អានតួអត្ថបទ
កម្ពុជា-នយោបាយ

មន្ត្រីពន្ធធនាគារថាការបញ្ជូនខ្លួន សេង ធារី ទៅឃុំនៅព្រះវិហារដើម្បីការពារអសន្តិសុខ តែមេធាវីថាជាការបំបិទសិទ្ធិសេរីភាព

លោក នុត សវនា អ្នក​នាំ​ពាក្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​នាគារ​របស់​ក្រសួង​មហាផ្ទៃ តាម​រយៈ​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ បាន​បញ្ជាក់​ថា​ការ​បញ្ជូន​ខ្លួន​កញ្ញា សេង ធារី ទៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ​ គឺ​ដើម្បីបញ្ចៀស​កុំ​ឱ្យ​មាន​បាតុកម្ម​តវ៉ា​នៅ​ខាងក្រៅ​ពន្ធនាគារ​ដែល​នាំ​ឱ្យ​ប៉ះពាល់​សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្រៅ​ឃុំ​។ ​មូលហេតុ​របស់មន្ត្រី​ពន្ធនាគារ​​នេះ ត្រូវ​បាន​លោក ជូង ជូងឺ មេធាវី​ការពារ​ក្តី​កញ្ញា​សេង ធារី មើលឃើញ​ថា ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​និង​សិទ្ធិ​ការពារ​ក្តី​លោក។ 

កញ្ញា សេងធារី មេធាវីសញ្ជាតិអាមេរិកាំង
កញ្ញា សេងធារី មេធាវីសញ្ជាតិអាមេរិកាំង © AP Heng Sinith
ផ្សាយពាណិជ្ជកម្ម

សំណុំ​រឿង​កញ្ញា សេង​ធារី មេធាវី​សញ្ជាតិ​អាមេរិកាំង​បាន​បន្ត​វិវឌ្ឍន៍​ទៅ​ដោយ​ការ​បញ្ជូន​ខ្លួន​នាង​ទៅ​ឃុំ​​ឯពន្ធ​ធានាគារ​ខេត្ត​ព្រះវិហារ​កាលពីថ្ងៃទី​១៥មិថុនា។ មួយថ្ងៃក្រោយ បន្ទាប់ពី​តុលាការ​ប្រកាស​កាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៦ឆ្នាំ ពីបទរួមគំនិតក្បត់​ក្នុង​សំណុំ​រឿង​មាតុភូមិ​និវត្តន៍​៩វិច្ឆិកា របស់​លោក សម រង្ស៊ី និង​​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ភ្លាមៗ​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ព្រៃស​។

លោក នុត សវនា អ្នកនាំពាក្យ​​អគ្គនាយកដ្ឋាន​ពន្ធនាគាររបស់​ក្រសួង​មហាផ្ទៃ នៅថ្ងៃទី​១៨មិថុនា បានបញ្ជាក់ថា ការបញ្ជូនកញ្ញា សេង ធារី ទៅដាក់ពន្ធធានាគារ​នៅខេត្តព្រះវិហារនោះ គឺជាវិធានការ​បង្ការនិងទប់ស្កាត់​បញ្ហា​​​​អ​សន្តិសុខ​សណ្តាប់ធ្នាប់ ដែលនឹងបង្កឡើងដោយ​សកម្មភាពបាតុកម្ម​តវ៉ានៅ​ខាងក្រៅឃុំពន្ធធានាគារព្រៃស។ លោកអ្នកនាំពាក្យ​​អគ្គនាយកដ្ឋានពន្ធនាគារ បន្តថា បញ្ហាអសន្តិសុខ​ក្រៅពន្ធធនាគារ​នោះ មិនត្រឹមតែបង្កការលំបាកដល់​​​មន្ត្រីលោកទេ​ តែក៏​ប៉ះពាល់ដល់ដំណើរការសួរ​សុខទុក្ខរបស់សាច់ញាតិអ្នកជាប់ឃុំដទៃទៀត ឬអាចថា ពន្ធធនាគារព្រៃសនឹង​ត្រូវបិទបណ្តោះអាសន្នដោយសាររឿងក្តីកញ្ញា សេង ធារី ផង​។

​លោក នុត សវនា អ្នកនាំពាក្យ​​អគ្គនាយកដ្ឋាន​ពន្ធនាគាររបស់​ក្រសួង​មហាផ្ទៃទទួលស្គាល់ថា ការបញ្ជូន​កញ្ញា សេង ធារី​ ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារឆ្ងាយដាច់ដោយឡែកនោះ គឺប៉ះពាល់ដល់សិទ្ធិនាងពិតមែន ក៏ប៉ុន្តែអាជ្ញាធរ​ចាំបាច់ត្រូវអនុវត្តវិធានការនេះ​ ក្រោយ​វាយតម្លៃពីហានិភ័យ​នៃ​ផលប៉ះពាល់។    

តាមរយៈ​វិទ្យុបារាំងអន្តរជាតិrfi លោកមេធាវី ជូង ជូងឺ មេធាវីការពារក្តីកញ្ញាសេង ធារី ​មើលឃើញថាជាការបំបិទសិទ្ធិសេរីភាពនិងសិទ្ធិការពារក្តីរបស់កូនក្តីលោក។ ទាំងដែលជាក់ស្តែង មេធាវីមានសិទ្ធិចូលជួប​កូនក្តីបាន តែលោកមេធាវី ​ជូង ជូងឺ បញ្ជាក់ថា នៅថ្ងៃចន្ទទី​២០មិថុនាខាងមុខ​ លោកនឹងដាក់លិខិតសុំការអនុញ្ញាតិសួរសុខទុក្ខកូនក្តីលោក ព្រោះលោកមិនចង់ខកដំណើរ​ ទៅហើយត្រូវគេមិនអោយចូលជួបនោះឡើយ​។

លោកមេធាវី ជូង ជូងឺ បាន​ប្រាប់ថា ​លោកមិនត្រូវបានអនុញ្ញាតិ​ជួបកូនក្តីលោកតាំងពីថ្ងៃនាងត្រូវបាន​​ចាប់ខ្លួន​មកម៉្លេះ ហើយសូម្បីតែដំ​ណឹងពីការបញ្ជូនខ្លួន​នាង​ទៅពន្ធធនាគារព្រះវិហារក៏លោកពុំបានទទួលនោះដែរ។ យ៉ាងណាមិញ ពាក្យបែបបទប្តឹងទៅសាលាឧទ្ធរណ៍​ និងលិខិតផ្ទេរ​កញ្ញា សេង ធារី មកពន្ធធនាគារព្រៃស នៅរាជធានីភ្នំពេញ​វិញ នឹងត្រូវរៀបចំឡើង បន្ទាប់ពី​លោកបានជួប​និង​និយាយជាមួយ​កូនក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ