អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

លោក សម រង្ស៊ី ថា គ.ជ.ប និង​បក្សកាន់អំណាច​មិនអាច​លួច​សន្លឹកឆ្នោត​ទាំងស្រុង​ទេ ខណៈភ្លើងទៀន​​ទទួល​បានជាង២​ពាន់​អាសនៈ

ប៉ុន្មានម៉ោង​ក្រោយការបោះឆ្នោត និង​រាប់សន្លឹកឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោក ​សម រង្ស៊ី ដែលជា​ស្ថាបនិក​គណបក្ស​ភ្លើងទៀន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លទ្ធផល​ដំបូង​នៃ​ការបោះឆ្នោត ​ឃុំ ​​សង្កាត់​នៅថ្ងៃ​ទី​០៥ មិថុនា​បង្ហាញ​ឲ្យ​ឃើញថា​គ្មានជន​ផ្តាច់ការ​ណា​អាច​រំលាយ​ទឹកចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​បានឡើយ​។ ការលើកឡើង​របស់​លោក សម រង្ស៊ី ​ដូច្នេះគឺ​ធ្វើឡើង​បន្ទាប់​ពីលទ្ធផល​បឋម​នៃ​ការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ​អាណត្តិ​ទី​៥​នេះ​បង្ហាញ​ថា គណបក្ស​កាន់អំណាច​មិនអាច​ឈ្នះទាំងអស់​តែ​ម្នាក់ឯង​បាន​ទេ​។ 

គណបក្សភ្លើងទៀន
គណបក្សភ្លើងទៀន © FB
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសំណេរលោក សម រង្ស៊ី ដែលជាស្ថាបនិកគណបក្សភ្លើងទៀន ហើយពេលនេះបាននិរទេស​ខ្លួននៅឯក្រៅប្រទេសនោះ បង្ហាញថាគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចបច្ចុប្បន្នមិនអាចក្តោបក្តាប់អាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ ១០០%តែឯងទេ គឺគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងក៏បានជាប់ជាមេឃុំ និងក្រុមប្រឹក្សាខ្លះដែរ បើទោះណាជាការបោះឆ្នោតនេះត្រូវលោកចោទប្រកាន់ថា មិនសេរី ត្រឹមត្រូវ និងយុត្តិធម៌ក៏ដោយ។

តាមលោក សម រង្ស៊ី ទោះជាមានបរិយាកាសគំរាមកំហែង បំភិតបំភ័យ ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ ក៏ដោយក៏មកទល់ពេលនេះ សន្លឹកឆ្នោតតាមរយៈគណបក្សភ្លើងទៀន ក៏បាននៅសេសសល់មួយចំនួនដែរ បន្ទាប់ពីការលួចបន្លំ។ សន្លឹកឆ្នោត ដែលនៅសេសសល់នោះ គឺជាអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ ដែលអាសនៈទាំងនេះ គណបក្សភ្លើងទៀនដណ្តើមបានមកវិញខ្លះនោះ ត្រូវលោក សម រង្ស៊ី ថាជាការបរាជ័យរបស់គណបក្សកាន់អំណាចទៅវិញ។

មេដឹកនាំនយោបាយប្រឆាំងដែលជាប់បណ្តឹង និងការផ្តន្ទាទោសជាច្រើនសំណុំរឿងពីក្រុងភ្នំពេញរូបនេះ អះអាងថាសន្ទុះនៃកម្លាំងប្រជាធិបតេយ្យ ដែលនៅសេសសល់ពេលនេះ គឺជាកម្លាំងដែលអាចវាយបំបែកនៅក្នុងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ខាងមុខ។

ជុំវិញការលើកឡើងរបស់លោក សម រង្ស៊ី បែបនេះ នៅមិនមានការឆ្លងឆ្លើយណាមួយពីគណបក្សកាន់អំណាច ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ទេ ក៏ប៉ុន្តែចាប់តាំងពីការរាប់សន្លឹកឆ្នោតរហូតដល់ការប្រកាសលទ្ធផលឆ្នោតបឋម គណបក្សកាន់អំណាច និងគ.ជ.ប តែងអះអាងថាបរិយាកាសនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ​ដោយគ.ជ.ប បញ្ជាក់ថាខ្លួនបានប្រឹងប្រែងយ៉ាងខ្លាំង ព្រមទាំងមានការទទួលស្គាល់ពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិផងដែរ។

សូមរំលឹកថា កាលពីឆ្នាំ ២០១៧ អតីតគណបក្សសង្គ្រោះជាតិបានឈ្នះអាសនៈក្រុមប្រឹក្សាចំនួន ៥០០៧ អាសនៈ ក៏ប៉ុន្តែត្រូវបានធ្លាក់ទៅលើគណបក្សប្រជាជនវិញទាំងអស់ ក្រោយពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ។ ខណៈដែលគណបក្សសង្គ្រោះជាតិមិនអាចត្រលប់មកវិញបាន គណបក្សភ្លើងទៀន ដែលជាគណបក្សសម្ព័ន្ធជាមួយគណបក្សសិទ្ធិមនុស្ស បង្កើតបានជាសង្គ្រោះជាតិនោះ បានចេញមកប្រជែងរកសម្លេងឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ពេលនេះ ហើយត្រូវគេរំពឹងថានឹងដណ្តើមបានអាសនៈក្រុមប្រឹក្សាបឋមប្រមាណជាង២ពាន់មកវិញ ក្នុងចំណោមអាសនៈក្រុមប្រឹក្សាសរុបជាង១ម៉ឺន និងបានឈ្នះជាមេឃុំ តែ៤ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ