អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

អង្គការសង្គមស៊ីវិលជិត៣០ បន្តលើកឡើងពីវិបត្តិបរិស្ថាន អំឡុងទិវាបរិស្ថានពិភពលោកឆ្នាំ២០២២

នៅក្នុងឱកាសនៃទិវាបរិស្ថានពិភពលោកឆ្នាំ២០២២នេះ ក្រុមសង្គមស៊ីវិល ដែលរួមមានអង្គការ សមាគម និងសហគមន៍ពលរដ្ឋចំនួន២៧ នៅថ្ងៃព្រហស្បតិ៍ទី០២ មិថុនានេះ បានរួមគ្នាចេញសេចក្តីថ្លែងការណ៍មួយ បង្ហាញពីការព្រួយបារម្ភចំពោះវិបត្តិបរិស្ថាន នៅក្នុងប្រទេសកម្ពុជា។ ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ បានមើលឃើញថាអាជ្ញាធរនៅមិនទាន់អនុវត្តឲ្យបានពេញលេញទៅលើគោលនយោបាយស្តីពីកិច្ចការពារ ការថែទាំ និងព្រងើយកន្តើយចំពោះសំណូមពរ និងកង្វល់នានាជុំវិញបញ្ហាបរិស្ថាននៅកម្ពុជា។

ក្រុមសង្គមស៊ីវិល ដែលរួមមានអង្គការ សមាគម និងសហគមន៍ពលរដ្ឋចំនួន២៧ បានរួមគ្នាចេញសេចក្តីថ្លែងការណ៍មួយ បង្ហាញពីការព្រួយបារម្ភចំពោះវិបត្តិបរិស្ថាន នៅក្នុងប្រទេសកម្ពុជា។ (រូបតំណាង)
ក្រុមសង្គមស៊ីវិល ដែលរួមមានអង្គការ សមាគម និងសហគមន៍ពលរដ្ឋចំនួន២៧ បានរួមគ្នាចេញសេចក្តីថ្លែងការណ៍មួយ បង្ហាញពីការព្រួយបារម្ភចំពោះវិបត្តិបរិស្ថាន នៅក្នុងប្រទេសកម្ពុជា។ (រូបតំណាង) © FB
ផ្សាយពាណិជ្ជកម្ម

ក្រុមអង្គការសង្គមស៊ីវិលចំនួនជិត ៣០ស្ថាប័ន មើលឃើញថាការគ្រប់គ្រងធនធានធម្មជាតិ នៅមិនទាន់បានឆ្លើយតបចំពោះកង្វល់របស់ពួកគេនៅឡើយទេ បើទោះណាជារដ្ឋាភិបាលកម្ពុជាបានខិតខំបង្កើននូវតំបន់ការពារធនធានធម្មជាតិក៏ដោយ ខណៈដែលសកម្មភាពកាប់បំផ្លាញ និងឈូសឆាយដីព្រៃជាច្រើនហិចតានៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ និងតំបន់ដទៃទៀតជារៀងរាល់ថ្ងៃ។

តាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិល សកម្មភាពទាំងអស់នេះ បានធ្វើឲ្យគម្របព្រៃឈើនៅក្នុងប្រទេសកម្ពុជារយៈពេល២ទស្សវត្សរ៍ចុងក្រោយនេះ បានបន្តធ្លាក់រហូតដល់ ១៤,២៩% ត្រឹមឆ្នាំ២០១៨ ខណៈការទន្ទ្រានយកដីដោយខុសច្បាប់បានបន្តគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរបន្ថែមទៀតដល់តំបន់ព្រៃឈើ តំបន់ការពារធម្មជាតិ តំបន់បឹងទន្លេសាប និងព្រៃសហគមន៍។

សេចក្តីថ្លែងការណ៍ក៏បានរិះគន់ផងដែរទាក់ទងទៅនឹងការធានាឯករាជ្យភាពថាមពល ដែលថារដ្ឋាភិបាលមិនគួរផ្តោតការអភិវឌ្ឍវិស័យថាមពលតែទៅលើជម្រើសនៃការសាងសង់ទំបន់វារីអគ្គិសនី និងថាមពលដើរដោយធ្យូងថ្មនោះទេ។ ការអភិវឌ្ឍដោយការលុបបឹងធម្មជាតិយ៉ាងឆាប់រហ័សអំឡុងពេល២ឆ្នាំនៃការរីករាលដាលជំងឺកូវីដ-១៩ បង្កើតបានជាការព្រួយបារម្ភចំពោះបញ្ហាបរិស្ថាននៅរាជធានីភ្នំពេញ ខណៈផ្ទៃដីបឹងតាមោគជាង ៦៥%ត្រូវបានកាត់ និងផ្ទេរទៅឲ្យឯកជន និងស្ថាប័នរដ្ឋសម្រាប់គម្រោងសាងសង់ដោយគ្មានផែនការច្បាស់លាស់។

ប្រឈមនឹងវិបត្តិបរិស្ថាន និងសិទ្ធិបរិស្ថានដូច្នេះ ក្រុមអង្គការសង្គមស៊ីវិលក៏បានស្នើដល់រដ្ឋាភិបាលឲ្យគិតគូឡើងវិញពីការការពារ និងថែរក្សាធនធានបរិស្ថាន និងមានការបើកចំហរសេរីភាពក្នុងការចូលរួមប្រកបដោយបរិយាប័ន្ន។ ក្រុមអង្គការទាំងនេះក៏បានផ្តល់អនុសាសន៍ដែរ ជុំវិញការបង្កើតរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម និងការរក្សាប្រព័ន្ធជីវៈចម្រុះ ដែលរងផលប៉ះពាល់ពីវារីអគ្គិសនី ព្រមទាំងស្នើឲ្យពិចារណាផងដែរលើការរៀបចំក្រុង និងនគរូបនីយកម្មដែលមិនត្រឹមត្រូវ រួមនឹងចំណុចសំខាន់ៗមួយចំនួនទៀត។

ជុំវិញការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលដូច្នេះ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់វិទ្យុបារាំង RFI ថាការបង្ហាញពីការព្រួយបារម្ភ គឺជាសិទ្ធិរបស់ពួកគេ។ ក៏ប៉ុន្តែលោកថារាជរដ្ឋាភិបាលកម្ពុជាបានដាក់ចុះនូវគោលនយោបាយ និងវិធានការច្បាប់ ក៏ដូចជាដំណោះស្រាយនានាដើម្បីបង្កើនប្រសិទ្ធភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិដែលនៅសល់ឱ្យនៅគង់វង្ស។

តាមលោក នេត្រ ភក្ត្រា វិធានការដែលរាជរដ្ឋាភិបាលដាក់ចុះ ដើម្បីការពារបាននូវធនធានធម្មជាតិបន្ថែមពីលើវិធានការអនុវត្តច្បាប់ គឺការបង្កើតសេដ្ឋកិច្ចមូលដ្ឋានក្នុងបំណងកាត់បន្ថយការពឹងអាស្រ័យទាំងស្រុងរបស់ពលរដ្ឋលើធនធានធម្មជាតិដោយអនុវត្តគោលការណ៍ «រក្សាឈើឈរដើម្បីរកចំណូល» តាមរយៈការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី។ ជាមួយគ្នានេះ កម្ពុជាក៏បាននឹងជំរុញលើការប្រើប្រាស់ថាមពលកកើតឡើងវិញ និងធ្វើអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ ២០៥០ជាដើម។ នេះគឺជាកិច្ចការជាក់ស្តែងដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តលើកិច្ចការការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងការគ្រប់គ្រងបរិស្ថានរបស់កម្ពុជាប្រកបដោយការទទួលខុសត្រូវ និងចក្ខុវិស័យច្បាស់លាស់ មិនមែនត្រឹមតែនិយាយឱ្យពីរោះនោះទេ។ នេះបើតាមលោក នេត្រ ភក្ត្រា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ