អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

បោះឆ្នោតឃុំ-សង្កាត់៖ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ថា សេរី យុត្តិធម៌ តែអង្គការអន្តរជាតិខ្លះ ថា មិនមានប្រជាធិបតេយ្យ

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិមួយចំនួន ដែលបានដាក់អ្នកសង្កេតការណ៍ នាអំឡុងពេលបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ បានវាយតម្លៃ និងចាត់ទុកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃទី០៥មិថុនា បានប្រពឹត្តទៅដោយសេរី យុត្តិធម៌។ ក៏ប៉ុន្តែក្រុមអ្នកឃ្លាំមើលអន្តរជាតិខ្លះ បានលើកឡើងថា ការបោះឆ្នោតពេលនេះ មិនមានប្រជាធិបតេយ្យ ដ្បិតមានការគាបសង្កត់លើសិទ្ធិសេរីភាពពលរដ្ឋ។ 

ប្រជាពលរដ្ឋធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ (រូបតំណាង)
ប្រជាពលរដ្ឋធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ (រូបតំណាង) AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អំពីលទ្ធផលសង្កេតការណ៍បោះឆ្នោត នាព្រឹកនេះ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ដែលមកពីបណ្តាប្រទេសមួយចំនួន ដូចជា ចិន ម៉ាឡេស៊ី និងហ្វីលីពីន ជាដើម បានគូសបញ្ជាក់ពីសភាពការណ៍បោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី០៥ នៅកម្ពុជា ថា បានប្រព្រឹត្តទៅដោយរលូន និងមានភាពល្អប្រសើរ។

ដោយដាក់អ្នកសង្កេតការណ៍ចំនួន៣រាជធានី-ខេត្ត ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានវាយតម្លៃជាទូទៅ ថា ការបោះឆ្នោតឃុំ-សង្កាត់ ពេលនេះ ធ្វើឡើងដោយសេរី យុត្តិធម៌ ដែលជាការបញ្ជាក់ពីការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នាពេលបច្ចុប្បន្ន។ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ដែលមកតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាំងនោះ បានកត់សម្គាល់ថា បរិយាកាសនៅថ្ងៃបោះឆ្នោត មានភាពស្ងប់ស្ងាត់ ដោយគ្មានបាតុភាពហិង្សា ឬការតវ៉ាណាមួយឡើយ។ 

ក៏ប៉ុន្តែសម្រាប់ក្រុមអង្គការសង្គមស៊ីវិលនៅក្នុងប្រទេស បានកត់សម្គាល់ ពីបញ្ហាបំភិតបំភ័យសិទ្ធិរបស់ពលរដ្ឋ ដែលកើតមាន នៅតាមការិយាល័យនាអំឡុងពេលបោះឆ្នោត។ អង្គការ​លី​កា​ដូ ដែលធ្វើការពាក់ព័ន្ធផ្នែកសិទ្ធិមនុស្ស ​បានអះអាងថា ខ្លួន​ទទួលការ​រាយការណ៍​ពីរាជធានី-ខេត្តមួយចំនួន​ ថា ​មានមេឃុំ ចៅសង្កាត់  ​បាន​កត់ត្រា​ឈ្មោះ​ ​ឬ​ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត​ ​។​ ហើយករណីខ្លះ ​មេភូមិ ​និងអនុប្រធានភូមិ​ ​អង្គុយ​នៅក្រៅ​ច្រកចូល​នៃទីតាំង​បោះឆ្នោត​ និង​តម្រូវ​ឱ្យពលរដ្ឋ​ប្រាប់ឈ្មោះ ​ក្រោយពី​ការបោះឆ្នោតរួចរាល់។

បញ្ហាបំភិតបំភ័យ និងគាបសង្កត់លំហពលរដ្ឋ ក៏ជាបញ្ហាដែលអង្គការអន្តរជាតិមួយចំនួន កត់សម្គាល់ផងដែរ។ ​បណ្តាញ​អាស៊ី​ដើម្បី​ការបោះឆ្នោត​ដោយសេរី​ (​AN​F​R​E​L​) ​បាន​ចេញរបាយការណ៍វាយតម្លៃជាមុនថា ការបោះឆ្នោត​ឃុំ​-​សង្កាត់​ ​ នឹង​មិន​មាន​លទ្ធផល​បោះឆ្នោត​ពិតប្រាកដ​ ​និង​ត្រឹមត្រូវតាម​ច្បាប់​នោះ​ទេ​ ​ប្រសិនបើ​ការ​គំរាមកំហែង​ប្រឆាំង​នឹង​គណ​បក្សជំទាស់​ ​និង​សង្គម​ស៊ីវិល​ ​នៅតែ​កើតមាន។ បើតាមអង្គការអន្តរជាតិមួយនេះ ​ ប្រទេសកម្ពុជានៅតែ​ខ្វះ​ស្ដង់​ដារ​បោះឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ។

គួរបញ្ជាក់ថា សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥នេះ សហភាពអឺរ៉ុប បានបន្តប្រកាសថា មិនដាក់អ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោត ដ្បិតមិនមានវត្តមាននៃគណបក្សប្រឆាំង។ ក៏ប៉ុន្តែ អវត្តមានអ្នកសង្កេតការណ៍សហភាពអឺរ៉ុបពេលនេះ សម្រាប់ គ.ជ.ប មិនមែនជាបញ្ហានោះទេ។ ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ ដែលជាប្រធានគ.ជ.ប បានឆ្លើយទៅនឹងសំណួរអ្នកសារព័ត៌មានថា អវត្តមានអ្នកសង្កេតការណ៍សហភាពអឺរ៉ុប គួរសួរទៅសហគមន៍អឺរ៉ុប មិនគួរសួរមកគ.ជ.ប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ