អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ជិន ម៉ាលីន៖ បើរដ្ឋបរទេសមិនសុខចិត្ត អាចតវ៉ានឹងលោក កឹម សុខា ករណីភ្ជាប់ឈ្មោះប្រទេសទាំងនោះ

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ បាន​ចេញ​បក​ស្រាយ​ជាថ្មី​ទៀត​ លើសំ​ណុំរឿង​លោក កឹម សុខា ​ដែលជាប់​ចោទពីបទ​ឃុបឃិត​ជាមួយ​រដ្ឋបរទេស​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។​ ការ​បកស្រាយ​នេះ​ គឺដោយ​សារតែ​នៅពេល​ថ្មីៗនេះ​ សហមេធាវី​ការពារក្តី​បានទទួច​ឲ្យ​តុលាការ​កោះ​ហៅ​តំណាងប្រទេស​ទាំងនោះ​ចូល​សវនាការ។​ បើតាម លោក ជិន ម៉ាលីន ​ការធ្វើដូច្នេះ ​គឺជាល្បិច​របស់​ភាគីជនជាប់​ចោទ​ ដើម្បី​រុញឱ្យរដ្ឋបរទេស ​ចូល​ក្នុងសំណុំរឿង​ជាមួយ​គាត់ ​ហើយ​ប្រើប្រាស់​បរទេស​ឱ្យជួយគាត់​ឱ្យរួចចេញ​ពីសំណុំ​រឿង​ព្រហ្មទណ្ឌនេះ​ តាមរយៈ​ការដាក់​សម្ពាធ​លើកម្ពុជា។​

លោក កឹម សុខា ប្រមុខអតីតបក្សប្រឆាំងបានជួបជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា
លោក កឹម សុខា ប្រមុខអតីតបក្សប្រឆាំងបានជួបជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

«បើរដ្ឋបរទេសណាមិនសុខចិត្តនឹងការលើកឡើង​របស់លោក កឹម សុខា ដែលភ្ជាប់ឈ្មោះប្រទេសរបស់ខ្លួនទៅក្នុងសំណុំរឿងនេះ គឺត្រូវធ្វើការតវ៉ាជាមួយលោក កឹម សុខា ផ្ទាល់ ចំពោះអ្វីដែលអ្នកនយោបាយរូបនេះបាននិយាយនៅក្នុងវីដេឃ្លីប ដោយភ្ជាប់ឈ្មោះប្រទេសរបស់ខ្លួនទៅក្នុងផែនការឃុបឃិតគ្នារៀប​ចំ​ធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយយកគំរូតាមយូហ្គូស្លាវី-ស៊ែរប៊ី»។ នេះជាលើក​ឡើង​របស់​លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បន្ទាប់ពីមានការ​បកស្រាយ​ជាថ្មីទៀត​ពាក់​ព័ន្ធ​នឹងសំណុំរឿងលោក កឹម សុខា ខណៈលោក ហ៊ុន សែន បានប្រាប់ពលរដ្ឋនៅអាមេរិកថា​រដ្ឋាភិបាល​​របស់លោកមិនបានចោទសហរដ្ឋអាមេរិកឃុបឃិតជាមួយលោក កឹម សុខា ទេ គឺលោក កឹម សុខា និយាយដោយខ្លួនឯង។

សម្រាប់ លោក ជិន ម៉ាលីន ក្រុមមេធាវីរបស់ជនជាប់ចោទ និងជនជាប់ចោទទៅវិញទេ ដែលតែងតែបាន​ស្នើឲ្យតុលាការកោះហៅទូតបរទេសចូលសវនាការ ហើយខាងមេធាវីរដ្ឋាភិបាល និងសាធារណជនបានដឹងច្បាស់ថា ការធ្វើដូច្នេះ គឺជាល្បិចរបស់ភាគីជនជាប់ចោទ ដើម្បីរុញឱ្យរដ្ឋបរទេស ចូលក្នុងសំណុំរឿងជាមួយគាត់ ហើយប្រើប្រាស់បរទេសឱ្យជួយគាត់ឱ្យរួចចេញពីសំណុំរឿងព្រហ្មទណ្ឌនេះតាមរយៈការដាក់សម្ពាធលើកម្ពុជា។

បើតាមអ្នកនាំពាក្យរូបនេះ ការប្រើយុទ្ធសាស្ត្របែបនេះគឺមិនទទួលបានជោគជ័យឡើយ ដោយសារកត្តាសំខាន់ៗយ៉ាងតិចចំនួនពីរគឺទី១ កម្ពុជាជារដ្ឋអធិបតេយ្យ និងមានច្បាប់របស់ខ្លួន ដែលត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ ដោយអំណាចតុលាការ និងទី២ យោងតាមអនុសញ្ញាទីក្រុងវីយ៉ែនស្តីពីទំនាក់ទំនងការទូតរវាងរដ្ឋ និង រដ្ឋ ទូតបរទេសតែងមានអភ័យឯកសិទ្ធិ ហើយមិនចំណុះទៅនឹងអំណាចតុលាការនៃរដ្ឋម្ចាស់ផ្ទះទេ ហើយតុលាការនៃរដ្ឋម្ចាស់ផ្ទះ ក៏ពុំមានសិទ្ធិអំណាចអ្វីដើម្បីចាត់នីតិវិធីទៅលើទូតបរទេសនោះដែរ។

បើផ្អែកតាមការវិភាគផ្លូវច្បាប់ លោក ជិន ម៉ាលីន លើកឡើងថា សំណុំរឿង​ លោក កឹម សុខា អាចដោះបន្ទុកបានលុះត្រាតែមេធាវីរក​ភស្តុតាង​មកបញ្ជាក់ថា វីដេអូដែលលោក កឹម សុខា បាននិយាយគឺជាវីដេអូមិនពិត ឬសំដីដែលបាននិយាយនៅក្នុងវីដេអូនោះ មិនមែនជាសំដីរបស់លោក កឹម សុខា ទើបអាចរកវិធីដោះបន្ទុកក្នុងរឿងនេះ។ ប៉ុន្តែ លោក ជិន ម៉ាលីន អះអាងថា វីដេអូទាំងពីរនោះ គឺដូចគ្នា ដែល លោក កឹម សុខា ពិតជាបាននិយាយហើយត្រូវបានតុលាការប្រើប្រាស់ជាមូលដ្ឋាននៃការចោទប្រកាន់នៅក្នុងសំណុំរឿងនេះ ដោយគួបផ្សំនឹងភស្តុតាងស៊ីសង្វាក់គ្នាជាច្រើនទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ