អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

គណបក្សកាន់អំណាចឈ្នះការបោះឆ្នោតលើសលប់ តែបាត់បង់ជាង២ពាន់អាសនៈក្រុមប្រឹក្សា!

គណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥នេះ រហូតទៅដល់ជាង៧៤% ស្មើនឹងជាង ៥,៣លានសម្លេង ខណៈគណបក្សភ្លើងទៀនទទួលបានសម្លេងគាំទ្របន្ទាប់គឺជាង ២២% ស្មើនឹងជាង ១,៦លានសម្លេង។ ដោយឡែកគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចទទួលបានសម្លេងគាំទ្រទាបជាងគេគឺ០,០២% ស្មើនឹង ២៩៤សម្លេង ក្នុងចំណោមគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងទាំង១៧គណបក្ស។ នេះបើតាមលទ្ធផលបឋមដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានស្រង់រួច។ 

គណបក្សនយោបាយទាំង១៧ (រូបតំណាង)
គណបក្សនយោបាយទាំង១៧ (រូបតំណាង) © សហការី
ផ្សាយពាណិជ្ជកម្ម

គ្រាន់តែគណបក្សធំៗចំនួនពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន បានស្រូបយកសម្លេងឆ្នោតជាង ៩០%ទៅហើយ ក្នុងចំណោមពលរដ្ឋដែលបានទៅបោះឆ្នោតចំនួនជាង ៧,៣លាននាក់។ ពោលគឺ គណបក្សប្រជាជនកម្ពុជាទទួលបាន ៥,៣លានសម្លេង និងគណបក្សភ្លើងទៀន ដែលជាបក្សប្រឆាំងធំជាងគេទទួលបានជាង ១,៦លានសម្លេង។ នេះបើតាមសម្រង់លទ្ធផលបឋមដោយ គ​.ជ.ប។

ក្រៅពីនេះ គណបក្សចំនួន ១៥ផ្សេងទៀតបូកបញ្ចូលគ្នា គឺមានសម្លេងត្រឹមតែ ៣,៤២%ប៉ុណ្ណោះ។ ក្នុងចំណោមគណបក្សដែលមានសម្លេងគាំទ្រតិចតួចទាំងនោះរួមមាន គណបក្សហ្វុនស៊ីនប៉ិច ដែលបានដាក់បេក្ខភាពតែពាក់កណ្តាលក្នុងចំណោមឃុំសង្កាត់សរុបទាំង១៦៥២នោះទទួលបានសម្លេងគាំទ្រលេខ៣ គឺ ជាង៩ម៉ឺនសម្លេង ស្មើនឹង ១,២៧%។ គណបក្សបន្ទាប់គឺគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ អតីតមេទ័ពហ្វុនស៊ីនប៉ិចទទួលបានជាង ៦៣ ០០០សម្លេង ស្មើនឹង០,៨៨%។

ដោយឡែកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបានដាក់បេក្ខភាពចំនួន ៣២ឃុំ សង្កាត់នោះទទួលបានសម្លេងគាំទ្រតែជាង ៦៨០០សម្លេងប៉ុណ្ណោះ ខណៈដែលគណបក្សដែលទទួលបានសម្លេងគាំទ្រទាបជាងគេបំផុតសម្រាប់ការបោះឆ្នោតនេះ គឺគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចដែលមានមនុស្សតែ២៩៤នាក់ប៉ុណ្ណោះបោះឆ្នោតឲ្យ ឬស្មើនឹង ០,០៤%។

តាមរយៈសម្លេងគាំទ្ររបស់គណបក្សនីមួយៗដូច្នេះបង្ហាញថា គណបក្សប្រជាជនកម្ពុជាបានឈ្នះលើសលប់នៃការបោះឆ្នោតនេះ តាមរយៈសម្លេងគាំទ្ររហូតដល់ទៅជាង ៧៤%។ ក៏ប៉ុន្តែមន្ត្រីនិងអ្នកគាំទ្រគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងក្រៅពីបានរិះគន់ពីចំណាត់ការរបស់គ.ជ.ប និងបរិយាកាសនយោបាយដ៏អាប់អួរនៃការបោះឆ្នោតនេះ ក៏បានសាទរដែរចំពោះលទ្ធផលដែលពួកគេទទួលបាន។ តាមការសន្និដ្ឋានក្រៅផ្លូវការ គណបក្សភ្លើងទៀនអាចទទួលបានអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ចំនួនជាង ២ពាន់អាសនៈ ក្នុងចំណោមអាសនៈសរុបជាង ១១ ០០០អាសនៈ ខណៈដែលមុនការបោះឆ្នោតគណបក្សប្រឆាំងនេះមិនមានអាសនៈទាល់តែសោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ