អានតួអត្ថបទ
នយោបាយ

លោក កឹម សុខា ទៅចូលរួមគោរពវិញ្ញាណក្ខន្ធបងប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

លោក​ កឹម សុខា ប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នាព្រឹកថ្ងៃអាទិត្យនេះ​ បានដឹកនាំក្រុមសហការីរបស់​ខ្លួនទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធលោក ហ៊ុន ណេង ដែល​ត្រូវ​ជា​បងប្រុស​បង្កើត​របស់​លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ នេះ​គឺជា​លើក​ទី២នៃ​ជំនួប​រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជាជាមួយ​លោក កឹម សុខា ក្រោយ​ពី​​មេដឹកនាំ​អតីតគណបក្សប្រឆាំង ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​បរទេស។

លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្រ្គោះជាតិនិ​ងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្រ្គោះជាតិនិ​ងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © សហការី
ផ្សាយពាណិជ្ជកម្ម

ក្នុងអំឡុងពេលចូលរួមគោរពវិញ្ញាណក្ខន្ធលោក ហ៊ុន ណេង លោក កឹម សុខា ក៏បានជួបជជែកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែមិនទាន់មានការអះអាងថាអ្នកនយោបាយជើងចាស់ទាំងពីររូបនេះ បានជជែកពីអ្វីខ្លះនោះទេ។ តែយ៉ាងណាក្រុមអ្នកវិភាគមួយចំនួនបានសន្និដ្ឋានទុកជាមុនថា អ្នកនយោបាយទាំងពីរ អាចជជែកគ្នាពីស្ថានភាពនយោបាយនៅកម្ពុជា។

ក្រោយពេលទទួលព័ត៌មានពីការស្លាប់របស់លោក ហ៊ុន ណេង លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានសម្តែងនូវមរភាពទុក្ខជាមួយលោក ហ៊ុន សែន តាម​រយៈ​ខ្លឹមសាររបស់ខ្លួនដោយលើកឡើងថាលោកនិងភរិយា មានសេចក្តីសោកស្តាយក្រៃលែង​ ដោយបានទទួលដំ​ណឹងថា លោក ហ៊ុន ណេង ជាបងប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលមរណភាពដោយជំងឺគាំងបេះដូង នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។

លោក កឹម សុខា បន្តថាក្នុងឱកាសដ៏ក្រៀមក្រមបំផុតនេះ លោក និងភរិយា សូមចូលរួមរំលែកមរណទុក្ខដ៏ធំធេងជាមួយលោក ហ៊ុន សែន និងក្រុមគ្រួសារ ព្រមទាំងឧទ្ទិសបួង​សួង​សូមឲ្យដួងវិញ្ញាណក្ខន្ធ លោក ហ៊ុន ណេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ភ្លាមៗនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានតបទៅកាន់លោក កឹម សុខា ដែលលោក កឹម សុខា និងភរិយា បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់បងប្រុសបង្កើតរបស់លោក គឺលោក ហ៊ុន ណេង។ លោកហ៊ុន សែន បន្តថា សូមលោក កឹម សុខា និងភរិយា ទទួលនូវការស្រឡាញ់រាប់អានពីលោក និងក្រុមគ្រួសារ។

សូមរំលឹកថា លោក កឹម សុខា បច្ចុប្បន្នកំពុងរងនូវការចោទប្រកាន់ពីបទសន្និដ្ឋិភាពជាមួយបរទេស ធ្លាប់ បានចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធដោយផ្ទាល់មហាឧបាសិកា ប៊ុន ស៊ាងលី ដែលជាម្តាយក្មេកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែឧសភា ឆ្នាំ ២០២០កន្លងទៅ។

គួរបញ្ជាក់ថាលោក ហ៊ុន ណេង ជាសមាជិកអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មការទី៤ រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានទទួលមរណភាពដោយជំងឺបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។ សពលោក ហ៊ុន ណេង ត្រូវបានតម្កល់នៅគេហដ្ឋានលោកនាខេត្តកំពង់ចាម នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាមនៅថ្ងៃទី០៩ ខែឧសភាស្អែកនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ