អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន៖ កម្ពុជានឹងជួបវិបត្តិខ្វះស្បៀង និងថាមពលនៅឆ្នាំក្រោយ

ប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា នៅឆ្នាំក្រោយនេះ កម្ពុជាអាចប្រឈមនឹង វិបត្តិកង្វះស្បៀងអាហារ និងថាមពល ដោយសារតែការអូសបន្លាយនៃសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងកង្វះផលិតកម្មប្រេងនៅលើពិភពលោក។ ខណៈអតិផរណាក្នុងប្រទេសកម្ពុជាអាចនឹងហក់ឡើងដល់កម្រិត៤%ក្នុងឆ្នាំ២០២២នេះ។ តែយ៉ាងណសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បច្ចុប្បន្នកម្ពុជាមានស្រូវអង្ករស្តុកក្នុងឃ្លាំងសរុបចំនួនជាង១០លានតោន ដែលអាចធានាបាននូវផលប៉ះពាល់មួយកម្រិតពីវិបត្តិសាកលនានា។

ស្បៀង អាហារ (រូបតំណាង)
ស្បៀង អាហារ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងវេទិកាជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញក្តីព្រួយបារម្ភជុំវិញទៅនឹងវិបត្តិកង្វះស្បៀងអាហារ និងថាមពលដែលកម្ពុជាអាចនឹងជួបប្រទះនាឆ្នាំ២០២៣ខាងមុខនេះនិយាយដោយឡែក និងនៅលើពិភពលោកនិយាយដោយរួម។ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន បានធ្វើឱ្យទីផ្សារពាណិជ្ជកម្មនៅលើពិភពលោករងការរង្គោះរង្គើ ជាពិសេសបញ្ហាកង្វះស្បៀងអាហារ និងផលិតកម្មប្រេងនៅលើពិភពលោក។  

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តថា តម្លៃប្រេងសាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោកកំពុងហក់ឡើងតម្លៃខ្លាំង ដែលនេះក៏បង្កមកពីការផ្អាកផលិតកម្មប្រេងនៅតាមបណ្តាប្រទេសមួយចំនួន ជាពិសេសប្រទេសរុស្ស៊ីផ្ទាល់។ ចំណែកកង្វះស្បៀងអាហារវិញ ប្រទេសអ៊ុយក្រែនដែលកំពុងជួបវិបត្តិសង្គ្រាម គឺជាប្រទេសដែលផលិតស្រូវសាលីដ៏ធំជាងគេមួយនៅលើពិភពលោក ខណៈតម្លៃទំនិញ និងការដឹកជញ្ចូនក៏ស្ទុះឡើងថ្លៃមួយកម្រិតផង។  

ម្ល៉ោះហើយ វិបត្តិកង្វះស្បៀងអាហារ និងវិបត្តិថាមពលដែលបានកើតឡើងរួចហើយ អាចដើរទន្ទឹមគ្នានាឆ្នាំក្រោយ និងបង្កការរំខានដល់ការរស់នៅរបស់ប្រជាជនកម្ពុជា និងនៅលើពិភពលោក។ ​

តែយ៉ាងណា ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះអះអាងទៀតថា ប្រទេសកម្ពុជា ជាប្រទេសអធិរាជនៃស្រូវអង្ករ។ អធិរាជនៃស្រូវអង្ករក៏ព្រោះថា កម្ពុជាមានស្រូវក្នុងស្តុកសរុបចំនួនជាង៦លានតោន និងអង្ករក្នុងស្តុកសរុបមានចំនួនជាង៤លានតោន។ ដូច្នេះកម្ពុជាអាចទប់ទល់ស្ថានការណ៍ដែលអាចនឹងកើតមានឡើងនៅឆ្នាំក្រោយនេះបាន។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជាក៏នៅមិនទាន់អាចសម្រេចផែនការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិឱ្យបាន១លានតោនក្នុងមួយឆ្នាំបានផងដែរ ដោយសារតែកម្ពុជានៅខ្វះសមត្ថភាពកែឆ្នៃ និងកន្លែងសម្ងួតស្រូវ។

ជុំវិញក្តីព្រួយបារម្ភអំពីវិបត្តិខ្វះស្បៀង និងថាមពលនាឆ្នាំក្រោយនេះ ធនាគារជាតិនៃកម្ពុជាបានដាក់ការព្យាករថា អតិផរណាក្នុងប្រទេសកម្ពុជានាឆ្នាំ២០២២នេះ នឹងកើនឡើងដល់៤%។ ៤% ភាគរយដែលធ្វើឱ្យការចំណាយរបស់ពលរដ្ឋត្រូវកើនទ្វេរដង។

មែនទែនទៅ អតិផរណាក្នុងប្រទេសកម្ពុជា បើទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ក៏ដោយ ក៏ធនាគារជាតិនៃកម្ពុជាបានរក្សាស្ថេរភាពតម្លៃ និងអត្រាប្តូរប្រាក់បានល្អប្រសើរ ដោយកម្រិតអតិផរណាកាលពីឆ្នាំ២០២១កន្លងទៅមានចំនួនត្រឹមតែជាង៣%ប៉ុណ្ណោះ។

បើតាម ធនាគារជាតិ ក្តីរំពឹងថាអតិផរណានឹងកើនដល់៤% ក្នុងឆ្នាំនេះ គឺដោយសម្អាងថា ការកើនឡើងនៃថ្លៃម្ហូបអាហារ កំណើនតម្លៃប្រេងឥន្ធនៈ និងថ្លៃដឹកជញ្ជូន ស្របពេលដែលមានការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការកើនឡើងនៃតម្រូវការក្នុងស្រុក៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ