនិយោគកំពុងស្ទុះងើបឡើងវិញ ជាពិសេសការវិលចូលនៃធុរកិច្ចជនបរទេសនារយៈពេល៥ខែ ឆ្នាំ២០២២នេះ គឺហេតុផលមួយដ៏សំខាន់ក្នុងការជំរុញឱ្យគម្រោងវិនិយោគក្នុងប្រទេសកម្ពុជាមានការកើនឡើង និងសរបញ្ជាក់អំពីភាពរឹងមាំនៃស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាផង។

លោកឧកញ៉ាបន្តថា កត្តាដែលកម្ពុជាអាចស្រូបទាញ អ្នកវិនិយោគបរទេសមកបណ្តាក់ក្នុងប្រទេសកម្ពុជា ដោយសារ ទីផ្សារវិនិយោគនៅកម្ពុជាមានភាពទូលំទូលាយច្រើន ជាពិសេសកម្ពុជាមានច្បាប់វិនិយោគថ្មី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន ប្រព័ន្ធអនុគ្រោះពន្ធ GSP និងប្រព័ន្ធអនុគ្រោះពន្ធEBA របស់សភាពអឺរ៉ុបជាដើ​ម។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះអះអាងទៀតថា​ ហេតុផលចម្បងមួយទៀត គឺកម្ពុជាមានធនធានមនុស្ស និងកម្លាំងពលកម្មជំនាញច្រើនដែលអាចចូលរួមក្នុងចង្វាក់ផលិតកម្មបាន។

សូមរំលឹកថា កាលពីឆ្នាំ២០២១កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន១៦១គម្រោង ដែលមានទំហំទុនវិនិយោគសរុបប្រមាណជិត៤ពាន់លានដុល្លារ និងអាចបង្កើតការងារដល់ប្រជាពលរដ្ឋសរុបចំនួន១០៩,៤១៣កន្លែង។

ក្នុងចំណោមគម្រោងចំនួន១៦១ ការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១២៥គម្រោង សរុបទុនវិនិយោគចំនួន១.៩៧ពាន់លានដុល្លារ និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន៣៦គម្រោង សរុបទុនវិនិយោគជាង១.៩៨ពាន់លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ