អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

ក្រុមអ្នករិះគន់នៅក្រៅប្រទេស ថាការបោះឆ្នោតឃុំ-សង្កាត់ ជាឧក្រិដ្ឋកម្មប្រជាធិបតេយ្យ តែបក្សកាន់អំណាច និងគ.ជ.ប ថា ជាការចោទដោយពាក់វ៉ែនតាខ្មៅ

ក្រុមអ្នករិះគន់នៅក្រៅប្រទេស ទាក់ទងទៅនឹងបញ្ហាលទ្ធិប្រជាធិបតេយ្យកម្ពុជា បានចេញនូវសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកថា ការបោះឆ្នោតឃុំ-សង្កាត់ នាថ្ងៃទី០៥មិថុនាខាងមុខនេះ គឺជាឧក្រិដ្ឋកម្មប្រជាធិបតេយ្យនៅក​ម្ពុជា។ តាមសម្អាង ការបោះឆ្នោតឃុំ-សង្កាត់ នាពេលខាងមុខនេះ គ្រាន់តែជាការបង្កើតរូបភាពបោកបញ្ឆោតម្ចាស់ឆ្នោត ហើយចូលរួមកំដរបក្សប្រជាជនកម្ពុជា។ ក៏ប៉ុន្តែបក្សកាន់អំណាច និងគ.ជ.ប បានចេញមកច្រានចោលការចោទប្រកាន់នេះ និងចាត់ទុកថាជាការចោទប្រកាន់ដោយពាក់វ៉ែនតាខ្មៅ។ 

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចាប់ដៃជាមួយលោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា នាអំឡុងពេលចូលរួមពិធីខួបលើកទី៦៨នៃការកំណើតគណបក្សប្រជាជនកម្ពុជា
លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចាប់ដៃជាមួយលោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា នាអំឡុងពេលចូលរួមពិធីខួបលើកទី៦៨នៃការកំណើតគណបក្សប្រជាជនកម្ពុជា © AP
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍ ពីសហរដ្ឋអាមេរិក នាថ្ងៃទី២២ឧសភា វេទិកាពលរដ្ឋបានសម្តែងក្តីសោកស្តាយ ចំពោះគណបក្សនយោបាយមួយចំនួន ដែលចូលរួមការបោះឆ្នោតឃុំ-សង្កាត់ នាពេលខាងមុខនេះ មិនបានបង្ហាញសេចក្តីកា្លហានតវ៉ា ទាមទារការកែទម្រង់ដំណើរការបោះឆ្នោត ឲ្យប្រព្រឹត្តទៅតាមលទ្ធិប្រជាធិបតេយ្យ។

ជាប្រធានវេទិកាពលរដ្ឋ​ លោក គឹម សុខ អះអាងក្នុងសេចក្តីថ្លែងការណ៍ថា ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥នេះ គឺជាព្រឹត្តិការណ៍ដែលគណបក្សប្រជាជនកម្ពុជា ចាត់ចែងដើម្បីប្លន់យកអំណាចនៅមូលដ្ឋាន ដោយទាញឲ្យគណបក្សផ្សេងទៀត ឲ្យចូលរួមកំដរ និងបង្កើតបានរូបភាពគគ្រឹកគគ្រេង ដែលជាសកម្មភាពបោកបញ្ឆោត សកម្មជន អ្នកគាំទ្រ និងប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ បើតាមសេចក្តីថ្លែងការណ៍ គឺគណបក្សប្រជាជនកម្ពុជា និង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាចបែងចែកអាសនៈខ្លះ ឲ្យគណបក្សដែលចូលរួមប្រកួតប្រជែង ដើម្បីបំភ្លៃទៅកាន់ភ្នែកប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិ ថាមានរូបភាពសំឡេងចម្រុះ និងសេរីភាពប្រជាធិបតេយ្យ។

សម្រាប់ក្រុមអ្នករិះគន់ពីក្រៅប្រទេស ការបោះឆ្នោតខាងមុខនេះ មិនមែនត្រឺមតែជាការលួចក្លែងបន្លំសន្លឹកឆ្នោតនោះទេ តែពួកគេចាត់ទុកថា ជាការបោះឆ្នោតដ៏អាក្រក់បំផុត និងជាឧក្រិដ្ឋកម្មប្លន់លទ្ធផលនៃការបោះឆ្នោតតែម្តង។ នេះហេតុថា សហគមន៍អន្តរជាតិ និងអង្គការជំនាញបោះឆ្នោត មិនបានដាក់អ្នកសង្កេតការណ៍ ដើម្បីធ្វើរបាយការណ៍វាយតម្លៃ។ ក្រុមអ្នករិះគន់ យល់ថា ទោះបីពលរដ្ឋបានបោះឆ្នោតគាំទ្រគណបក្សជំទាស់ក៏ដោយ ក៏លទ្ធផលចុងក្រោយនោះ គឺគ្មានអ្វីប្រែប្រួលជាដាច់ខាត ដ្បិតគណបក្សប្រជាជនកម្ពុជា និងគ.ជ.ប បានរៀបចំទុក តាំងពីមុនការបោះឆ្នោត។

ក៏ប៉ុន្តែ ទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានច្រានចោលចំពោះការចោទប្រកាន់នេះ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា ការវាយតម្លៃសភាពនយោបាយឆ្ពោះទៅរកការបោះឆ្នោតពេលខាងមុខនេះ មិនមែនអាស្រ័យលើក្រុមអ្នករិះគន់នៅក្រៅប្រទេសនោះទេ។ តែគឺអាស្រ័យលើប្រជាពលរដ្ឋនៅក្នុងប្រទេស ដែលសិទ្ធិវាយតម្លៃការបោះឆ្នោត។

បើតាមលោក សុខ ឥសាន ការវាយតម្លៃជាបឋមតាមរយៈយុទ្ធនាការឃោសនារកសំឡេង គឺមានការសាទរពីប្រជាពលរដ្ឋ ដោយរលូន និងមិនមានបាតុភាពណាមួយកើតឡើង។ លោកថា ការលើកឡើងនូវក្នុងសេចក្តីថ្លែងការណ៍នោះ គឺជាការមើលងាយដល់ឆន្ទៈគណបក្សនយោបាយទាំង១៦ផ្សេងទៀត ដែលចូលរួមប្រកួតប្រជែងក្នុងដំណើរការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥នេះ។

ដោយឡែក លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថា រាល់ការអនុវត្តរបស់ គ.ជ.ប ក្នុងដំណើរប្រព្រឹត្តទៅនៃការបោះឆ្នោត គឺស្របទៅតាមច្បាប់និងតួនាទី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ លោក សោម សូរីដា ថាអ្វីដែលក្រុមអ្នករិះគន់លើកឡើងនោះ គឺជាការរិះគន់ដោយពាក់វ៉ែនតាខ្មៅ មិនពាក់វ៉ែនតាស ពិនិត្យមើលតថភាពជាក់ស្តែង។

ហើយសម្រាប់ការបោះឆ្នោត ដែលក្រុមអ្នករិះគន់ ចាត់ទុកថាជាការបោះឆ្នោតដ៏អាក្រក់បំផុត ព្រោះមិនមែនវត្តមាន សហគមន៍អន្តរជាតិ និងអង្គការជំនាញបោះឆ្នោតនោះ គឺជាសិទ្ធិរបស់សា្ថប័នរៀងៗខ្លួន ប៉ុន្តែអ្វីដែល គ.ជ.ប ធ្វើ គឺលើកចិត្តឲ្យមានការចូលរួមទូលំទូលាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ