អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

អង្គការសង្គមស៊ីវិលចូលរួមសង្កេតការណ៍តែមិនធ្វើការវាយតម្លៃលទ្ធផលឆ្នោតទេ សំអាងលើលក្ខខណ្ឌអប្បបរមា

ក្រុមអង្គការសង្គមស៊ីវិល ដែលបានសហការគ្នាដាក់ពង្រាយអ្នកសង្កេតការណ៍មើលស្ថានភាពបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ខាងមុខ បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា ការសង្កេតការណ៍របស់ពួកគេ គឺមិនធ្វើការវាយតម្លៃលើលទ្ធផលនៃដំណើរការនៃការបោះឆ្នោតនោះទេ។ ក្រុមអង្គការសង្គមស៊ីវិលយល់ថា ការដែលពួកគេសម្រេចចិត្តដូច្នេះ គឺដោយឈរលើកំរិតរីកចម្រើននៃលក្ខខណ្ឌអប្បរមាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយសេរី និងយុត្តិធម៌ក្នុងឆ្នាំ២០២២នេះ។

ប្រជាពលរដ្ឋទៅបោះឆ្នោត (រូបតំណាង)
ប្រជាពលរដ្ឋទៅបោះឆ្នោត (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

លក្ខខណ្ឌអប្បរមាចំនួន៦ចំណុច ដែលប្រកាសដោយអង្គការសង្គមស៊ីវិលប្រមាណជិត២០អង្គការនោះ រួមមាន បរិយាកាសនយោបាយ សិទ្ធិនយោបាយ និងសិទ្ធិឈរឈ្មោះបោះឆ្នោត ឆន្ទៈអ្នកបោះឆ្នោត និងសិទ្ធិបោះឆ្នោត សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឯករាជ្យ និងអព្យាក្រឹតរបស់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងតុលាការ និងចុងក្រោយ តួនាទីរបស់អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។

សេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ក្រុមអង្គការសង្គមស៊ីវិលបានមើលឃើញថា លក្ខខណ្ឌពីរក្នុងចំណោមលក្ខខណ្ឌទាំង៦ខាងលើ គឺសិទ្ធិនយោបាយ និងសិទ្ធិឈរឈ្មោះបោះឆ្នោត និងមួយទៀតតួនាទីរបស់អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយត្រូវបានបំពេញខ្លះៗ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប មិនទាន់មានការធ្វើអត្ថាធិប្បាយយ៉ាងណានៅឡើយទេ ចំពោះជំហររបស់សង្គមស៊ីវិលដូច្នេះ ក៏ប៉ុន្តែកាលពីពាក់កណ្តាលខែកក្កដា ឆ្នាំកន្លងទៅ ប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ បានថ្លែងថាការបោះឆ្នោតពេលណាក៏ គ.ជ.ប ត្រូវធ្វើឲ្យមានយុត្តិធម៌ ក៏ដូចជាទៅតាមច្បាប់ និងបទបញ្ជាផ្ទៃក្នុង និងនីតិវិធីបទបញ្ជាដែលបានចែងដែរ។ គ.ជ.ប ឲ្យដឹងទៀតថា អ្វីដែលស្ថាប័ននេះបាន និងកំពុងអនុវត្តកន្លងមក គឺដើម្បីធានាឲ្យកិច្ចការរបស់ គ.ជ.ប ដំណើរការទៅដោយល្អប្រសើរក្នុងកម្រិតអតិប្បរមា។

សូមរំលឹកថា លក្ខខណ្ឌអប្បបរមាចំនួន៦ចំណុចនេះ ត្រូវបានដាក់ចេញម្តងហើយ ដោយអង្គការ​សង្គម​ស៊ីវិល សមាគម ​និង​សហ​គមន៍​ដី​ធ្លី សរុប​ជាង​៦០​ កាលពីខែកក្កដា ឆ្នាំទៅតាមរយៈនៃសន្និសីទសារព័ត៌មានមួយ ដើម្បី​ធានាភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​ឃុំ​ សង្កាត់ ឆ្នាំ២០២២នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ