អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

បក្សប្រជាធិបតេយ្យមូលដ្ឋានគ្រោងជួបបក្សផ្សេងទៀត ដើម្បីតទល់ជាមួយ គ.ជ.ប

គណបក្ស​ប្រជាធិប​តេយ្យមូល​ដ្ឋាន​កំពុង​ប្រមូល​ភាពមិន​ប្រក្រតី ​នៅក្នុង​ដំណើរការ​បោះឆ្នោត ​កាលពីថ្ងៃ​ទី០៥​ ខែមិថុនា​កន្លង​ទៅ ​និងទាក់​ទង​ជាមួយ​គណបក្ស​ផ្សេងទៀត ​ដើម្បីរួម​គ្នាត​ទល់​ជាមួយ​គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត។​ នេះបើតាម​លោក យ៉ង​ សាំងកុមារ ​ក្នុង​សន្និសីទកាសែត​របស់​គណបក្ស ​នៅព្រឹក​ថ្ងៃទី០៧ ​ខែមិថុនានេះ ​ខណៈបក្ស​នេះទទួល​យកលទ្ធផល​នៃការបោះឆ្នោត ​ដោយការ​មិនពេញចិត្ត។​

លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មារធិការនាយករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅក្នុងសន្និសីទកាសែតរបស់គណបក្ស
លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មារធិការនាយករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅក្នុងសន្និសីទកាសែតរបស់គណបក្ស © FB
ផ្សាយពាណិជ្ជកម្ម

លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មារធិការនាយករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅក្នុងសន្និសីទកាសែតនា ព្រឹកថ្ងៃទី០៧ ខែមិថុនា នេះបានបញ្ជាក់ថាការតទល់ជាមួយ គ.ជ.ប គឺក្នុងន័យឲ្យមានការកែប្រែឲ្យល្អសម្រាប់ការបោះឆ្នោត ឆ្នាំ២០២៣ខាងមុខនេះ។

ជុំវិញការរួមគ្នាជាមួយបក្សផ្សេងទៀត ដើម្បីតទល់ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប), លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានលើកឡើងដែរថា រហូតមកដល់ពេលនេះគឺលោកមិនអាចបញ្ចេញឈ្មោះបក្សទាំងនោះបានទេ ទោះជាបានទាក់ទងគ្នាខ្លះហើយក៏ដោយ ប៉ុន្តែលោករីករាយស្វាគមន៍ជាមួយគណបក្សណាក៏ដោយ ដែលបានមើលឃើញពីភាពចាំបាច់ក្នុងការកែប្រែប្រព័ន្ធបោះឆ្នោតរបស់កម្ពុជា។

លោកបណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានទទួលយកលទ្ធផលនៃការបោះឆ្នោតដោយការមិនពេញចិត្ត ឬទទួលយកដោយភាពឈឺចាប់។ លោកបន្តថា ការទទួលដោយភាពឈឺចាប់នេះ គឺមិនមែនដោយសារតែគណបក្សរបស់លោកមិនបានកៅអីច្រើននោះទេ ប៉ុន្តែគណបក្សរបស់លោកចង់បានការប្រកួតប្រជែងមួយដោយសេរី និងស្មើភាពគ្នា។

គិតមកដលពេល់នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន ៦អាសនៈ នៅក្នុង ៤ឃុំ ដែលមានកើនឡើង១អាសនៈ។ បើតាមលោកលោកបណ្ឌិត យ៉ង សាំងកុមារ សំឡេងឆ្នោតរបស់គណបក្សលោកមានការកើនឡើងខ្លាំងនៅក្នុងឃុំចំនួន៣។

ក្នុងសន្និសីទសារព័ត៌មាន អំពីលទ្ធផលសង្កេតការណ៍បោះឆ្នោត កាលពីថ្ងៃទី០៦ ខែមិថុនា ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ដែលមកពីបណ្តាប្រទេសមួយចំនួន ដូចជា ចិន ម៉ាឡេស៊ី និងហ្វីលីពីន ជាដើម បានគូសបញ្ជាក់ពីសភាពការណ៍បោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី០៥ នៅកម្ពុជា ថា បានប្រព្រឹត្តទៅដោយរលូន និងមានភាពល្អប្រសើរ។ប៉ុន្តែសម្រាប់ក្រុមអង្គការសង្គមស៊ីវិលនៅក្នុងស្រុក បានកត់សម្គាល់ ពីបញ្ហាបំភិតបំភ័យសិទ្ធិរបស់ពលរដ្ឋ ដែលកើតមាន នៅតាមការិយាល័យនាអំឡុងពេលបោះឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ