អានតួអត្ថបទ
កម្ពុជា-នយោបាយ

សង្គមស៊ីវិល៖ សភាពការណ៍ទូទៅបឋមក្នុងមណ្ឌលបោះឆ្នោតមួយចំនួនក្នុងភ្នំពេញ ដំណើរការប្រក្រតី

តាមការអង្កេតការណ៍របស់អង្គការនិចហ្វិកនិងអង្គការComfrel ក្នុងពេលប្រមាណ២ម៉ោងក្រោយការិយាល័យបោះឆ្នោតបានបើកទ្វារដំណើរការ ដំណើរការបោះឆ្នោតក្នុងមណ្ឌលមួយចំនួនក្នុងរាជធានីភ្នំពេញ បានប្រព្រឹត្តទៅដោយប្រក្រតី។ ជាទិដ្ឋភាពរួម តាមមណ្ឌលបោះឆ្នោត មានអ្នកទៅបោះឆ្នោតយ៉ាងកុះករ និងមានវត្តមានពីបណ្ដាអ្នកអង្កេតការណ៍ ភ្នាក់ងារគណបក្ស កម្លាំងសន្តិសុខជាច្រើនរូប។

ពលរដ្ឋចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណ្ណត្តិទី៥ឆ្នាំ២០២២ ថ្ងៃទី៥មិថុនា
ពលរដ្ឋចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណ្ណត្តិទី៥ឆ្នាំ២០២២ ថ្ងៃទី៥មិថុនា © FB
ផ្សាយពាណិជ្ជកម្ម

ចាស់ជរា និងជនពិការ បានចូលរួមបោះឆ្នោតយ៉ាងសស្រាក់សស្រាំ ដោយមានទាំងអ្នកខ្លះសែងនិងគ្រាពី ពីរ៉ឺម៉កកង់បី ចូលក្នុងការិយាល័យបោះឆ្នោត។ នេះជាការពិពណ៌នារបស់ លោក កន សាវ៉ាន អ្នកសម្របសម្រួលនិងអ្នកអង្កេតតស៊ូមតិComfrel ពីទិដ្ឋភាពទូទៅក្នុងមណ្ឌលបោះឆ្នោតមួយកន្លែងក្នុងវត្តមង្គត់បុរី រាជធានីភ្នំពេញ។ ​ក្រៅពីនេះ នគរបាលចរាចរណ៍ថែមទាំងបានសម្របសម្រួលចរាចរណ៍ក្នុងមណ្ឌលបោះឆ្នោតនេះផងដែរ។

ជាការកត់សម្គាល់ របស់លោកកន សាវ៉ាន ការិយាល័យបោះឆ្នោតចំនួន២នៃមណ្ឌលបោះឆ្នោតក្នុងវត្តមង្គត់បុរី មានអ្នកទៅតម្រង់ជួរបោះឆ្នោតច្រើនកុះករ គឺការិយាល័យលេខ១៣៦៤ និង១៣៦៥ ចំណែកការិយាល័យផ្សេងទៀតមានអ្នកទៅបោះឆ្នោតតិចតួច និងគ្មានតែម្ដង។

ដោយឡែក នៅតាមមណ្ឌលបោះឆ្នោតមួយចំនួនផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញ ដូចជានៅសាលារៀនសន្ធរម៉ុក សាលារៀនទឹកល្អក់ និងសាលារៀនអនុវត្ត តាមលោក សម សុគន្ធាមី ប្រធានអង្កការនិចហ្វិក ក្នុងរយៈពេលពីរម៉ោងក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់បានចាប់ផ្ដើម មានអ្នកមកបោះឆ្នោតក្នុងកម្រិតច្រើនបង្គួរ។

ក្រៅពីនេះ តាមមណ្ឌលបោះឆ្នោតទាំងនោះ មានវត្តមានភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៍ពីអង្គការក្រៅរដ្ឋាភិបាល និងកម្លាំងសន្តិសុខដើម្បីរក្សារៀបរយ ក្នុងដំណើរការបោះឆ្នោតនេះ។

គួរបញ្ជាក់ថា ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបើកដំណើរ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៥ខែមិថុនា ចាប់ពីម៉ោង៧ព្រឹកមក។ បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅម៉ោង៣រសៀល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ