អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ​គង់ ​រ៉ៃ​យ៉ា ​ត្រៀម​ប្តឹង​ជំទាស់​មក​គជប​ថ្នាក់​ជាតិ​ ក្រោយ​រង​ការ​ផាក​ពិន័យ​ប្រាក់​៥​លាន​រៀល​​ពី​គខប​ខេត្ត​កំពង់​ចាម

លោក គង់ រ៉ៃយ៉ា ប្រធាន​ក្រុម​ទ្រទ្រង់​ស្រុកកង់មាស ​និង​ជា​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ឃុំស្តៅ​បានអះអាង​មកវិទ្យុ​បារាំងអន្តរ​ជាតិ​នា​ព្រឹក​ថ្ងៃ​ទី​២៩ ​ឧសភា​នេះ​ថា លោក​នឹង​រៀប​ចំ​ពាក្យ​បណ្តឹង​ប្តឹង​ជំទាស់​ទៅ​កាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ បន្ទាប់​ពី​គណៈកម្មាធិការរៀបចំការបោះឆ្នោត​ខេត្ត​កំពង់ចាម​បាន​សម្រេច​ផាក​ពិន័យ​លោក​ចំនួន​៥​លាន​រៀល ​ពី​បទ​ចែក​ថវិកា​ និង​អំណោយ​ដល់​បេក្ខជន​ចំនួន​១១​ឃុំ​។ ​តាមរយៈ​សំណុំ​រឿង​នេះ ​លោក គង់ រ៉ៃយ៉ា​យល់​ថា ​ជា​រឿង​អយុត្តិធម៌​សម្រាប់​រូប​លោក​ និង​ចាត់ទុក​ថា ជា​ការ​បំផិត​បំភ័យ​មក​ដល់​គណបក្ស​ភ្លើង​ទៀន​ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា​។ ​

លោក គង់ រ៉ៃយ៉ា ប្រធានក្រុមទ្រទ្រង់ស្រុកកងមាស និងជាប្រធានគណបក្សភ្លើងទៀនឃុំស្តៅ
លោក គង់ រ៉ៃយ៉ា ប្រធានក្រុមទ្រទ្រង់ស្រុកកងមាស និងជាប្រធានគណបក្សភ្លើងទៀនឃុំស្តៅ © Internet
ផ្សាយពាណិជ្ជកម្ម

ថ្លែងមកវិទ្យុបារាំងអន្តរជាតិRFI លោក គង់​ រ៉ៃយ៉ា ក្នុងនាមជាប្រធានក្រុមទ្រទ្រង់ស្រុកកង់មាស និងជាប្រធានគណបក្សភ្លើងទៀនឃុំស្តៅបាននិយាយថា លោកមិនមានលទ្ធភាពឯណាទៅបង់ប្រាក់ផាកពិន័យចំនួន៥លានរៀល តាមការបង្គាប់របស់គខបខេត្តកំពង់ចាមនោះទេ។ ផ្ទុយទៅវិញ លោកនឹងពិភាក្សាជាមួយមេធាវី ដើម្បីរៀបចំនីតិវិធីប្តឹងជំទាស់ទៅកាន់គជបថ្នាក់ជាតិ ដើម្បីស្វែងរកយុត្តិធម៌មកឱ្យរូបលោកវិញ។

ការបញ្ជាក់ពីលោក គង់ រ៉ៃយ៉ាងបែបនេះ ក្រោយពីគខបខេត្តកំពង់ចាមសម្រេចផាកពិន័យរូបលោកចំនួន៥លានរៀលពីបទចែកថវិកានិងអំណោយដល់បេក្ខជន១១ឃុំស្រប​តាម​មាត្រា១៧១ និងមាត្រា ១៨១ ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់។ ការសម្រេចផាកពិន័យបែបនេះ បន្ទាប់ពីតំណាងគណបក្សប្រជាជនកម្ពុជា អ្នកស្រី ជឹន ដាវី ដាក់ពាក្យបណ្តឹងមកគខបខេត្តកំពង់ចាមឱ្យដកបេក្ខជនគណបក្សភ្លើងទៀនទាំង១១ឃុំចេញពីបញ្ជីបោះឆ្នោត។ ប៉ុន្តែត្រូវបានគខបខេត្តកំពង់ចាម បដិសេធការដកឈ្មោះចេញ ដោយតម្រូវបង់ប្រាក់ផាកពិន័យជំនួសវិញ។  

ចំណែក លោក គង់ រ៉ៃយ៉ា បានអះអាងថា សកម្មភាពចែកថវិកាដល់បេក្ខជន១១ឃុំកាលពីថ្ងៃ២១ ខែឧសភាកន្លងមក មិនមានជាការទិញទឹកចិត្តប្រជាពលរដ្ឋនោះទេ ប៉ុន្តែថវិកាម្នាក់១០០ដុល្លារនេះ គឺដើម្បីយកទៅផ្គត់ផ្គង់រាល់ការចំណាយសម្រាប់ដំណើរការឃោសនាបោះឆ្នោតរបស់បក្សប៉ុណ្ណោះ។

ប្រធានគណបក្សភ្លើងទៀនឃុំស្តៅរូបនេះចាត់ទុកថា ការប្តឹងពីសំណាក់តំណាងគណបក្សប្រជាជនកម្ពុជា អ្នកស្រី ជឹន ដាវី គឺមិនមានយោងទៅតាមទិដ្ឋភាពច្បាប់នោះទេ តែនេះជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយច្រើនជាង។ ខណៈលោក រ៉ៃយ៉ា បំភ្លឺថា ការចែកថវិកានាពេលកន្លងមក គឺចែកដល់បេក្ខជនឈរឈ្មោះទាំង១១ឃុំនៃស្រុកកង់មាស ដោយមិនមែនចែកឱ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោតឡើយ។

ជុំវិញការអះអាងថា ការដាក់ពាក្យបណ្តឹងពីតំណាងគណបក្សប្រជាជនមកគជបខេត្តកំពង់ចាម ស្ថិតក្រោមទិដ្ឋភាពនយោបាយច្រើនជាង លោករ៉ៃយ៉ាបញ្ជាក់ថា ភាគីបក្សកាន់អំណាចមិន​ចង់ឱ្យគណបក្សភ្លើងទៀនអាចឃោសនារកសម្លេងឆ្នោតបាន។ ហើយទង្វើនេះ លោកចាត់ទុកថា ជាការធ្វើទុកបុកម្នេញ និងបំភិតបំភ័យដល់បេក្ខជនក្នុងស្រុកកង់មាស។

ចំណែក លោកស្រី យឹម សុធានី ប្រធាន​ក្រុមប្រឹក្សា​ប្រជុំ​ផ្សះផ្សារ​នៃ​គណៈកម្ម​ការជាតិ​រៀបចំការ​បោះឆ្នោត​ខេត្តកំពង់ចាម​បាន​ឱ្យដឹងថា គខបបានបើកផ្លូវឱ្យលោក គង់ រ៉ៃយ៉ាង ដើម្បីប្តឹងជំទាស់ទៅកាន់គណៈកម្មជាតិរៀបចំការបោះឆ្នោតតាមកំណត់នៃច្បាប់។ ហើយចំណែករឿងចែកអំណោយនេះវិញ លោកស្រី សុធានីថា ប្រសិនបើគណបក្សណាមួយមិនពេញចិត្ត អាចដាក់ពាក្យបណ្តឹងមក នោះគខបខេត្តនឹងធ្វើការដោះស្រាយជូន ដោយមិនលំអៀងទៅភាគីខាងណានោះទេ។

បើតាម លោកស្រី សុធានី គខបខេត្តកំពង់ចាមមិនកត់សម្គាល់ឃើញមានបាតុភាពមិនប្រក្រតី និងអំពើហឹង្សាណាមួយធ្ងន់ធរដែលបានកើតមានឡើងក្នុងខេត្តកំពង់ចាមនោះទេ ដោយលើកលែងតែករណីលោក គង់ រ៉ៃយ៉ាមួយនេះប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ