អានតួអត្ថបទ
កម្ពុជា-សង្គម

ការស្ទង់មតិ៖កុមារ និងយុវជន៨០% រងសម្ពាធផ្លូវចិត្តដោយសារតែគ្រួសារជាប់បំណុល

អង្គការ​សង្គមស៊ីវិល​ចំនួន៦​ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹងសិទ្ធិ​កុមារ​ បាន​ចេញ​របាយការណ៍​ស្ទង់​មតិមួយ​ដោយ​រកឃើញថា ​កុមារ​ និង​យុវជន​ប្រហែល​៨០%​រង​សម្ពាធផ្លូវចិត្ត​ដោយសារតែ​គ្រួសា​របស់ពួកគេ​ជាប់​បំណុល​ ខណៈកូវីដ១៩។ ការ​ចេញ​របាយការណ៍នេះ​ធ្វើឡើង ​នៅក្នុង​ទិវាសិទ្ធិ​កុមារ​អន្តរជាតិ​១មិថុនា​ ដោយ​បាន​ភ្ជាប់​ផងដែរថា ​កុមារ​ និង​យុជន​ច្រើន​ជាង​៧០% ​នៅតែមាន​ការបារម្ភ​ពីអនាគត​របស់ពួក​គេ ​ទោះបីជា​សាលារៀន​បាន​បើក​ទ្វារឡើងវិញ។​

សិទ្ធិកុមារ
សិទ្ធិកុមារ © UNICEF Cambodia/2016/Antoine Raab
ផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្តីថ្លែងការណ៍រួមសម្រាប់ទិវាកុមារអន្តរជាតិ១មិថុនា២០២២ អង្គការចំនួន៦ រួមមាន អង្គការ​Save the Children, Plan International, ChildFund Alliance និង អង្គការទស្សនពិភពលោក(World Vision) ជាដើម បានកត់សំគាល់ថា បើទោះបីជារដ្ឋាភិបាលមានការគ្រប់គ្រងបានល្អលើបញ្ហាកូវីដ១៩ក៏ដោយ ក៏ប៉ុន្តែ​លទ្ធផលនៃជំងឺឆ្លងមួយនេះ បានធ្វើឲ្យគ្រួសារជាច្រើនមានសម្ពាធខាងផ្លូវសេដ្ឋកិច្ច។ សម្ពាធសេដ្ឋកិច្ចដែលរាប់បញ្ចូលការចំណាយលើម្ហូបអាហារប្រចាំថ្ងៃ ការធ្វើដំណើរ​ ការបង់ថ្លៃសាលារបស់ក្មេងៗជាដើម។

ជាលទ្ធផលនៃការស្ទង់មតិទៅលើកុមារ និងយុវជនចំនួន៥៣នាក់មកពីតំបន់ផ្សេងគ្នា នៃខេត្តចំនួន១៣ គឺប្រហែល៨០%​ពួកគេបាននិយាយថា ពួកគេរង​សម្ពាធផ្លូវចិត្ត ​ដោយសារតែ​គ្រួសា​របស់ពួកគេ​ជាប់​បំណុល​ ខណៈកូវីដ១៩។ ក្នុងការស្ទង់មតិនេះក៏បង្ហាញដែរថា ៧០% នៃកុមារ និងយុវជន ដែល​បាន​ឆ្លើយតប​នឹងការសម្ភាស គឺពួកគេនៅតែមានការបារម្ភពីអនាគតរបស់ពួកគេ ទោះបីជាសាលារៀន​បាន​បើក​ទ្វារឡើងវិញ។

ជាមួយគ្នានេះ កុមារ និងយុវជនក៏បាននិយាយពីការព្រួយបារម្ភ នៃបញ្ហាសុខភាពផ្លូវចិត្ត ដូចជា អំពើហិង្សាផ្លូវអារម្មណ៍ តួយ៉ាង ត្រូវបានគេចំអក បៀតបៀន ឬស្រែកដាក់ មិន​ថា​នៅផ្ទះឬក្នុងសាលារៀន ហើយខ្លះទៀតរងនូវអំពើហិង្សាលើរាងកាយ។ ទាំងនេះជាលទ្ធផល នៃវិបត្តិសេដ្ឋកិច្ចគ្រួសារដោយសារកូវីដ១៩ ខណៈ២១% បាននិយាយថា ពួកគេមានរើសអើងដោយសារតែនិន្នាការភេទ។

​ដើម្បី​ឆ្លើយតប​នឹង​បញ្ហាដែល​បាន​រក​ឃើញនេះ ក្រុម​អង្គការ​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​កុមារ លើកឡើងថា រដ្ឋគួរផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារងាយ​រងគ្រោះ ​ដើម្បី​ជៀសវាងការបោះបង់ការសិក្សា។ ឆ្លើយតប​ជាបន្ទាន់នូវអំពើហិង្សារាប់ទាំងនៅក្នុងសាលារៀន។ ប្រើប្រាស់អ៊ីនធឺណែតដោយ​សុវត្ថិភាព​ដើម្បី​ឆ្លើយតប​នឹងការកេងប្រវ័ញ្ចផ្លូវភេទ និងផ្សព្វផ្សាយបន្ថែមពីសិទ្ធិកុមារនៅក្នុងសហគមន៍តាមរយៈ​យុទ្ធនាការជាមួយ​ឳពុកម្តាយ និងអ្នកថែទាំកុមារ ដើម្បីធានាថា កុមារគ្រប់រូបត្រូវបានការពារនូវសិទ្ធិរបស់ពួកគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ