អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

ឃោសនាបោះឆ្នោត៖ គណបក្សប្រជាជនបើកយុទ្ធនាការតាមមូលដ្ឋាន តែគណបក្សភ្លើងទៀនគ្រោងហែរក្បួនធំ

គណបក្សនយោបាយចំនួន១៧ បានត្រៀមរួចរាល់អស់ហើយដើម្បីបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតថ្ងៃដំបូងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែឧសភាខាងមុខ។ គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចមិនបើកយុទ្ធនាការទ្រង់ទ្រាយធំទេ នៅថ្ងៃដំបូង ខណៈគណបក្សប្រឆាំងដែលគេមើលថាជាគូប្រជែងមួយរបស់គណបក្សកាន់អំណាច គឺគណបក្សភ្លើងទៀនត្រៀមជួបជុំគ្នាហែក្បួនធំនៅភ្នំពេញ។ ក្រៅពីនេះគណបក្សផ្សេងទៀត ក៏គ្រោងហែរក្បួនតូចៗតាមមូលដ្ឋានដែលពួកគេដាក់បេក្ខជនផងដែរ។ 

ឃោសនាបោះឆ្នោត (រូបតំណាង)
ឃោសនាបោះឆ្នោត (រូបតំណាង) © FB
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សួស យ៉ារ៉ា បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា ការហែរក្បួនឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងឈានមកដល់នៅថ្ងៃសៅរ៍ខាងមុខ គណបក្សបានប្រគល់ទៅឲ្យមូលដ្ឋានចាត់ចែងរៀងៗខ្លួន គឺមិនមានការហែរក្បួនធំរួមគ្នាទេ។

លោក សួស យ៉ារ៉ា បញ្ជាក់ថាគណបក្សប្រជាជនក៏អាចហែរក្បួនធំបានដែរ ក៏ប៉ុន្តែនៅក្នុងបរិបទកូវីដ វាមិនមែនជាការល្អទេក្នុងការជួបជុំគ្នាច្រើន។ ម្យ៉ាងទៀតគណបក្សចង់បង្ហាញពីភាពម្ចាស់ការរបស់បេក្ខជននៅតាមមូលដ្ឋាន និងភាពស្និទ្ធស្នាលរវាងបេក្ខជន និងម្ចាស់ឆ្នោតផងដែរ។

ផ្ទុយពីគណបក្សកាន់អំណាច អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា បានថ្លែងថាគណបក្សរបស់លោកគ្រោងធ្វើយុទ្ធនាការថ្ងៃដំបូងតាមរយៈការហែរក្បួនធំនៅរាជធានីភ្នំពេញ។ ដោយឡែកការហែរក្បួននេះក៏នឹងត្រូវធ្វើឡើងផងដែរនៅតាមបណ្តាខេត្ត ក៏ប៉ុន្តែមិនធំដុំដូចនៅភ្នំពេញទេ។ ជាមួយគ្នានេះ លោក ថាច់ សេដ្ឋា បញ្ជាក់ថាគណបក្សភ្លើងទៀន បានណែនាំរួចហើយដល់សមាជិករបស់ខ្លួន កុំឲ្យធ្វើសកម្មភាពប្រាសចាកពីច្បាប់បោះឆ្នោត ចៀសវាងអំពើហិង្សា និងការវាយប្រហារលើបុគ្គល។

ជាមួយគ្នានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានគ្រោងហែរក្បួនធំដែរនៅតាមទីតាំងចំនួនពីរ គឺនៅសង្កាត់កោះដាច់រាជធានីភ្នំពេញ និងនៅឃុំជើងព្រៃខេត្តកំពង់ចាម។ លោកបណ្ឌិត យង់ សាំងកុមារ អនុប្រធានគណបក្សប្រជាធិបតេយ្យមួលដ្ឋានបញ្ជាក់ថាក្រុមការងាររបស់លោក នឹងចុះទៅពន្យល់ប្រជាពលរដ្ឋនៅតាមផ្ទះ និងជូនសារនយោបាយរបស់គណបក្ស ព្រមទាំងលើកឡើងពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសរើសមេឃុំ ចៅសង្កាត់ផងដែរ។

ដោយឡែកគណបក្សនយោបាយមួយចំនួនទៀតសុទ្ធតែបានត្រៀមខ្លួនរៀងៗខ្លួន ចេញឃោសនារកសម្លេងគាំទ្រថ្ងៃដំបូង និងថ្ងៃបន្តបន្ទាប់ទៅតាមយុទ្ធសាស្ត្រ និងធនធានដែលគណបក្សនីមួយៗមាន។

សូមបញ្ជាក់ថាយុទ្ធនាការឃោសនារកសម្លេងឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ នឹងត្រូវធ្វើឡើងរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ដោយមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៧គណបក្ស រួមមាន១៦៥២ឃុំ សង្កាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ